ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​​ ឬ​ស្ថាប័ន​រដ្ឋ​ទូទាំងប្រទេស​ដាក់​បង្ហាញ​ពាក្យស្លោក​ «​អរគុណ​សន្តិភាព​» ​នៅតាម​ទីតាំង​ស្ថាប័ន​រៀងៗ​ខ្លួន ហើយ​ថា​ពាក្យស្លោក​នេះ​មិនមាន​ខ្លឹមសារ​ប្រឆាំង​នឹង​អ្នកណា​ទេ ប៉ុន្តែ​ដើម្បី​ជា​ការស្រឡាញ់ និង​ការពារ​សន្តិភាព​ប៉ុណ្ណោះ​។

លោក​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​ពី​ម្សិលមិញ​ថា​៖ «​សូម​អរគុណ​បងប្អូន​ជន​រួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់ខ្ញុំ​គឺ «​អរគុណ សន្តិភាព​» ​ដែល​ខ្ញុំ​យល់ថា​វា​មានតម្លៃ​មិន​សាបសូន្យ​មិន​ថា​កន្លងមក ថ្ងៃនេះ និង​ថ្ងៃក្រោយ​»​។

លោក​បន្តថា «​មនុស្ស​ទាំងអស់​គ្នា​ត្រូវការ​សន្តិភាព លើកលែង​តែ​ពួក​ភេរវករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព​។ អរគុណ​សន្តិភាព​បាន​ក្លាយ​ទៅ​ជា​ពាក្យស្លោក​របស់​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​។ អរគុណ​សន្តិភាព​!»​។

យោង​តាម​សារ​ជា​សំឡេង​របស់​លោក​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ម្សិលមិញ​លោក ហ៊ុន សែន បានស្នើ​ឲ្យ​មាន​ការដាក់ពាក្យ​ស្លោក​នេះ​នៅតាម​សាលារៀន និង​ស្ថាប័នរដ្ឋ​នៅ​ទូទាំង​ប្រទេស​។ លោក​បញ្ជាក់​ថា សមិទ្ធផល​ដែល​សម្រេចបាន​ដូច​សព្វថ្ងៃ​គឺ​ដោយសារ​សន្តិភាព ដូច្នេះ​រដ្ឋមន្ត្រី​តាម​ស្ថាប័ន និង​អាជ្ញាធរខេត្ត​គ្រប់​ខេត្ត​ត្រូវ​ដឹកនាំ​ចលនា​នេះ​ដោយ​គោលដៅ​គឺ​ធានា​បាន​នូវ​សន្តិភាព​ដើម្បី​ចៀស​បាន​ការប្រមាថ​ពី​អ្នកដទៃ​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ឆ្នាំ​ថ្មី​នេះ​យើង​គួរ​មាន​ចលនា​មួយ​គ្របដណ្ដប់​ទូទាំង​ប្រទេស​តែម្ដង ហើយ​ខ្លឹមសារ​នោះ​គ្មាន​ប្រឆាំង​ជាមួយ​អ្នកណា​ទេ ប្រើពាក្យ «​អរគុណ​សន្តិភាព​» យើង​សរសេរ​នៅ​កន្លែង​ធ្វើការ​។ សូម្បីតែ​នៅ​ខ្លោងទ្វារ​ក៏​អាច​សរសេរ​បានដែរ​។ គឺ​បំផុស​ចលនា​អរគុណ​សន្តិភាព ដើម្បី​យក​ភាសា​នេះ​ជា​ភាសា​គន្លឹះ​ដែល​ត្រូវ​ឲ្យ​ទាំងអស់​គ្នា​ស្រឡាញ់​សន្តិភាព ហើយ​ការពារ​សន្តិភាព​»​។

លោក​ រស់ ផារិទ្ធ អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹងថា​ខេត្ត​ស្វាយរៀង​របស់លោក​បាន​អនុវត្តតាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ដោយ​ចង​បដា​ពាក្យស្លោក​ «​អរគុណ​សន្តិភាព​» ​នេះ​នៅតាម​ទីតាំង​ខ្លះ​រួចហើយ បន្ទាប់ពី​អនុសាសន៍​របស់​លោក​ ហ៊ុន សែន ត្រូវ​បានដាក់​ទៅ​តាម​អង្គភាព និង​ស្ថាប័នរដ្ឋ​នានា​។

លោក​ថ្លែងថា​៖ «​យើង​ដាក់ពាក្យ​ថា​អរគុណ​សន្តិភាព​នៅតាម​មន្ទីរ អង្គភាព​នានា ស្ថាប័ន រដ្ឋ គឺ​ដើម្បី​ថា រៀងរាល់​ថ្ងៃនេះ​មាន​ការអភិវឌ្ឍ​រីកចម្រើន​បាន​គឺ​ដោយសារតែ​សន្តិភាព​ហ្នឹងឯង បើ​គ្មាន​សន្តិភាព​ក៏​គ្មានអ្វីៗ​ទាំងអស់​ដែរ​។ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ការពារ​សន្តិភាព​នេះ​ឲ្យ​បាន​ដើម្បី​បន្ត​អភិវឌ្ឍ​ទៅមុខទៀត ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​ប្រកប​ដោយ​គតិបណ្ឌិត​។ ន័យ​ខ្លឹមសារ​គឺ​ប៉ុណ្ណឹង​ឯង​»​។

លោក​បន្តថា ក្រៅពី​ពាក្យ​ «​អរគុណ​សន្តិភាព​» ​គេ​ក៏​អាច​សរសេរ​ពាក្យ​ដែលមាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា​ដូចជា​ «​មាន​សន្តិភាព​ទើប​មាន​អ្វីៗ​ទាំងអស់​ដូច​សព្វថ្ងៃនេះ​» «​យើង​ទាំងអស់​គ្នា​ស្រឡាញ់​សន្តិភាព និង​គោរព​ថែរក្សា​សន្តិភាព​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា សារ​តាម​តេឡេក្រាម​របស់លោក​ ហ៊ុន សែន មិនមាន​អ្វី​ទាស់ខុស​ទេ ព្រោះ​សន្តិភាព​គឺជា​ឫសគល់ ឬ​ជា​លក្ខខណ្ឌ​ចាំបាច់​បំផុត​សម្រាប់​ការអភិវឌ្ឍ និង​អ្វីៗ​សព្វបែបយ៉ាង​។

លោក​ថ្លែងថា​៖ «​អរគុណ​សន្តិភាព​នេះ​ជា​ការផ្ដល់​តម្លៃ​ខ្ពស់​ទៅលើ​សន្តិភាព ប៉ុន្តែ​សន្តិភាព​ដែល​មាន​ស្ថិរភាព និង​ភាព​យូរអង្វែង គឺ​ត្រូវ​យកចិត្ត​ទុកដាក់​លើ​យុត្តិធម៌​សង្គម​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ជា​មូលដ្ឋាន​ទាំងអស់​ហ្នឹង​។ កាលណា​យើង​មាន​អយុត្តិធម៌​សង្គម​គម្លាត​ឆ្ងាយ​ពេក​រវាង​អ្នកមាន និង​អ្នកក្រ សន្តិភាព​មិនអាច​រក្សា​បានទេ​»​។

លោក​បន្ថែមថា ជា​បទពិសោធ​ជាក់ស្ដែង​សង្គ្រាម​នៅ​ស្រុក​ខ្មែរ​កើតមានឡើង​ដោយសារ​តែ​រឿង​អយុត្តិធម៌​សង្គម និង​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​ដែល​ធ្វើ​ឲ្យ​ពួក​កុម្មុយនីស្ត និង​ពួក​បដិវត្តន៍​យក​ចំណុច​អវិជ្ជមាន​នៃ​សង្គម​ទៅ​បង្ក​សង្គ្រាម​ដូចជា​នៅ​សម័យ លន់ នល់ ពួក​ខ្មែរក្រហម​បាន​ប្រើពាក្យ​ស្លោក​មួយ​ថា «​ចលនា​បដិវត្តន៍​កំហឹង​វណ្ណៈ​»​។

លោក​បន្តថា​៖ «​ដូច្នេះ​ដើម្បី​ឲ្យ​សន្តិភាព​មាន​ភាព​យូរអង្វែង មិន​ត្រឹមតែ​លើក​ពាក្យស្លោក អរគុណ​សន្តិភាព​ប៉ុណ្ណឹង​ទេ គឺ​ត្រូវ​ពង្រឹង​សុខុមាលភាព​សង្គម​ពង្រឹង​យុត្តិធម៌​សង្គម​ធ្វើ​ម៉េច​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​បាន​សម្បូរសប្បាយ​ប្រសើរ​ជាង​ហ្នឹង​ថែមទៀត ហើយ​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​។ អំពើ​អយុត្តិធម៌​សង្គម​គួរ​ត្រូវបាន​ដោះស្រាយ​ដោយ​ស្មើភាព ដោយ​សមភាព​ចំពោះមុខ​ច្បាប់ ហាម​មាន​ស្ដង់ដា​ ២-៣ ​សម្រាប់​ដោះស្រាយ​។ កាលណា​មាន​ស្ដង់ដា​ច្រើន វា​ធ្វើឲ្យ​មាន​ភាពអយុត្តិធម៌​ហើយ​»​។

លោក​ មាស នី អ្នកវិភាគ​បញ្ហា​សង្គម​យល់​ឃើញ​ថា គណបក្ស​កាន់អំណាច​និង​រដ្ឋាភិបាល​ហាក់​កំពុងមាន​មោទនភាព​ជាមួយនឹង​ការបង្ក្រាប​អតីត​គណបក្សប្រឆាំង​បាន​ជោគជ័យ ដោយ​មិន​មានការ​ប្រឈម​នូវ​អំពើហិង្សា​។ ប៉ុន្តែ​លោក​ថា សន្តិភាព​ជាក់ស្ដែង​មានន័យ​ទូលំទូលាយ​ជាង​ការបង្ក្រាប​មនុស្ស​មិន​ឲ្យ​រើ មិន​ឲ្យ​តវ៉ា គឺ​សន្តិភាព​មួយ​ដែល​មាន​ការស្រុះស្រួល​គ្នា​ទាំង​ផ្លូវចិត្ត​ទាំង​ផ្លូវកាយ ទាំង​ផ្លូវ​នយោបាយ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ​បើ​យើង​មើល​ទៅ​សន្តិភាព​នេះ​ជា​សន្តិភាព សម្រាប់​អ្នកកាន់​អំណាច​សម្រាប់​គណបក្ស​ប្រជាជន​។ ប៉ុន្តែ​សន្តិភាព​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​នោះ ខ្ញុំ​យល់​ឃើញ​ថា ប្រហែល​ជា​ពលរដ្ឋ​ដទៃទៀត​មិនទាន់​បាន​វាយតម្លៃ​សន្តិភាព​ដូចដែល​រដ្ឋាភិបាល​បាន​វាយតម្លៃ​ទេ​។ ជាធម្មតា​ទាំង​សន្តិភាព យុត្តិធម៌​សង្គម ប្រជាធិបតេយ្យ សិទ្ធិមនុស្ស គឺ​មិនមែន​រដ្ឋាភិបាល​អ្នក​វាស់​ទេ គឺ​ពលរដ្ឋ​អ្នក​វាស់​។ ដូច្នេះ​បើ​ពលរដ្ឋ​វាស់​ទៅ​ឃើញ​មិនទាន់​គ្រប់​គីឡូ​ដែល​គាត់​ចង់​បាន​ទេ ការអះអាង​របស់​រដ្ឋាភិបាល​គ្រាន់តែ​ជា​ប្រជាភិថុតិ​ផ្នែក​នយោបាយ​ទេ​»៕