ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោកណារិន ដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ដើម្បីពិភាក្សាគ្នាអំពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់មួយចំនួន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីម្សិលមិញ។
បើតាមក្រសួងការបរទេសនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានកោតសរសើរលោក ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាចំពោះការគ្រប់គ្រងបានយ៉ាងល្អប្រសើរលើជំងឺកូវីដ ១៩ ដែលជាគំរូមួយសម្រាប់ពិភពលោក។ ចំណែកលោក ហ៊ុន សែន ក៏បានគោរពដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការស្លាប់នៃពលរដ្ឋឥណ្ឌាជាច្រើន ដោយសារជំងឺកូវីដ ១៩។
ក្រសួងការបរទេសថ្លែងថា៖ «សម្តេច និងឯកឧត្តមនាយករដ្ឋមន្ត្រីបានអរគុណគ្នាទៅវិញទៅមក ចំពោះការយកចិត្តទុកដាក់ និងសម្រួលដល់ការធ្វើដំណើរត្រឡប់ទៅស្រុកវិញនៃពលរដ្ឋរៀងខ្លួនដែលជាប់នៅប្រទេសមួយទៀត។ យន្តហោះ ១ គ្រឿងនឹងដឹកពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន ៦០ នាក់ ពីឥណ្ឌាមកកម្ពុជាវិញនៅថ្ងៃទី ១២ ខែមិថុនានេះ ហើយពលរដ្ឋឥណ្ឌានឹងបានត្រឡប់ទៅស្រុកវិញតាមជើងយន្តហោះនៅព្រឹកថ្ងៃទី ១១ ខែមិថុនា និង ១ ជើងទៀតនៅថ្ងៃទី ១៩ ខែមិថុនាដែលមានចំនួនសរុប ២៨០ នាក់»។
នាយករដ្ឋមន្ត្រីទាំង ២ បានថ្លែងថា ការស្ដារសេដ្ឋកិច្ចនៅក្រោយកូវីដ ១៩ ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាអន្តរជាតិកាន់តែខ្លាំងជាងមុន។ ថ្នាក់ដឹកនាំទាំង ២ ក៏បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ។
លោក ម៉ូឌី បានចាត់ទុកកម្ពុជាថា ជាផ្នែកសំខាន់មួយនៃនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា។
លោក ហ៊ុន សែន ក៏បានសរសើរចំពោះតួនាទីលើឆាកអន្តរជាតិ និងគាំទ្រដល់ឥរិយាបថមនុស្សធម៌ និងសមត្ថភាពរបស់ឥណ្ឌាក្នុងការផលិតថ្នាំពេទ្យដែលបានផ្គត់ផ្គង់ដល់ប្រទេសចំនួន ១៣០ នៅក្នុងរយៈពេល ២ ខែចុងក្រោយនេះ។ «ថ្នាក់ដឹកនាំទាំង ២ បានប្តេជ្ញាបន្តពង្រឹង សហប្រតិបត្តិការតំបន់ក្នុងនោះរួមមានក្របខ័ណ្ឌ ASEAN-India និងមេគង្គគង្គា។ ពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា ឯកឧត្តមនាយករដ្ឋមន្ត្រី ម៉ូឌី បានសម្តែងការពេញចិត្តចំពោះការទុកចិត្តឱ្យឥណ្ឌាធ្វើជាសហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីស្តារ និងអភិវឌ្ឍប្រាសាទព្រះវិហាររបស់កម្ពុជា»។
ក្រសួងការបរទេសឥណ្ឌាក៏បានចេញសេចក្ដីប្រកាសព័ត៌មានប្រហាក់ប្រហែលគ្នាកាលពីថ្ងៃពុធដោយបានលើកឡើងពីការសម្របសម្រួល ក្នុងការធ្វើមាតុភូមិនិវត្តន៍នៃពលរដ្ឋប្រទេសទាំង ២។ «លោកនាយករដ្ឋមន្ត្រីបានសម្ដែងនូវការប្ដេជ្ញាក្នុងការពង្រឹងបន្ថែមទៀតនៃទំនាក់ទំនងជាមួយកម្ពុជាដែលជាសមាជិកដ៏សំខាន់មួយរបស់អាស៊ានដែលមានទំនាក់ទំនងផ្នែកអរិយធម៌ និងវប្បធម៌ជាមួយឥណ្ឌា។ ថ្នាក់ដឹកនាំបានពិនិត្យមើលការអភិវឌ្ឍជាដៃគូដ៏ស្វាហាប់រវាងប្រទេសទាំង ២ រួមមានកម្មវិធីកសាងសមត្ថភាពស្ថិតក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា និងគម្រោងមានឥទ្ធិពលភ្លាមៗក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមេគង្គ Ganga»។
យោងតាមអង្គការសុខភាពពិភពលោកប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២៧៦ ៥៨៣ នាក់ គិតចាប់ពីថ្ងៃទី ៣០ ខែមករា រហូតដល់ថ្ងៃទី ១០ ខែមិថុនា ដែលក្នុងនោះមាន ៧ ៧៤៥ នាក់បានស្លាប់។ ចំពោះកម្ពុជា ក្រសួងសុខាភិបាលបានបញ្ជាក់ថា មិនមានករណីជំងឺនេះថ្មីទេគិតត្រឹមម៉ោង ៨ ព្រឹកម្សិលមិញ ដោយចំនួនសរុបនៅត្រឹម ១២៦ នាក់ដដែល ប៉ុន្តែ ១២៥ នាក់បានជាសះស្បើយ ហើយម្នាក់កំពុងសម្រាកព្យាបាល និងគ្មានអ្នកស្លាប់ពីជំងឺនេះទេ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថាការកោតសរសើររបស់ឥណ្ឌាចំពោះកិច្ចប្រឹងប្រែងទប់ស្កាត់កូវីដ១៩របស់កម្ពុជាគឺជារឿងជាក់ស្ដែង ព្រោះមកទល់ពេលនេះកម្ពុជាពិតជាបានជោគជ័យក្នុងការទប់ស្កាត់ការរាលដាលជំងឺនេះ។ ចំពោះកិច្ចសន្ទនាតាមទូរស័ព្ទនៃថ្នាក់ដឹកនាំទាំង ២ លោកថា វាបង្ហាញពីការឲ្យតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ខណៈដែលជំនួបផ្ទាល់មិនអាចធ្វើទៅបានក្នុងអំឡុងពេលនៃកូវីដ ១៩។
«ឥណ្ឌា គឺជាប្រទេសលោកសេរីតែ ១ គត់ នៅក្នុងពិភពលោកដែលមានទំនាក់ទំនងប្រក្រតីជាមួយរដ្ឋាភិបាលកម្ពុជាក្រោយឆ្នាំ ១៩៧៩ ពេលកម្ពុជាបានរំដោះពីរបបខ្មែរក្រហម។ មានតែឥណ្ឌាទេដែលទទួលស្គាល់រដ្ឋាភិបាលប្រជាមានិតកម្ពុជា។ អ៊ីចឹងបើយើងមើលទំនាក់ទំនងកម្ពុជាឥណ្ឌាគឺជាទំនាក់ទំនងមួយដែលមិនធ្លាប់មានកង្វល់នៅក្នុងពេលណាមួយនៃប្រវត្តិសាស្ត្រ»។
លោកបន្តថា បើទោះជាមានទំនាក់ទំនងទាំងផ្នែកអរិយធម៌ និងវប្បធម៌រវាងប្រទេសទាំង ២ មានយូរលង់មកហើយក្ដីលោកយល់ថា ទំនាក់ទំនងទ្វេភាគីនៅមានកម្រិតនៅឡើយ។ «ទំនាក់ទំនងកម្ពុជា-ឥណ្ឌា មិនទាន់ដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បើធៀបនឹងប្រទេសផ្សេងប៉ុន្តែជាទំនាក់ទំនងមួយដែលមានភាពរីកចម្រើនក្នុងទិដ្ឋភាពនយោបាយផងក្នុងទិដ្ឋភាពយុទ្ធសាស្ត្រ និងក្នុងទិដ្ឋភាពសេដ្ឋកិច្ចផង។ បើនិយាយពីទំនាក់ទំនងទ្វេភាគីគេតែងសម្លឹងមើលទៅលើផលប្រយោជន៍ទៅវិញទៅមក។ ឥណ្ឌាចង់ពង្រីកឥទ្ធិពលក៏ដូចជាសក្ដានុពលសេដ្ឋកិច្ចរបស់ខ្លួនក្នុងតំបន់។ កម្ពុជាក៏មានទិសដៅកំណត់ផលប្រយោជន៍របស់ខ្លួនដូចគ្នា»។
លោកបន្តថា កម្ពុជាពិសេសគណបក្សប្រជាជននៅមានអារម្មណ៍ដក់ជាប់នូវអ្វីដែលឥណ្ឌាធ្លាប់បានគាំទ្រខ្លួន ដោយឥណ្ឌាបានគាំទ្ររដ្ឋាភិបាលប្រជាមានិតកម្ពុជា ខណៈដែលប្រទេសលោកខាងលិចផ្សេងទៀតគាំទ្រចលនាខ្មែរក្រហម និងចលនាត្រីភាគី៕