ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ឱ្យ​បណ្តេញចេញ​នូវ​ជនបរទេស​ណា​ដែល​មិន​អនុវត្តតាម​វិធាន​សុខាភិបាល​ចំពោះ​ការធ្វើ​ចត្តាឡីស័ក បុគ្គល​គេចវេះ​មិន​ព្រម​ចូល​ព្យាបាល​ ឬ​មិន​សហការ​ផ្តល់​ការសម្ភាស និង​ចំពោះ​ទីតាំង​ដែល​មិន​សហការ​ផ្តល់​ព័ត៌មាន​ការស្រាវជ្រាវ និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ បន្ថែម​លើ​អនុក្រឹត្យ​លេខ​ ២៧ ដែល​រាជរដ្ឋាភិបាល​បានអនុម័ត​ឱ្យប្រើ​កាលពី​ថ្ងៃ​ទី​ ១៨ ខែកុម្ភៈ ថ្មីៗ​នេះ​។

ការយល់​ព្រមឱ្យ​មាន​ការបណ្តេញ​ជនបរទេស​ចេញពី​កម្ពុជា និង​ហាម​ចូល​ប្រទេស​សាជាថ្មី​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​ ឌី វិជ្ជា អនុគណៈកម្មការ​ស្រាវជ្រាវ​ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូវីដ​ ១៩ បាន​ស្នើ​ឡើង​​ដើម្បី​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ដែល​មិន​អនុវត្តតាម​វិធាន​សុខាភិបាល​។

លោក ឌី វិជ្ជា បាន​លើកឡើង​ក្នុង​លិខិត​នោះ​ថា កន្លងមក​ក្នុង​ព្រឹត្តិការណ៍​ ៣ ​វិច្ឆិកា ២៨ ​វិច្ឆិកា និង​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ អនុគណៈកម្មការ​ស្រាវជ្រាវ​ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូវីដ​ ១៩ តែងតែ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​ប្រតិបត្តិការ​របស់ខ្លួន​។ ក្នុងនោះ​មាន​បញ្ហា​បុគ្គល​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​ ១៩ មិន​ព្រម​សហការ​ចំពោះ​កិច្ចប្រតិបត្តិការ​របស់​ក្រុម​ស្រាវជ្រាវ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​បញ្ហាលំបាក​ដែល​ក្រុមការងារ​ស្រាវជ្រាវ​ប្រឈម​រួមមាន បញ្ហា​បុគ្គល​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ ​១៩ ​មិន​ព្រម​សហការ​ផ្តល់​ការសម្ភាស ផ្តាច់ទំនាក់ទំនង និង​ករណី​រត់គេច​មិន​ព្រមធ្វើ​ចត្តាឡីស័ក ព្រម​ទាំង​ទីតាំង​មិន​សហការ​ចំពោះ​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​ផ្ទុក​ជំងឺ​កូវីដ​ ១៩ ដែល​ធ្វើឱ្យ​ប្រតិបត្តិការ​មាន​ភាពយឺតយ៉ាវ និង​ខ្វះចន្លោះ​»​។

ដោយសារ​ក្រុមការងារ​ស្រាវជ្រាវ​ជួប​ការលំបាក​បែបនេះ​ទើបបាន​លោក ឌី វិជ្ជា ស្នើសុំ​គោលការណ៍​ពី​លោក​ ហ៊ុន សែន អនុវត្ត​នូវ​វិធានការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល​ និង​ទីតាំង​ដែល​មិន​សហការ​នូវ​វិធានការ​មួយចំនួន​គឺ​ចំពោះ​ជនបរទេស​ត្រូវ​ធ្វើការ​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា និង​ហាម​ចូល​ប្រទេស​សាជាថ្មី​។

លោក​បាន​បន្តថា ចំពោះ​ជនជាតិខ្មែរ​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​ទីតាំង​ដែល​មិន​សហការ​នឹងត្រូវ​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង​នោះ​។

ទន្ទឹម​នេះដែរ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​កំណត់​នូវ​វិធានការ​តឹងរ៉ឹង​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ដើម្បី​ឈានទៅ​គ្រប់គ្រង​បាន​នូវ​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ដែរ​។

លោក​បាន​ណែនាំ​ដល់​ពលរដ្ឋ​ជា​ម្ចាស់​កម្មវិធី ម្ចាស់​អាជីវ​កម្មដ្ឋាន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យ​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​។

លោក ឃួង ស្រេង បញ្ជាក់ថា​៖ «​ក្នុងករណី​នៅតែ​មិន​ព្រម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​​ និង​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ម្ចាស់​កម្មវិធី​ និង​ម្ចាស់​អាជីវ​កម្មដ្ឋាន​ត្រូវ​ប្រឈមមុខ​នឹង​ការបិទ​កម្មវិធី​ ឬ​អាជីវកម្មដ្ឋាន ព្រមទាំង​ត្រូវ​ទទួល​ទោសទណ្ឌ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​»​។

យោងតាម​អនុក្រឹត្យ​ស្តីពី​វិធានការ​ចត្តាឡីស័ក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ចុះ​ថ្ងៃទី​ ១៨ ខែ​​ កុម្ភៈ ឆ្នាំ​ ២០២១ ក្នុង​ជំពូក​ទី​៥ បានចែង​ពី​ទោស​ប្បញ្ញត្តិ​ដែល​នឹងត្រូវ​ទទួល​នូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​ ១​ លានរៀល ​ទៅ​ ៥ ​លាន​រៀល ចំពោះ​បុគ្គល​ដែល​គេចវេះ​ពី​ការធ្វើ​ចត្តាឡីស័ក និង​ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​ ១ ​លាន​រៀល​ ទៅ​ ៥ ​លាន​រៀល​ ចំពោះ​​បុគ្គល​ដែល​គេច​ពី​ទីកន្លែង​ធ្វើ​ចត្តាឡីស័ក​ក្នុងអំឡុង​ពេលធ្វើ​ចត្តាឡីស័ក​ដោយ​មិនមាន​ការអនុញ្ញាត​។

ជនបរទេស​ពេល​កំពុង​ទៅ​ផ្ដល់​សំណាក​រក​វីរុស​កូវីដ​១៩ ពី​ម្សិលមិញ​។ហេង ជីវ័ន

ចំពោះ​អ្នកផ្តើមគំនិត​ដឹកនាំ ណែនាំ​ញុះញង់​បញ្ចុះបញ្ចូល ឬ​ជួយ​សម្រួល​ដោយ​ចេតនា​ដល់​បុគ្គល​ដែល​ធ្វើ​ចត្តាឡីស័ក​ឱ្យ​គេច​ចេញពី​ការត្រួតពិនិត្យ​ ឬ​គេចវេះ ឬ​គេច​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ពី​ ១០ ​លាន​រៀល​ដល់​ ៥០ ​លាន​រៀល និង​មាន​ការដាក់​ទោសទណ្ឌ​តាមច្បាប់​ព្រហ្មទណ្ឌ​ផ្សេងទៀត​ផងដែរ​។

ទាក់ទង​នឹង​បញ្ហា​កូវីដ​នេះ​កាល​ម្សិលមិញ​ក្រសួង​សុខាភិបាល​បានប្រកាស​ព័ត៌មាន​ពី​ការរកឃើញ​នូវ​វីរុស​កូវីដ​១៩​បែប​បំប្លែង​ថ្មី​ ៣ ​ករណី​នៅ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ ដែល​អ្នកជំងឺ​ម្នាក់​ស្នាក់នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន និង​ ២ ​នាក់​ទៀត​ជា​អ្នក​នៅ​ក្លិប​កម្សាន្ត​អិន​ប្រាំបី​ (N8)​។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី​ ឱ វណ្ណឌីន បានលើកឡើង​ក្នុង​សន្និសីទកាសែត​ពី​ម្សិលមិញ​ថា ទោះបីជា​ប្រទេស​កម្ពុជា​មិនទាន់មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ ក៏​ហានិភ័យ​នៃ​​ការចម្លង​វីរុស​នេះ​នៅតែ​មាន​ខ្ពស់​។

លោកស្រី​បាន​ថ្លែងថា​៖ «​ស្ថានភាព​បច្ចុប្បន្ន​គឺមាន​សភាព​រាតត្បាត​ធំ​ជាង​ និង​សាំញ៉ាំ​ជាង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​ កន្លងទៅ ជាពិសេស​គឺ​ការចម្លង​ប្រភេទ​វីរុស​បំប្លែង​ថ្មី ដែល​ការចម្លង​របស់​វា​មាន​សភាព​កាចសាហាវ និង​លឿន​ជាង​ធម្មតា​»​។

យោងតាម​របាយការណ៍​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា អ្នកមាន​វិជ្ជមាន​កូវីដ ​១៩ ដែល​បាន​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ មាន​ចំនួន​ ៩៩ ​នាក់ ក្នុង​នោះ​អ្នក​ឆ្លង​ថ្មី​នៅ​ថ្ងៃទី​ ២២ ខែកុម្ភៈ មាន​ចំនួន​ ២៣ ​នាក់​។

គិត​ត្រឹម​ថ្ងៃទី​ ២៣ ខែកុម្ភៈ​ កម្ពុជា​មាន​អ្នកមាន​ផ្ទុក​វីរុស​កូវីដ​ ១៩ សរុប​ចំនួន​ ៥៩៣ ​នាក់ ក្នុងនោះ​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៤៧៥ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន ចំនួន​ ១១៨ ​នាក់​៕