កណ្តាលៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាស​ថា ដោយសារ​តែ​ស្ថានការណ៍​សេដ្ឋកិច្ច​មាន​ភាពមិន​ច្បាស់លាស់ រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ដំឡើង​ប្រាក់ខែ សម្រាប់​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់អាវុធ​នៅក្នុង​ឆ្នាំ​ ២០២១​។ ប៉ុន្ដែ​រដ្ឋាភិបាល​ប្រើប្រាស់​ថវិកា​ចំនួន​ ១០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ដើម្បី​រុញឱ្យ​ដល់​ប្រាក់ខែ​មន្ដ្រី​ចូលនិវត្ដន៍​មុនៗ​។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ​ក្នុង​ពេល​លោក​អញ្ជើញ​ចូលរួម​ធ្វើជា​អធិបតី ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត «​ព្រីនស៍ ម៉ាណ័រ​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ភូមិ​ដីឥដ្ឋ​កោះផុស​ ២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ម្សិលមិញ​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​អូន ព័ន្ធមុនីរ័ត្ន​ [​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​] គ្រោងឡើង​ប្រាក់ខែ ប៉ុន្ដែ​ខ្ញុំ​បាន​ប្រាប់​ទៅ អូន ព័ន្ធមុនីរ័ត្ន ​ថា ប្រាក់ខែ​ឆ្នាំ ២០២១ ដោយសារ​សេដ្ឋកិច្ច​មិន​ច្បាស់លាស់ សុំ​ផ្អាក​ការដំឡើង​សម្រាប់​ឆ្នាំ​ ២០២១​។ អ៊ីចឹង សូមទោស​ទុក​ឱ្យ​ហើយ​»​។

ជាមួយ​គ្នា​នោះ​លោកនាយក​រដ្ឋមន្ដ្រី​បញ្ជាក់ថា មន្ដ្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ រក្សាទុក​នៅ​ប្រាក់បៀវត្សរ៍​ដដែល ប៉ុន្ដែ​ប្រាក់ឧបត្ថម្ភ សម្រាប់​ពេល​ពិធី​ចូលឆ្នាំ និង​ភ្ជុំបិណ្ឌ គឺ​នៅ​ផ្ដល់ជូន​។ លោក​ថ្លែងថា អ្វី​ដែល​ជា​ការយកចិត្ត​ទុកដាក់​របស់​រាជរដ្ឋាភិបាល ដែល​ជម្រាប​ជូនទៅ​អតីតយុទ្ធជន និង​និវត្តន៍ជន​នោះ គឺ​រដ្ឋាភិបាល​នឹង​បង្កើន​ប្រាក់បៀវត្សរ៍​ចំពោះ​និវត្តន៍ជន និង​អតីតយុទ្ធជន​ដែល​ចូល​និវត្ដន៍​មុនៗ​នោះ​។

ប្រមុខ​រាជរដ្ឋាភិបាល​ថ្លែងថា​៖ «​កាល​ចូលនិវត្ដន៍​មុន ប្រាក់ខែ​របស់​ពួកគាត់​តែ​ ៤០ ​ម៉ឺន​រៀល ដល់​គេ​កាត់​ទៅ វា​នៅសល់​តែ ៣០ ​ម៉ឺន​រៀល​។ បើ​ប្រៀបធៀប​ទៅនឹង​អ្នក​ចូលនិវត្ដន៍​ឥឡូវ យើង​ថា​ប្រាក់ខែ​ ១ ​លាន​រៀល ដល់​ចូលនិវត្ដន៍​ទៅ​គេ​កាត់​ ២០ ភាគរយ នៅ​សល់​ ៨០ ​ម៉ឺន​រៀល​។ អ៊ីចឹង​រវាង​អ្នក​ចូលនិវត្ដន៍​មុន និង​អ្នក​ចូលនិវត្ដន៍​ក្រោយ គឺ​ខុសគ្នា​។ អ៊ីចឹង​យើង​ប្រើ​ទំហំ​ទឹកប្រាក់​ប្រមាណ​ ១០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ដើម្បី​រុញឱ្យ​អ្នក​ចូលនិវត្ដន៍​មុន​កុំឱ្យ​ខុសគ្នា​ឆ្ងាយ​ពេក​ជាមួយ​នឹង​អ្នក​ចូលនិវត្ដន៍​ក្រោយ​»​។

លោកនាយក​រដ្ឋមន្ដ្រី​បន្ថែមថា រាជរដ្ឋាភិបាល​មិន​បំភ្លេច អតីតយុទ្ធជន និង​និវត្ដន៍ជន​ដែល​បាន​ចូលនិវត្ដន៍​កាលពី​ពេលមុនៗ​នោះទេ​។ ដូច្នេះ​ត្រូវ​ធ្វើ​យ៉ាងម៉េច ជំរុញ​អ្នក​ចូលនិវត្ដន៍​មុន ឱ្យ​ឡើង​ [​ប្រាក់​ចូលនិវត្ដន៍​]​។ ប៉ុន្ដែ​មន្ដ្រី​រាជការ​ជាទូទៅ​ដែល​កំពុង​ធ្វើការ និង​និវត្ដន៍ជន​ដទៃទៀត គឺ​មិន​បានទទួល​ការឡើង​ប្រាក់ខែ​ទេ​។ និវត្ដន៍​ជន និង​អ្នក​ចូល​និវត្ដន៍​មុនៗ​ដែល​ទទួលបាន​ចំនួន​ប្រាក់ខែ​ទាប គឺ​បាន​ឡើង​។ លោក​ក៏​សុំ​ការយោគយល់​ដោយសារ​ស្ថានការណ៍​សេដ្ឋកិច្ច​មាន​ភាពមិន​ច្បាស់លាស់​។

សមាជិក​គណៈកម្មការ​នាយក​នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក​ឡុង រឹម បាន​លើកឡើង​ថា ស្របពេល​រាជរដ្ឋាភិបាល​ផ្អាក​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ដ្រីរាជការ​បែបនេះ រដ្ឋាភិបាល​ក៏​គួរតែ​គិតគូរ​ទៅលើ​ចរន្ត​នៃ​ការលក់ដូរ​ទំនិញ​លើ​ទីផ្សារ​កុំឱ្យ​មាន​ការដំឡើង​ថ្លៃ​ហួសហេតុ​ផងដែរ​។

លោក​ថា​៖ «​យើង​សង្កេតឃើញ ថា រដ្ឋាភិបាល​តែងតែ​ដំឡើង​ប្រាក់បៀវត្សរ៍​ជូន​ដល់​មន្ដ្រី​រាជការ​ជា​រៀងរាល់ឆ្នាំ ទោះបី​ជា​មាន​ចំនួន​តិចតួច ឬ​ច្រើន ដើម្បី​ឱ្យ​មន្ដ្រីរាជការ​អាច​ទប់ទល់​ក្នុង​ជីវភាព​រស់នៅ​។ បើកាលណា​ប្រាក់បៀវត្សរ៍​មិន​ដំឡើង​បែបនេះ ប៉ុន្ដែ​ទំនិញ​នៅលើ​ទីផ្សារ​នៅតែ​បន្ត​ឡើងថ្លៃ​នោះ វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​មន្ដ្រីរាជការ​»​។

លោក មិន ថា ប្រធាន​ការិយាល័យ​សោធន​និវត្ដន៍​ខេត្ដ​ព្រៃវែង​បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​សោធន​និវត្ដន៍​ដល់​មន្ត្រីរាជការ​ជា​រៀងរាល់​ឆ្នាំ អាស្រ័យ​ទៅតាម​ប្រាក់បៀវត្សរ៍​របស់​មន្ដ្រី​ផ្ទាល់​។ មន្ដ្រី​ចូលនិវត្ដន៍​ចាស់ៗ​ដែលមាន​ប្រាក់ខែ​ទាប​ក្នុង​ ១ ​ឆ្នាំ​អាច​ឡើង​ក្នុង​រង្វង់​ ២-៣ ​ម៉ឺន​រៀល លើសពី​មន្ដ្រី​ដែល​ចូលនិវត្ដន៍​ក្នុងពេល​បច្ចុប្បន្ន​ដែលមាន​ប្រាក់ខែ​ខ្ពស់​។

លោក​ថ្លែងថា​៖ «​មន្ដ្រីរាជការ​ស៊ីវិល​ដែល​ចូលនិវត្ដន៍​ក្នុង​ខេត្ដ​យើង​សរុប​មាន​ចំនួន​ជាង​ ៣ ​ពាន់នាក់​ក្នុង​នោះ​មន្ដ្រី ដែលមាន​ប្រាក់​សោធន​និវត្ដន៍​ទាប​ជាងគេ គឺ​ត្រឹម​ចំនួន​ ៦០ ​ម៉ឺន​រៀល​»​។

លោក​ យក់ ប៊ុនណា អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា មន្ដ្រីរាជការ​ចូលនិវត្ដន៍​ដែល​ទទួល​បានការ​ជំរុញ​ដំឡើង​ប្រាក់​សោធន​នោះ គឺជា​មន្ដ្រី​ដែល​បាន​ចូលនិវត្ដន៍​នៅត្រឹម​អំឡុង​ឆ្នាំ​ ២០១៤ មុនពេល​រាជរដ្ឋាភិបាល​បានធ្វើ​សមាហរណកម្ម​មន្ត្រីរាជការ​ចូលទៅក្នុង​ចរន្ត​ថ្មី​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​មន្ដ្រី​ដែល​បាន​ចូលនិវត្ដន៍​នៅត្រឹម​ឆ្នាំ​ ២០១៤ គឺ​ពួកគាត់​ទទួល​បាន​ប្រាក់​សោធន​និវត្ដន៍​ទៅតាម​បៀវត្សរ៍​ចាស់ ទើប​បាន​ជាមាន​គម្លាត​ប្រាក់បៀវត្សរ៍​រវាង​មន្ដ្រី​ថ្មី ជាមួយ​នឹង​មន្ដ្រី​ចូល​និវត្ដន៍​មុន​»​។

បើតាម​លោក​ ប៊ុនណា មន្ដ្រីរាជការ​ទាំង​ស៊ីវិល និង​យុទ្ធជន​ដែល​បាន​ចូល​និវត្ដន៍​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ប្រមាណ​ជាង​ ១០ ​ម៉ឺន​នាក់​។ រីឯ​ការដំឡើង​ប្រាក់​សោធន​និវត្ដន៍​ដល់​មន្ដ្រី​ដែលមាន​បៀវត្សរ៍​ទាប គឺ​ក្នុង​ ១ ​ឆ្នាំ​អាច​ដំឡើង​ចាប់ពី​ជាង ១ ​ម៉ឺន​រៀល​ទៅដល់​ ៨ ​ម៉ឺន​រៀល​ខ្ពស់ជាង​មន្ដ្រី​ដែល​ទើប​ចូល​និវត្ដន៍​ថ្មី​៕

វីដេអូ៖