ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​មិន​ដួលរលំ​ទេ ក្រោយពេល​បរទេស​មក​ជួយ​ហើយ​ដកចេញ​ទៅវិញ ដោយ​លោក​លើក​ជា​សំណួរ​ថា តើ​នៅលើ​ពិភពលោក​មាន​របប​ណាខ្លះ​ដែល​បរទេស​មក​ជួយ​ហើយ​អាច​ស្ថិតស្ថេរ​បាន​ដោយ​ខ្លួនឯង ក្រោយពី​បរទេស​ដកចេញ​ទៅវិញ​នោះ​។

ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​​ ៤០ (១០ តុលា ១៩៧៩-១០ តុលា ២០១៩) នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ​ពី​ម្សិលមិញ លោក​ ហ៊ុន សែន មាន​ប្រសាសន៍​ថា​នៅលើ​ពិភពលោក ឬ​នៅក្នុង​តំបន់​អាស៊ី តើ​មាន​របប​ណាខ្លះ​ដែល​ពេល​បរទេស​មកជួយ​ហើយ ពេល​បរទេស​ដកចេញ​ត្រឡប់​ទៅវិញ​បែរ​ជា​រដ្ឋបាល​ស្ថិតស្ថេរ​? គឺ​មាន​តែ​កម្ពុជា​ទេ​។

លោក​ថ្លែងថា​៖ «​សូម​ក្រឡេក​មើល​រដ្ឋបាល លន់ នល់​។ និយាយ​រួម​ថា មាន​តែ​រដ្ឋាភិបាល ហេង សំរិន ហ៊ុន សែន ទេ​។ យើង​មើល​រដ្ឋាភិបាល​ លន់ នល់ អាមេរិក ចូល​មក​ជួយ​អាមេរិក​ដក​ទៅវិញ​ដួលរលំ​គ្រេង ១ ​។ វៀតណាម​ខាងត្បូង អាមេរិក​ចូល​មក​ជួយ​អាមេរិក​ដក​ទៅវិញ ដួលរលំ​គ្រេង ២​។ អាហ្វហ្គានីស្ថាន សូវៀត​ចូលមក​ជួយ​ដល់​សូវៀត​ដកចេញ ដួលរលំ​គ្រេង ៣»​។

លោក​បន្តថា​៖ «​ដល់​រដ្ឋាភិបាល ហ៊ុន សែន វៀតណាម​ចូលមក​ជួយ​ដល់​វៀតណាម​ដកចេញ​ក្នុង​ដំណាក់កាល​រដ្ឋាភិបាល​របស់ខ្ញុំ វៀតណាម​ដក​ត្រឡប់​ទៅវិញ រដ្ឋាភិបាល​ ហ៊ុន សែន ឈរ​យ៉ាង​មាំ​នៅ​នេះ​។ ពិតមែនតែ​ត្រូវ​ធ្វើការ​សម្របសម្រួល​ ប៉ុន្តែ​សម្របសម្រួល​លើ​មូលដ្ឋាន​នៃ​យន្តការ​របស់​រដ្ឋាភិបាល​ ហ៊ុន សែន ទាំងអស់​។ នៅលើ​ការជាក់ស្ដែង ហ៊ុន សែន កំពុង​ឈរ​នៅទីនេះ ហើយ​នឹង​ឈរ​រហូតដល់ ១០ ​ឆ្នាំ​ទៀត​ឯណោះ​»​។

លោក​រំឭក​ប្រវត្តិសាស្ត្រ​ថា ក្រោយពេល​វៀតណាម​ដក​ចេញ​នៅ​ឆ្នាំ​ ១៩៨៩ មាន​ទិដ្ឋភាព​ ២ ​នៃ​បញ្ហា​ដែល​កម្ពុជា​ត្រូវ​បាន​ដោះស្រាយ​នោះ​គឺ​ទិដ្ឋភាព​ផ្ទៃក្នុង និង​ទិដ្ឋភាព​អន្តរជាតិ​។ លោក​បន្តថា ទិដ្ឋភាព​អន្តរជាតិ​រួមមាន​វត្តមាន​កងទ័ព​វៀតណាម​នៅ​កម្ពុជា និង​ការប្រើប្រាស់​ដី​បរទេស និង​ជំនួយ​បរទេស​ដើម្បី​ប្រឆាំង​កម្ពុជា​។ ឯទិដ្ឋភាព​ផ្ទៃក្នុង​វិញ​គឺ​កម្ពុជា​ត្រូវ​បែងចែក​ ៤ ​ភាគី​ដែល​ត្រូវការ​បង្រួបបង្រួម​។

ក្រៅពី​អះអាង​អំពី​ការមិន​ដួលរលំ​ដោយសារ​បរទេស​ដកថយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជាក់ថា វត្តមាន​កងទ័ព​វៀតណាម​ ១០ ​ម៉ឺន​នាក់​នៅ​កម្ពុជា​រយៈពេល​ ១០ ​ឆ្នាំ​ពី​ឆ្នាំ​ ១៩៧៩ ដល់ ១៩៨៩ នោះ​មិន​បាន​ធ្វើឲ្យ​រាំងស្ទះ​ការធ្វើកំណែទម្រង់​របស់​កម្ពុជា​ទេ​។ លោក​ថា វៀតណាម​មិន​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​របស់​កម្ពុជា ហើយ​មេដឹកនាំ​វៀតណាម​បាន​ប្រាប់​ទៅ​កងទ័ព​របស់ខ្លួន​ថា ភារកិច្ច​របស់​កងទ័ព​វៀតណាម​មក​កម្ពុជា​បន្ត​គឺ​ដើម្បី​ជួយ​ទប់ស្កាត់​ការវិលត្រឡប់​នៃ​ពួក​ប៉ុលពត​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ខ្ញុំ​ពេល​ប្រជុំ​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​នៅ​សម័យ​ក្រោយនេះ ខ្ញុំ​ថា​អស់​លោក​តែងតែ​មើល​មក​ខ្ញុំ​ថា​ជា​អាយ៉ង​វៀតណាម​។ ប៉ុន្តែ​ពេលដែល​វៀតណាម​មាន​កងទ័ព​នៅ​ស្រុក​ខ្មែរ វៀតណាម មិន​ដែល​ផ្ដល់​ការ​ប្រដៅ​ឲ្យ​ខ្ញុំ​ធ្វើបែប​នេះៗ​ទេ​។ ប៉ុន្តែ​បែរជា​អស់​លោក​មក​ធ្វើការ​ជាមួយ​ខ្ញុំ​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ចេះៗ បើ​មិន​ធ្វើ​តាម​ទេ កញ្ចប់​លុយ​នេះ​មិន​បាន​ប្រើ​ទេ​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា​បន្ទាប់ពី​របប​ខ្មែរក្រហម​ត្រូវបាន​ផ្ដួលរំលំ​កម្ពុជា​ទទួលរង​ទណ្ឌកម្ម ប៉ុន្តែ​អ្នក​ដែល​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ច្រើន​ជាងគេ​ដែរ​នាពេល​នោះ​។

ដោយ​ថ្លែង​មិន​ចំឈ្មោះ​ប្រទេស​ណាមួយ​នោះ​លោក​បញ្ជាក់ថា​៖ «​អាល្បែង​ទណ្ឌកម្ម​នេះ​មិនអាច​សម្លាប់​អ្នកណា​បានទេ កុំ​ឆ្ងល់​ពេក​»​។ លោក​ថា សមិទ្ធផល​ដែល​បាន​មក​ដោយ​លំបាក និង​ដោយ​ការប្រឹងប្រែង​ដោយ​ខ្លួនឯង ត្រូវតែ​ខិតខំ​ថែរក្សា​ឲ្យ​បាន​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់ស្រប​លើ​ការអះអាង​របស់លោក​ ហ៊ុន សែន ដោយ​លោក​ថា​កាលពី​បារាំង​ដកខ្លួន​ពី​កម្ពុជា បារាំង​បាន​បន្សល់ទុក​នូវ​ភាសា និង​ឯកសារ​ជា​ភាសា​បារាំង ហើយ​កម្ពុជា​បានក្លាយ​ជា​ប្រទេស​មួយ​ដែលមាន​ការអភិវឌ្ឍ​ខ្លាំង​នៅ​អាស៊ីអាគ្នេយ៍ សូម្បីតែ​ស្ថាបនិក​ប្រទេស​សិង្ហបុរី លី ក្វាន់យូ ក៏​រៀនសូត្រ​ពី​កម្ពុជា​ដែរ​នៅ​ទសវត្សរ៍ ​១៩៦០​។

ចំពោះ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម័យថ្មី​ចាប់ពី​ការបោះឆ្នោត​ឆ្នាំ​ ១៩៩៣ លោក​ថ្លែងថា​៖ «​ពេល​អង្គការ​សហប្រជាជាតិ​ចេញទៅ​កម្ពុជា​អាច​ទ្រទ្រង់​នូវ​ព្រឹត្តិការណ៍​រួមមាន​សង្គ្រាម​ដែល​ខ្មែរក្រហម​មិនទាន់​បញ្ចប់​រួមមាន​នៅ​សំឡូត ម៉ាឡៃ ព្រះវិហារ និង​អន្លង់វែង​។ តែ​កម្ពុជា​អាច​ដោះស្រាយ​រហូត​ដល់​ប្រើប្រាស់​នយោបាយ​ឈ្នះ​ដើម្បី​បញ្ចប់សង្គ្រាម​ដោយ​ខ្លួនឯង​»​។

កម្ពុជា​កំពុង​ប្រឈម​នឹង​ការសម្រេច​របស់​សហភាព​អឺរ៉ុប​ក្នុង​ការដក​ ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ការដក GSP ដោយ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​លោក​ សុខ ទូច ថ្លែង​ថា​កម្ពុជា​បាន​ត្រៀមខ្លួន​រួចហើយ ដោយ​រដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់​ជាច្រើន​។

លោក​ថ្លែងថា​៖ «​តាម​ព្រំដែន​ដែល​ពីមុន​មាន​រនាំង​ច្រើន​ឥឡូវ​សល់​តែ​ ២ ​ទេ គឺ​គយ និង​ប៉ូលិស​ព្រំដែន​។ ទី​ ២ អំពើ​ពុករលួយ​ត្រូវ​កាត់បន្ថយ ទី​ ៣ (​កាត់បន្ថយ​) ​ការិយាល័យ​ធិបតេយ្យ ទី​ ៤ (​កាត់បន្ថយ​) ប្រព័ន្ធ​រញ៉េរញ៉ៃ​តាមរយៈ​ច្រកចេញចូល​តែមួយ ហើយ​ទី​ ៥ គឺ​ការបង្កើន​ការដឹកជញ្ជូន ធ្វើ​ម៉េច​ឲ្យ​ផ្លូវ​កាន់តែ​ល្អ​»​។

លើស​ពី​នេះ​លោក​ថា កម្ពុជា​បាន​ត្រៀម​លើ​ផ្នែក​ផលិតផល​ក្នុងស្រុក​ដោយ​ការជឿជាក់​លើ​ខ្លួនឯង និង​ត្រៀម​ថវិកា​ផង​ដែរ​។ កម្ពុជា​បាន​បើក​នយោបាយ​ជើងមេឃ នោះ​គឺ​ការ​ចាប់ដៃ​ជាមួយ​ប្រទេស​ទាំងអស់​ដើម្បី​ទាក់ទាញ​វិនិយោគ​។ រដ្ឋាភិបាល​ក៏​ចាប់ផ្ដើម​លើកទឹកចិត្ត​អ្នក​វិនិយោគ​ក្នុងស្រុក​ទាំង​ខ្នាតតូច និង​ធំ​។

ប៉ុន្តែ​លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ថ្លែងថា​៖ «​ប្រទេស​ដែល​លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​បាន​ដួលរលំ​នោះ តាមពិត​មិន​បាន​ដួលរលំ​ទេ ប៉ុន្តែ​របប​ដែល​ដឹកនាំ​ប្រទេស​ទាំងនោះ​ទេ​ដែល​បាន​ដួលរលំ​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ថ្លែងថា ការមិន​ដួលរលំ​របស់​កម្ពុជា​ក្រោយ​វៀតណាម​ដកខ្លួន​ឆ្នាំ​ ១៩៨៩ និង​ការដកចេញ​របស់​អ៊ុនតាក់​ឆ្នាំ​ ១៩៩៣ ដោយសារ​ការត្រៀមខ្លួន​របស់​រដ្ឋាភិបាល​ក្នុង​ការដឹកនាំ​ប្រកបដោយ​ភាពជាក់ស្ដែង​របស់​អ្នកដឹកនាំ​ជា​ជាង​លើ​តែ​ទ្រឹស្តី​។ លោក​បន្ត​ថា កម្ពុជា​បាន​ខិតខំ​ទប់​ខ្មែរក្រហម​មិន​ឲ្យ​វិល​មកវិញ ស្រប​ពេល​ប្រឹង​កសាង​សេដ្ឋកិច្ច​របស់​ខ្លួន​រហូត​ដល់​មាន​កំណើន​ក្នុង​រង្វង់​ ៧ ​ភាគរយ​ក្នុង​ ១ ​ទសវត្សរ៍​ចុងក្រោយ​៕