ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បន្ត​យកចិត្តទុកដាក់​ និង​គិតគូរ​អំពី​ផលប្រយោជន៍​ និង​កែលម្អ​ជីវភាព​រស់នៅ​របស់​ជន​មាន​ពិការភាព​ឱ្យបាន​សមរម្យ​ស្របតាម​សេដ្ឋកិច្ច​ជាតិ និង​ត្រូវមាន​វិធានការ​ចាំបាច់​ដើម្បី​បំផុស និង​លើក​ទឹកចិត្ត​ពលរដ្ឋ សប្បុរសជន ផ្នែក​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ចូលរួម​ឧបត្ថម្ភ​ពួកគេ​។

នៅក្នុង​សារលិខិត​កាលពី​សប្តាហ៍​មុន​សម្រាប់​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​ ២១ និង​អន្តរជាតិ​លើក​ទី ​៣៧ ដែល​នឹង​ប្រារព្ធ​ឡើង​ថ្ងៃទី ​៣ ខែធ្នូ ខាងមុខ លោក​ ហ៊ុន សែន ជំរុញ​ឱ្យ​ស្ថាប័ន នានា យក​ចិត្ត​ទុកដាក់​ដល់​ជន​មាន​ពិការភាព​ដែល​ប្រកបរបរ អាជីវកម្ម សិប្បកម្ម​ជា​លក្ខណៈ​ឯកត្តជន ឬ​គ្រួសារ ឬ​សមូហភាព​របស់​ជន​មាន​ពិការភាព​ដោយ​ត្រូវ​កាត់​បន្ថយពន្ធ​ផ្តល់​អាទិភាព​ផ្សេងៗ​ស្របតាម​ច្បាប់​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​គ្រប់​ក្រសួង ស្ថាប័នរដ្ឋ​ត្រូវ​លើក​ទឹកចិត្ត​ជន​មាន​ពិការភាព​ដែលមាន​លក្ខណសម្បត្តិ និង​សមត្ថភាព​បំពេញ​មុខងារ តួនាទី​ទទួល​ខុសត្រូវ​ឱ្យមាន​សិទ្ធិ​ចូល​បម្រើ​ការងារ​ដោយ​គ្មាន​ការរើសអើង​»​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ថា គ្រប់​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​ពង្រឹង​ពង្រីក​វិធានការ​ទប់ស្កាត់​ពិការភាព​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ត្រូវ​ពង្រឹងពង្រីក​ស្មារតី​ម្ចាស់ការ​របស់​ជន​មាន​ពិការភាព​ផ្ទាល់​។ ត្រូវ​លើកទឹកចិត្ត​ឱ្យ​មាន​ការចូលរួម​ពី​ផ្នែក​ឯកជន សង្គម​ស៊ីវិល រោងចក្រ សហគ្រាស​ និង​គ្រឹះស្ថាន ទាំងអស់​អនុវត្ត​ដោយ​ស្ម័គ្រចិត្ត​។ លោក​ថា​ ​ត្រូវ​ភ្ញាក់រឭក​នូវ​កាតព្វកិច្ច​ជ្រើសរើស​ជន​មាន​ពិការភាព​ឱ្យចូល​បម្រើ​ការងារ​ដូច​មានចែង​ក្នុង​ច្បាប់​។

លោក​ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឱ្យ​បន្ត​រៀបចំ​ការបង្ក​លក្ខណៈ​ងាយស្រួល​ចេញចូល​ទីកន្លែង​សាធារណៈ​សម្រាប់​ជន​មាន​ពិការភាព​គ្រប់​ប្រភេទ​ផងដែរ​។ លោក​ប្រាប់​ឱ្យ​ក្រសួង​ព័ត៌មាន​ណែនាំ​ដល់​គ្រប់​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​របស់​រដ្ឋ និង​ឯកជន និង​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ត​ផ្សព្វផ្សាយ​ពី​ការយកចិត្តទុកដាក់ និង​លើកកម្ពស់​សុខុមាលភាព​ជន​មាន​ពិការភាព​ឱ្យបាន​ទូលំទូលាយ​។ ភាសា​ត្រូវ​បកប្រែ​ឱ្យ​ទៅ​ជា​ភាសា​សាមញ្ញ​ និង​អក្សរ​រត់​នៅលើ​កញ្ចក់​ទូរទស្សន៍​ដើម្បី​សម្រួល​ដល់​ជន​មាន​ពិការភាព​ទទួលបាន​ព័ត៌មាន​ផ្សេងៗ​។

បើ​តាម​សារលិខិត​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់ថា ជន​មាន​ពិការភាព​ត្រូវ​បាន​ផ្តល់​អាទិភាព​ជ្រើសរើស​ឱ្យចូល​បម្រើ​ការងារ​នៅ​ក្រសួង ស្ថាប័នរដ្ឋ​ចំនួន​ ៤០ ដោយ​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​សរុប​មាន​ចំនួន ​២ ៨៦០ ​នាក់ (​ស្ត្រី ៧៨៩)​។ គ្រប់​ក្រសួង ស្ថាប័នរដ្ឋ​កំពុង​ជ្រើសរើស​ឱ្យ​គ្រប់​តាម​អត្រា​កំណត់​ចំនួន ​២ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩​។

ដោយឡែក វិស័យ​ឯកជន​ចំនួន​ ១០២ ​អង្គភាព​ដែល​បាន​ចុះបញ្ជី បានជ្រើសរើស​និយោជិត​មាន​ពិការភាព​សរុប​ ៣៧៩២ ​នាក់​ស្មើ​ ២,៩៤ ​ភាគរយ​ (​ស្ត្រី​ ២ ១៦២)​។

លោក​ ហ៊ុន សែន បន្តថា ជនមាន​ជនពិការភាព​នៅតាម​សហគមន៍ ចំនួន​ ១១ ៦២៨​ នាក់​បានទទួល​ផលប្រយោជន៍​តាមរយៈ​ការអនុវត្ត​ការផ្តល់​របប​គោលនយោបាយ​។ ក្នុង​ឆ្នាំ​សិក្សា​​ ២០១៨-២០១៩ ជន​មាន​ពិការភាព​បានទទួល​ការសិក្សា​ចាប់ពី​កម្រិត​មត្តេយ្យ​សិក្សា​រហូតដល់​ថ្នាក់​ឧត្តមសិក្សា​មាន​ចំនួន​សរុប​ ៦០ ២៨៤ ​នាក់​។

លោក​ ហ៊ុន សែន ឱ្យដឹងថា រហូត​មក​ដល់​បច្ចុប្បន្ន ជន​មាន​ពិការភាព​បាន​បង្កើត​ក្រុម​ជួយ​ខ្លួនឯង​ចំនួន​ ១ ៩៥០​ ក្រុម​។ អង្គការ​ជន​មាន​ពិការភាព​មាន​ប្រមាណ​ ៧០​។ ជន​មាន​ពិការភាព​ចំនួន​ប្រមាណ​ ២៨ ០០០​ នាក់​ក្នុង​ ១ ​ឆ្នាំ​ទទួល​បាន​ការផ្គត់ផ្គង់​សេវា​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ និង​ ២៤៧ ​នាក់​បាន​ទទួល​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មុខរបរ​ក្នុង​ឆ្នាំ​ ២០១៩​។

លោក​ ឯម ច័ន្ទមករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ​២៥ វិច្ឆិកា ថា ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​រយៈពេល​ ៥ ​ឆ្នាំ​ទៅមុខ​គឺ​ឆ្នាំ​ ២០១៩ និង​ ២០២៣​។ ផែនការ​នេះ​មានការ​ដាក់ចេញ​យុទ្ធសាស្ត្រ​ ៩ ​ដែល​ផ្តោតលើ​ការធ្វើ​យ៉ាងណា​ឱ្យ​គុណភាព​ជីវិត​របស់​ជន​មាន​ពិការភាព​កាន់​តែមាន​ភាពប្រសើរ​ឡើង​ព្រម​ជាមួយ​នឹង​ក្រុមគ្រួសារ​ដែល​មាន​ពិការភាព​ផងដែរ​។

លោក​ ឯម ច័ន្ទមករា ថ្លែងថា​៖ «​យើង​ក៏​មានការ​ផ្តោតទៅលើ​ការអប់រំ​បន្ថែម​លើ​អ្វី​ដែល​ជា​ការអំពាវនាវ​របស់​សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺ​យើង​ផ្តោត​ទៅលើ​ការអប់រំ​។ ព្រោះថា ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​កម្ពុជា​ក៏​ដូចជា​រាជរដ្ឋាភិបាល​បាន​យល់ឃើញ​ថា មានតែ​ការវិនិយោគទុន​ទៅលើ​វិស័យ​អប់រំ​សម្រាប់​ជន​មាន​ពិការភាព​ទេ ដែល​អាច​ធ្វើឱ្យ​បងប្អូន​មាន​ពិការភាព​ក៏ដូចជា​ក្រុមគ្រួសារ​របស់គាត់​ហ្នឹង​គេចផុត​ចេញពី​ភាពក្រីក្រ ឬ​មួយ​ក៏​អវិជ្ជា ជាហេតុ​ធ្វើឱ្យ​មិនមាន​ការបាត់បង់​ធនធាន​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង​»​។

លោក​បញ្ជាក់ថា ទៅ​មុខ​ទៀត​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​របស់​លោក​នៅតែ​ពង្រឹង​ធ្វើ​យ៉ាងណា​ឱ្យ​ចំនួន​ជន​មាន​ពិការភាព​បាន​ចូល​បម្រើ​ការងារ​នៅតាម​ក្រសួង ស្ថាប័ន​កាន់តែ​ច្រើន ហើយ​មាន​តួនាទី​នៅក្នុង​មុខតំណែង​របស់​ស្ថាប័នរដ្ឋ ក៏ដូចជា​ស្ថាប័នឯកជន​។

លោក ច័ន្ទមករា ឱ្យដឹងថា បើ​យោងតាម​ទិន្នន័យ​អង្កេត​សេដ្ឋកិច្ច និង​សង្គម​ឆ្នាំ​ ២០១៤ ជន​មាន​ពិការភាព​ទូទាំង​ប្រទេស​មាន​ចំនួន​សរុប ​៥២៤ ០០០ ​នាក់​ស្មើនឹង​ ៤ ​ភាគរយ​នៃ​ប្រជាជន​សរុប​៕