ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យក្រសួងសុខាភិបាល រៀបចំធ្វើយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca រយៈពេល ១៥ ថ្ងៃ សម្រាប់មនុស្សចាស់អាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ក្នុងរាជធានីភ្នំពេញ ខណៈលោកអំពាវនាវដល់ពលរដ្ឋដែលមិនទាន់ដល់អាយុ ៦០ ឆ្នាំកុំទៅដណ្តើមចាក់ក្នុងយុទ្ធនាការនេះ។

ការប្រកាសយ៉ាងដូច្នេះ បានធ្វើឡើងក្នុងសារជាសំឡេងដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកនេះ ស្របពេលដែលលោកបានអញ្ជើញពិនិត្យសកម្មភាពជួសជុលព្រះបរមរូប សម្តេចព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងអញ្ជើញពិនិត្យការរៀបចំទីតាំងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅមន្ទីរពេទ្យស្ត្រីនគរទេព។

លោក ហ៊ុន សែន មានប្រសាសន៍ថា យុទ្ធនាការនេះ នឹងត្រៀមវ៉ាក់សាំង AstraZeneca សម្រាប់មនុស្សប្រមាណជាង ៥ ម៉ឺននាក់ ហើយការដំណើរការនៃយុទ្ធនាការនេះ នឹងចាប់ផ្តើមនៅពេលឆាប់ៗ បន្ទាប់ពីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារសម្រាប់ចាក់វ៉ាក់សាំងនៅតាមខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ។

លោកបញ្ជាក់ថា៖ «ត្រូវធ្វើយុទ្ធនាការ ១៥ ថ្ងៃនៅរាជធានីភ្នំពេញ ហើយដែលមណ្ឌលចាក់វ៉ាក់សាំងទាំងនោះ ត្រូវតែធ្វើនៅតាមខណ្ឌដែលងាយស្រួល ឲ្យបងប្អូនប្រជាពលរដ្ឋយើង មកទទួលវ៉ាក់សាំង និងហាមឃាត់ការមកដណ្តើមវ៉ាក់សាំងពីមនុស្សចាស់ ពីសំណាក់បងប្អូនកូនក្មួយដែលជាក្រុមយុវជន មិនទាន់ដល់អាយុ»។

បន្ថែមពីនេះ លោកក៏ស្នើឲ្យគ្រប់មណ្ឌលចាក់វ៉ាក់សាំងទាំងអស់ គួរផ្អាកចាក់វ៉ាក់សាំង AstraZeneca ដល់អ្នកដែលមិនទាន់គ្រប់អាយុសម្រាប់ចាក់វ៉ាក់សាំង ព្រោះបច្ចុប្បន្ន កម្ពុជាមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនទាំងអស់គ្នាក្នុងពេលតែមួយនោះទេ។

លោកបញ្ជាក់បន្ថែមថា៖ «យើងសុំស្នើឲ្យមន្ទីរពេទ្យដែលកកកុញដោយមនុស្ស ហើយដែលមនុស្សនោះ មិនទាន់ដល់អាយុ ៥៩ ឆ្នាំដែលគ្រូពេទ្យអនុញ្ញាតឲ្យចាក់គឺសុំបញ្ឈប់ការចាក់។ ប៉ុន្តែបើសិនបានចាក់រួចហើយ សុំបន្តដូស ទី២ ទៅឲ្យជននោះ។ ដូច្នេះមិនត្រូវប្រើប្រាស់វ៉ាក់សាំងឲ្យលើសពីចំនួនកំណត់នោះដែរ»។

យ៉ាងណា លោក ហ៊ុន សែន បានអះអាងថា នៅពេលវ៉ាក់សាំង Sinovac នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនានេះ គឺការចាក់វ៉ាក់សាំងនេះ នឹងមិនតម្រូវឲ្យធ្វើការបែងចែងអាយុអ្នកចាក់នោះទេ ព្រោះប្រភេទវ៉ាក់សាំងនេះ អាចចាក់បានគ្រប់អាយុមនុស្សទូទៅ ឲ្យតែមានលក្ខខណ្ឌគ្រាន់សម្រាប់ចាក់បាន។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) និង អាស្រ្តាហ្សេនីកា (AstraZeneca) ជូនជនស៊ីវិលទូទាំងប្រទេសប្រមាណ ១៩៨ ៤៤៧ នាក់ ក្នុងនោះ Sinopharm មានចំនួន ១៤២ ៦១៤ នាក់និង AstraZeneca មានចំនួន ៥៥ ៨៣៣ នាក់។

ដោយឡែក សម្រាប់ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន ៣៧ នាក់ទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ទាំងអស់ ខណៈអ្នកជំងឺចំនួន ១៩ នាក់បានជាសះស្បើយ និងបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕