ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឱ្យ​អភិបាល​រាជធានី-ខេត្ត នៅ​ទូទាំង​ប្រទេស​ត្រូវ​មាន​ចំណាត់ការ​លើ​បុគ្គល​ណា​បាន​សាងសង់​របង​រំលោភបំពាន​លើ​ដី​សាធារណៈ​ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នៅក្នុង​ដែនដី​របស់ខ្លួន​។

ការថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​បែបនេះ​ធ្វើ​ឡើង​ក្រោយពី​អាជ្ញាធរខេត្ត​កែប បានសម្រេច​ចិត្ត​ដោះស្រាយ​ទំនាស់​ ១ ​ករណី ​ដែល​កើត​ចេញ​ពី​ការធ្វើ​របង​បិទផ្លូវ​សាធារណៈ​ដោយ​បាន​ចុះ​រុះរើ​របង​ថ្ម និង​ទ្វារ​ដែក​កាលពី​ថ្ងៃទី​ ១៥ ខែ មករា ឆ្នាំ ២០២១ ស្ថិត​ក្នុង​ភូមិ​ដំណាក់ចំបក់ សង្កាត់ អូរ​ក្រសារ ក្រុង​កែប ខេត្ត​កែប​។

លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​តាម​ហេតុការណ៍​ដែល​បាន​កើត​កន្លង​មក​នេះ អាជ្ញាធរ​គួរតែ​រើ​របង​នេះ​ចោល​តាំងពី​ពេល​របង​នេះ​ចាប់ផ្តើម​ធ្វើ​មក​ម្ល៉េះ ហើយ​អ្នកធ្វើ​របង​បិទ​ផ្លូវ​សាធារណៈ​គួរតែ​ត្រូវបាន​អប់រំ ឬ​មាន​វិធានការ​រដ្ឋបាល​ពីដំបូង​។ យើង​មិនត្រូវ​ទុកឱ្យ​បុគ្គល​ម្នាក់​ ឬ​ ២ ​នាក់​ បំផ្លាញ​ផលប្រយោជន៍​របស់​ប្រជាជន​ច្រើន​នាក់​នោះឡើយ​។ ថ្ងៃក្រោយ​មិន​ត្រូវ​ឱ្យ​មានរឿង​បែប​នេះ កើត​ឡើង​ទៀត​ទេ មិន​ត្រឹម​តែ​ខេត្ត​កែប​ប៉ុណ្ណោះ​ទេ​គឺ​ត្រូវ​ធ្វើ​នៅ​គ្រប់​ខេត្ត​ទាំងអស់​»​។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​កាលពី​ថ្ងៃទី​ ១៥ ខែ មករា ឆ្នាំ​ ២០២១ បាន​បញ្ជា​ឱ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល និង​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ចុះ​រុះរើ​របង ថ្ម និង​ទ្វារ​ដែក​ដែល​បាន​សាងសង់ គ្មាន​ច្បាប់​អនុញ្ញាត​បិទផ្លូវ​ប្រជា​ពលរដ្ឋ​ធ្លាប់​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តំបន់​ស្រែអំបិល ហើយ​កំពុង​មាន​ទំនាស់​ជាប់​បណ្ដឹង​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ដំណាក់​ចំបក់ សង្កាត់ អូរក្រសារ ក្រុង កែប​។ ការចុះ​រុះរើ​នេះ គឺ​ដើម្បី រក្សា​ស្ថានភាព​ដើម និង​បើកផ្លូវ សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ មហាជន សម្រាប់​ប្រើប្រាស់​ជា​ផលប្រយោជន៍​សាធារណៈ​។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ អង្គការ​សមធម៌​កម្ពុជា​បាន​ឱ្យ​ដឹងថា ករណី​នៃ​ការរំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​នេះ​នៅ​តែ​បន្ត​មាន​ការកើនឡើង​ជា​ហូរហែ​នៅ​ទូទាំង​ប្រទេស​ពី​សំណាក់​អ្នកធំ អ្នកមាន​លុយ និង​ប្រជាពលរដ្ឋ​ធម្មតា​បាន​ហ៊ុមព័ទ្ធ និង​ធ្វើ​របង​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ជា​កត្តា​ប៉ះពាល់​ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​។

លោក អ៊ាង វុទ្ធី បាន​ថ្លែង​ដោយ​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ជុំវិញ​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី​សាធារណៈ​របស់​រដ្ឋ​ទៅ​ឱ្យ​បុគ្គល​ផ្សេងៗ ដែល​នឹង​ធ្វើឱ្យ​ដី​សាធារណៈ និង​ដីឯកជន​របស់​រដ្ឋ​អាច​នឹង​បាត់បង់​នាពេល​ខាងមុខ​ក៏​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ ទាក់ទិន​នឹង​ការដោះស្រាយ​របស់​រដ្ឋាភិបាល​ក៏មាន​ភាពយឺតយ៉ាវ ដែល​តម្រូវ​ឱ្យ​មាន​ការផ្ទេរអំណាច​ទៅឱ្យ​ថ្នាក់​ខេត្ត ដើម្បី​ដោះស្រាយបាន​លឿន​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​ថ្លែងថា រឿង​មួយចំនួន រដ្ឋបាលខេត្ត​អាច​ដោះស្រាយ​បាន​។ ​ករណី​ក្នុង​ខេត្ត​កែប​ជា​ប្រភេទ​រដ្ឋបាល ដែល​អាជ្ញាធរ​នៅ​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស​អាច​យក​ជា​គំរូ​ក្នុង​ការដោះស្រាយ​បាន ប្រសិន​បើ​មាន​ឆន្ទៈ​ពិតប្រាកដ​៕

វីដេអូ៖