
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ រូបថត SPM
ភ្នំពេញ៖ ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងប្រកបដោយគ្រោះថ្នាក់នៃការបន្តមាននូវការរីករាលដាលនៃវីរុសកូវីដ១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យអ្នកសារព័ត៌មានទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ ពន្យល់សារអប់រំ និងវិធានការបង្ការជំងឺឆ្លងកូវីដ១៩។
នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីក្នុងសារលិខិតអបអរ ទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី ២៨ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ នេះក្រោមប្រធានបទ «ផលប្រយោជន៍នៃព័ត៌មានចំពោះសាធារណជន»។
សារលិខិតនេះបានលើកឡើងថា ទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី ២៨ ឆ្នាំនេះ បានលើកយកប្រធានបទស្តីពី «ផលប្រយោជន៍នៃព័ត៌មានចំពោះសាធារណជន “ គឺពិតជាមានសារៈសំខាន់ណាស់ និងស្របទៅនឹងស្ថានភាពជាក់ស្តែងដែលមនុស្សទូទាំងសកលលោកបានចាត់ទុកថា ព័ត៌មានគឺជាចំណីអាហារប្រចាំថ្ងៃរបស់ពួកគេដែលមិនអាចខ្វះបាន។
រយៈពេលជិតពីរឆ្នាំកន្លងទៅនេះ ពិភពលោកទាំងមូលបាននិងកំពុងជួបប្រទះនូវមហន្តរាយយ៉ាងធំធេងដែលបង្កឡើងដោយជំងឺឆ្លងជាសកលកូវីដ១៩។ ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ ប្រទេសជាច្រើនបានរឹតត្បិតសេរីភាពនៃការប្រមូលផ្តុំ និងដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាអាសន្ន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាជនឱ្យរួចផុតពីសេចក្តីស្លាប់។
សារលិខិតបន្តថា រលកទី ៣ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេចក្តីសុខសាន្ត សុខភាពសាធារណៈ និងបានឆក់យកអាយុជីវិតប្រជាជនកម្ពុជា និងជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជាអស់ជាច្រើននាក់ និងមានអ្នកផ្ទុកមេរោគកូវីដ១៩ គិតមកដល់ពេលនេះមានចំនួនជាងមួយម៉ឺននាក់។
ទោះបីស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាក និងប្រឈមបែបនេះក្តីក៏អ្នកសារព័ត៌មានយើងបានខិតខំស្វែងរកព័ត៌មានផ្សព្វផ្សាយជូន សាធារណជនបានរហ័សទាន់សភាពការណ៍ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ និងប្រឆាំងព័ត៌មានក្លែងក្លាយនៅគ្រប់ដំណាក់កាលយ៉ាងមានប្រសិទ្ធភាព និងទទួលបានជោគជ័យនាពេលកន្លងមក។
លោក ហ៊ុន សែន បានថ្លែងតាមរយៈសារលិខិតនេះថា៖ «ខ្ញុំសូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំពុះពារជម្នះរាល់ឧបសគ្គប្រឈមនឹងគ្រោះថ្នាក់បំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពីសភាពការណ៍ពិតដែលបានកើតឡើងនៅក្នុងប្រទេស»។
លោកបានបន្ថែមថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងប្រកបដោយគ្រោះថ្នាក់នេះ លោកក៏សូមឱ្យអ្នកសារព័ត៌មានទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ ពន្យល់សារអប់រំ និងវិធានការបង្ការជំងឺឆ្លងកូវីដ១៩ របស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។
លោកនាយករដ្ឋមន្ត្រីថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា ការខិតខំរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលបានជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋនោះទេ»។
លោក ហ៊ុន សែន បន្តថា៖ «ហើយខ្ញុំសូមរំឭកជាថ្មីម្តងបទៀតដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិត្រូវយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈចៀសវាង គិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំពានទៅលើសិទ្ធិបុគ្គលឯកជនដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកើតមានភាពវឹកវរ ចលាចលនៅក្នុងសង្គម»។
នៅក្នុងសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មាននេះដែរ លោក ហ៊ុន សែន ក៏បានអំពាវនាវសូមបន្តចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដោយ ធ្វើការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិ ដែលតែងតែប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងជនទុច្ចរិតដែលស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាពរបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលមិនអាចអត់ឱនបាន៕