ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ ជាពិសេស​ស្ថាប័នរដ្ឋ​ទាំងអស់​ចូលរួម​សន្សំសំចៃ​ក្នុង​ការប្រើប្រាស់​អគ្គិសនី និង​ទឹកស្អាត ដើម្បី​រួមចំណែក​កាត់បន្ថយ​ការចំណាយ​ថវិកា​របស់​ជាតិ និង​បង្វែរ​ថវិកា​ទាំងនោះ​ទៅ​ប្រើប្រាស់​លើ​ផ្នែក​ចាំបាច់​ឱ្យ​​ចំ​គោលដៅ​។

លោក ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅ​ថ្ងៃទី​ ១ ខែ​កុម្ភៈ ក្នុងពេល​ដែល​លោក​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង និង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ចំការមន​។ លោក​បាន​ថ្លែងថា ការប្រើប្រាស់​ទឹក​ក្នុង​រាជធានី​ភ្នំពេញ​មាន​ការខ្វះខាត ដោយសារ​កំណើន​ប្រជាជន​មាន​ការកើនឡើង​យ៉ាងគំហុក​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ទាំង​ពលរដ្ឋ និង​ស្ថាប័នរដ្ឋ គប្បី​ប្រើប្រាស់​អគ្គិសនី និង​ទឹកស្អាត​ដោយ​សន្សំសំចៃ​ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ថាមពល​ឱ្យបាន​គ្រប់គ្រាន់​។

លោក​បញ្ជាក់​ថា​៖ «​យើង​គប្បី​សន្សំសំចៃ​ទៅលើ​បញ្ហា​ប្រើប្រាស់​ទាំង​អគ្គិសនី​ក្តី ទាំង​ទឹក​ក្តី កុំ​ខ្ជះខ្ជាយ មិន​ថា​គ្រួសារ​ទេ ជាពិសេស​ស្ថាប័នរដ្ឋ​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ទៅលើ​ការប្រើប្រាស់​អគ្គិសនី​»​។ ឥឡូវនេះ​ក្រសួង​មួយចំនួន​ដូចជា​ក្រសួង​បរិស្ថាន ក្រសួង​សាធារណការ ហើយ​ប្រហែល​ជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកទេស​ និង​នវានុវត្តន៍​ដែល​កំពុង​សាងសង់ ក៏​ប្រហែល​ជា​ប្រើប្រាស់​សូឡា​ដែរ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ភ្លើង​។

លោក​ ហ៊ុន សែន ​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​ដើម្បី​កាត់បន្ថយ​ប្រើប្រាស់​ភ្លើង​បាន សំខាន់បំផុត​គឺ​កុំ​បើក​ម៉ាស៊ីនត្រជាក់​ឱ្យ​ត្រជាក់​ពេក ឥឡូវ​កូវីដ​នៅតែ​ជាមួយ​ធាតុ​ត្រជាក់​ផង​ប្រយ័ត្ន ហើយ​ពេល​ចេញពី​ធ្វើ​ការបិទ​ម៉ាស៊ីនត្រជាក់ បិទភ្លើង ប្រទេស​គេ​ធ្វើ​អ្នកមាន គេ​ពូកែ​សន្សំ សំចៃ គេ​អត់​ខ្ជះខ្ជាយ​ទេ​»​។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល ធ្លាប់បាន​ថ្លែងថា អគារ​ទីស្តីការ​ថ្មី​របស់​ក្រសួង​សាធារណការ ព្រមទាំង​អគារ​វិទ្យាស្ថាន «​តេជោសែន​សាធារណការ និង​ដឹកជញ្ជូន​» ដែល​ទើប​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ថ្មីៗ​នេះ​សាងសង់​ឡើង​ដោយ​បំពាក់​ថាមពល «​សូឡា​»​។ លោក​បញ្ជាក់ថា ការបំពាក់​ថាមពល «​សូឡា​» នេះ​ធ្វើឱ្យ​ក្រសួង​ចំណេញ​ថ្លៃ​អគ្គិសនី​ក្នុង​ ១ ​ថ្ងៃ​ជាង ១ ​ពាន់​ដុល្លារ​ឯណោះ ពោល​ចំណេញ ៣ ​ម៉ឺន​ដុល្លារ ក្នុង ១ ​ខែ​។

លោក ហុគ ម៉េងហ៊ាន់ ប្រធាន​កម្មវិធី​បរិស្ថាន និង​កសិកម្ម​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO-Forum) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បើសិន​គ្រប់ភាគី​ចូលរួម​អនុវត្ត​តាម​ការអំពាវនាវ​របស់​ថ្នាក់ដឹកនាំ​ក្នុង​ការសន្សំសំចៃ​នៃ​ការប្រើប្រាស់​ទាំង​ទឹក និង​ភ្លើង មិន​ត្រឹមតែ​ជួយ​ដល់​ការ​សន្សំសំចៃ​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ដល់​បរិស្ថាន​នៃ​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​សព្វថ្ងៃនេះ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ មិន​ថា​កម្ពុជា​ទេ ពិភពលោក​ទាំងមូល​មាន​ការកើនឡើង​ពី​តម្រូវការ និង​ឧបករណ៍​នៃ​ការប្រើប្រាស់​អគ្គិសនី ធ្វើឱ្យ​ប៉ះពាល់​ជីវចម្រុះ បរិស្ថាន ដូចជា​ការបំភាយ​ឧស្ម័ន​»​។ លោក​គិតថា ការចូលរួម​ចំណែក​នេះ​មិនមែន​តែ​ស្ថាប័ន​រដ្ឋាភិបាល​ទេ ប្រជាពលរដ្ឋ​ទូទៅ​ត្រូវ​មាន​ចំណេះដឹង​ក្នុង​ការប្រើប្រាស់​អគ្គិសនី​ប្រកប​ដោយ​ការសន្សំសំចៃ ដែល​វា​អាច​ចូលរួម​ចំណែក​ដោយផ្ទាល់​ដល់​សេដ្ឋកិច្ច និង​ដោយ​មិនផ្ទាល់​ដល់​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ។

លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គួរ​ងាក​មក​វិនិយោគ​ថាមពល​អគ្គិសនី ឬ​ថាមពល​កកើតឡើង​វិញ​ក្នុង​ស្រុក ខណៈ​កម្ពុជា​មាន​សក្តានុពល​ច្រើន​ក្នុង​ការផលិត​ថាមពល​អគ្គិសនី ដើម្បី​កាត់បន្ថយ​ការនាំចូល​អគ្គិសនី​ពី​ប្រទេសជិតខាង​ដែល​ធ្វើឱ្យ​តម្លៃ​ដើម​ថ្លៃ​។

បច្ចុប្បន្ន រដ្ឋ​មាន​ការអនុគ្រោះ​ដល់​ពលរដ្ឋ​ក្រីក្រ​ក្នុង​ការប្រើប្រាស់​ទឹកស្អាត ដោយ​គ្រួសារ​ដែល​ប្រើប្រាស់​ទឹក​មិន​លើសពី​ ៧ ​ម៉ែត្រគុប គឺ​គិត​ថ្លៃ​ត្រឹម​ ៤០០ ​រៀល​ក្នុង​ ១ ​ម៉ែត្រគុប និង​មាន​តម្លៃ​កើនឡើង​ជា​បន្តបន្ទាប់ ចំពោះ​អ្នកប្រើប្រាស់​កាន់តែ​ច្រើន ហើយ​អ្នក​ដែល​ប្រើ​ចាប់ពី​ ៥០១ ​ម៉ែត្រគុប​ឡើង​ទៅ គឺ​មាន​តម្លៃ​ ២ ៤០០ ​រៀល ​ក្នុង​ ១ ​ម៉ែត្រគុប​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​អតិថិជន​ជា​ក្រសួង ស្ថាប័ន អង្គភាព​នានា និង​ស្ថានទូត មិន​កំណត់​បរិមាណ គឺ​តម្លៃ ២ ៥០០ ​រៀល ថ្លៃ​ជាងគេ ព្រោះ​ក្រសួង​នានា​ប្រើ​យកលុយ​រដ្ឋ ហើយ​បង់​ឱ្យ​រដ្ឋ​វិញ អ៊ីចឹង​រាង​ថ្លៃ​បន្តិច អ៊ីចឹង​បាន​ថា យើង​ត្រូវ​ចេះ​សន្សំសំចៃ​»​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ខណៈ​កម្ពុជា​កំពុង​បោះជំហាន​ទៅមុខ ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​កកើត​ឡើង​វិញ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សម្ពាធ​ធម្មជាតិ​។

លោក​ថ្លែងថា​៖ «​ពាក់ព័ន្ធ​ថាមពល​កកើត​ឡើងវិញ កម្ពុជា​បាន​បោះជំហាន​ទៅមុខ​ក្នុង​តំបន់ ដោយ​ប្រើប្រាស់ សូឡា​ប្រមាណ ១០ ​ភាគរយ​នៃ​ថាមពល​សរុប​ដែល​ប្រើប្រាស់​នៅ​ទូទាំង​ប្រទេស​»​។

រោងចក្រ​ប្រព្រឹត្តិកម្ម​ផលិត​ទឹកស្អាត​ចំការមន​ដែល​ត្រូវបាន​សម្ពោធ​កាលពី​ថ្ងៃទី​ ១ កុម្ភៈ ឆ្នាំ​ ២០២១ មាន​សមត្ថភាព​អាច​ផលិត​ទឹកស្អាត​បាន​ចំនួន ៥២ ០០០ ​ម៉ែត្រគុប​ ក្នុង​ ១ ​ថ្ងៃ​ ដែល​កាលពីមុន​អាច​ផលិត​ទឹកស្អាត​បាន​ត្រឹម​តែ ១២ ០០០ ​ម៉ែត្រគុប​ប៉ុណ្ណោះ​ ក្នុង​ ១ ​ថ្ងៃ ខណៈ​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់ខែង​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​ប្រមាណ​ជា ៤០០ ០០០ ​ម៉ែត្រគុប​ ក្នុង​ ១ ​ថ្ងៃ​ ដែល​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៤៕