ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ចាត់វិធានការ​ចំពោះ​ម្ចាស់​គណនី​មួយចំនួន​ដែល​មាន​ចេតនា​បង្ហោះ​ព័ត៌មាន​មិន​ពិត​ពី​ជំងឺ​កូរ៉ូណា​ថ្មី ស្របពេល​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ក៏​បាន​ជំរុញ​ដល់​មន្ត្រី​គ្រប់ផ្នែក​ពិនិត្យ​តាមដាន​ព័ត៌មាន​មិន​ពិត និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ដើម្បី​ការពារ​កុំ​ឲ្យ​ព័ត៌មាន​មិន​ពិត​បង្ក​ផលប៉ះពាល់​ដល់​សង្គម​។

ក្នុង​ពិធី​បើកការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវជាតិ​លេខ​ ២ និង​លេខ​ ២២ ពី​ម្សិលមិញ​លោក​ ហ៊ុន សែន ព្រមាន​ចាត់វិធានការ​លើ​គណនី​ដែលមាន​ចេតនា​អាក្រក់​ក្នុង​ការបំផុស​ព័ត៌មាន​មិន​ពិត​ ដើម្បី​បង្កចលាចល​ក្នុងប្រទេស​។ លោក​ថា​អ្នកមាន​ចេតនា​អាក្រក់​យ៉ាង​ដូច្នេះ គឺ​មិន​ប្រើប្រាស់​វិធានការ​អប់រំ​នោះទេ​គឺ​ត្រូវ​ប្រើប្រាស់​វិធានការ​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​តែម្តង​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ថា​៖ «​ព័ត៌មាន​ពិត​ចេញពី​កម្ពុជា​ [​ផេក​] ​ថា ស្លាប់​រាប់រយ​នាក់ តែ​រដ្ឋាភិបាល​លាក់​ [​ជំងឺ​កូរ៉ូណា​]​។ សុំ​កូនក្មួយ​បង្ហោះ​ព័ត៌មាន​មិន​ពិត​នេះ តើ​ព័ត៌មាន​នេះ​ក្មួយ ឬ​កូន ឬ​អ្នក ឬ​បង ឬ​ប្អូន ឬ​ពូ ឬ​មីង បាន​ទទួល​ផលចំណេញ​អ្វី​ទៅ​ពី​ការផូស្ត​ព័ត៌មាន​មិន​ពិត​នេះ​? បើ​នៅក្នុង​ស្រុក​បាន​ត្រឹមតែ​គុក​តែ​ប៉ុណ្ណឹង​»​។

លោក​បន្ថែមថា​៖ «​ពិតមែន​ហើយ ខ្ញុំ​បាន​ឲ្យ​យក​វិធានការ​អប់រំ​ដែល​វិធាន​ការអប់រំ​បាន​ធ្វើ​ចំពោះ​អ្នក​ដែល​បាន​បង្ហោះ​ព័ត៌មាន​ទៅ រួចហើយ​បាន​ដក​ព័ត៌មាន​នេះ​វិញ សុំ​កែតម្រូវ​។ អាហ្នឹង​វិធានការ​ផ្លូវច្បាប់​មិន​ត្រូវ​ប្រកាន់យក​ទេ គឺ​យក​វិធានការ​អប់រំ​។ ប៉ុន្តែ​ករណី​លួចលាក់​បំផុស​ព័ត៌មាន​ [​មិន​ពិត​] ​នេះ​គឺ​វិធានការ​ផ្លូវច្បាប់​ត្រូវ​បាន​ប្រកាន់យក​។ បើសិន​ជា​បង្ហោះ​នៅក្នុង​ស្រុក​អ្នករត់​មិន​រួច​ទេ​ពិបាក​រត់​ណាស់​។ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​សួរ​ទៅ​អ្នក​ថា អ្នក​បាន​ទទួលផល​ចំណេញ​អ្វី​ទៅ​ពី​ការធ្វើ​ព័ត៌មាន​ឲ្យ​ប្រជាជន​ភ័យខ្លាច រាប់ទាំង​ក្រុម​គ្រួសារ​របស់​អ្នក​ដែរ​»​។

រីឯ​លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៍​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន​នា​ថ្ងៃទី​ ១០ កុម្ភៈ បាន​កោតសរសើរ​ចំពោះ​លទ្ធផល​ការងារ​របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់ផ្នែក​គ្រប់​ជំនាញ​ទាំងអស់​នៃ​ក្រសួង​ព័ត៌មាន​ដែល​បាន​ប្រឹងប្រែង​សហការ​គ្នា​សម្រេច​បាន​លទ្ធផល​ការងារ​ជាច្រើន​។

ក្នុង​នោះ​លោក​រដ្ឋមន្ត្រី​ក៏​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់ផ្នែក​គ្រប់​ជំនាញ​របស់​ក្រសួង​ទាំងអស់​ត្រូវ​អនុវត្ត​តាមផ្លូវ​ច្បាប់​ចំពោះ​អង្គភាព​ដែល​ផ្សាយ​ព័ត៌មាន​បំផ្លើស ក្លែងក្លាយ​។ ចំពោះ​ស្ថាប័ន​ផ្សព្វផ្សាយ​របស់​ជាតិ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ ដើម្បី​បន្សាប​ព័ត៌មាន​មិនពិត​ឲ្យ​បាន​ទាន់ពេល​ពេលវេលា​។ នេះ​បើតាម​ការដកស្រង់​សម្តី​របស់​លោក​នៅលើ​គេហទំព័រ​ក្រសួង​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ១០ ខែកុម្ភៈ​។

លោក​ កាញារីទ្ធ ថ្លែងថា​៖ «​បន្ដ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​រួមគ្នា​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ដែល​កើតមាន​ឡើង​នៅក្នុង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ដែល​នាំ​ឲ្យ​មានការ​បំពុល​ដល់​សង្គម​ធ្វើឲ្យ​មាន​ការយល់ច្រឡំ ពិសេស​បញ្ហា​ជំងឺ​ផ្លូវដង្ហើម​កូរ៉ូណា​ដែល​មាន​ផេក និង​អាខោន Facebook​ខ្លះ​បាន​សរសេរ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​»​។

លោក​ ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រសួង​ព័ត៌មាន​មាន​គណៈកម្មការ​មួយ​ដើម្បី​តាមដាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា កាសែត វិទ្យុ ទូរទស្សន៍ និង នៅលើ​ទំនាក់ទំនង​បណ្តាញ​សង្គម​។ លោក បន្តថា​ការផ្សព្វផ្សាយ​ព័ត៌មាន​លើ​កាសែត ទស្សនាវដ្តី​ក្នុង​បច្ចុប្បន្ន​លែង​ចោទ​ជា​បញ្ហា​សម្រាប់​កម្ពុជា​ហើយ​។ ដោយឡែក​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ និង​អនឡាញ​គឺ​កំពុងតែ​ជា​បញ្ហា​ចោទ​ក្នុង​យុគសម័យ​បច្ចុប្បន្ននេះ​ដែល​ទាមទារ​ឲ្យ​មាន​វិធានការ​ច្បាស់លាស់​។

លោក​ សុវណ្ណ បន្ថែមថា ចំពោះ​វិធានការ​ដែល​ក្រសួង​ព័ត៌មាន​កំពុង​អនុវត្ត គឺ​មាន​ដូចជា ការប្រើប្រាស់​យន្តការ​មួយ​ក្នុង​គណៈកម្មការ​ដែល​មាន​សមាជិក​ជា​មន្ត្រី​របស់​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​រួមគ្នា​តាមដាន និង​បញ្ជូន​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញ​ទៅមក នៅពេល​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដើម្បី​ឈានដល់​វិធានការ​តាមផ្លូវ​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​យើង​មាន​ប្រកាស​អន្តរក្រសួង​ដោយ​មាន​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​ប្រៃសណីយ៍​រួមគ្នា​ជាមួយ​ក្រសួង​ព័ត៌មាន ដោយ​មាន​ចែង​ច្បាស់​ហើយ​ថា អ្នកណា​ចុះបញ្ជី​នៅ​ក្រសួង​ណា ក្រសួង​នោះ​នឹង​ចាត់​វិធានការ​នៅពេល​មាន​ភាពមិនប្រក្រតី និង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត ដោយ​ការអញ្ជើញ​ពួកគាត់​មក​ធ្វើការ​អប់រំ កែតម្រូវ​ទៅ​តាម​កំហុស​មុន​នឹង​ដាក់ទោសទណ្ឌ​តាមច្បាប់​»​។

លោក​ សុវណ្ណ បាន​បន្ថែមថា​៖ «​បើ​ក្នុងករណី​ទំព័រ​ហ្វេសប៊ុក​ហ្នឹង​មិន​ចុះបញ្ជី​ត្រឹមត្រូវ ឬ​មាន​ការគ្រប់គ្រង​ពី​ក្រៅ​ប្រទេស​អី គឺ​ក្រសួង​ព័ត៌មាន​នឹង​ជូនដំណឹង​ទៅ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​បន្ត​ដែល​នេះ គឺជា​យន្តការ​របស់​យើង​»​។

ក្រៅពី​យន្តការ​ទាំងនេះ​លោក​បញ្ជាក់ដែរថា ក្រុមហ៊ុន​ហ្វេសប៊ុក​ក៏​បាន​ប្រកាស​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការសហការ​ជាមួយ​កម្ពុជា ដើម្បី​ចាត់វិធានការ​ចំពោះ​គណនី​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​​មិន​ពិត​ទាក់ទង​នឹង​ជំងឺ​កូរ៉ូណា​ប្រភេទ​ថ្មី​ផងដែរ​៕