ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវ​នាវឲ្យ​ថៅកែ​រោង​ចក្រ​បញ្ឈប់​ការ​ប្រើ​យន្ត​កា​រប​ណ្តេ​ញ​កម្មករ​ចេញពី​ការងារ​ ជាអ្វី​ដែល​លោក​យល់​ថា មិន​មែន​ជា​វិធាន​ការ​ល្អ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ ហើយ​ណែនាំ​ឲ្យ​ក្រសួង​ការងារត្រូវ​ធានា​ឲ្យ​បាន​នូវ​បញ្ហា​ទាំង​នេះដើម្បី​ចៀស​វាង​បាតុភាព​មិន​ល្អ។

លោក​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​នៅ​ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជា​មួយ​កម្មករ កម្ម​ការិនី​ ប្រមាណ​ជាង​ ១ ​ម៉ឺន​នាក់​ មក​ពី​រោង​ចក្រ​សហ​គ្រាស​ចំនួន​ ៣៤ នៅ​ខេត្ត​កណ្តាល​កាល​ពី​ម្សិល​មិញ​ថា៖ «ខ្ញុំ​អំពាវ​នាវ​ម្ចាស់​រោង​ចក្រ​ទាំង​អស់​ កុំ​ប្រើ​ប្រាស់​វិធាន​ការ​ទៅ​លើ​បញ្ហា​ការ បណ្តេញ​ចេញ​ មិន​មែន​ជា​មធ្យោ​បាយ​ទេ នូវ​ការ​បណ្តេញ​ចេញ។​ ការ​សន្ទ​នា​រវាង​ម្ចាស់​រោងចក្រ ជាមួយ​សហ​ជីពជាមួយ​តំណាង​កម្ម​ករគឺ​ពិត​ជា​វិធីសាស្ត្រ​ដ៏ល្អ​បំផុត»។

ជា​មួយនេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បាន​លើក​ជា​ឧទាហ​រណ៍​ដែល​បាន​កើតឡើ​ង​នៅ​ប្រទេស​បង់​ក្លាដែសពីករណី​បញ្ឈប់​កម្មករ​រាប់​ពាន់នាក់​កាល​ពីថ្មី​ៗនេះ ដោយ​លោក​ថា មិន​មែនជា​មធ្យោបាយ​ល្អ ខណៈ​​នៅតាម​បណ្តា​រោង​ចក្រ​នៅ​កម្ពុជាក៏​ធ្លាប់​មាន​បទ​ពិសោធ​ស្រ​ដៀងគ្នា​ផង​ដែ​រ រហូត​លោក​ឈាន​ទៅធ្វើ​អន្តរា​គម​ន៍ដើម្បី​សុំ​ឲ្យ​អ្នក​ត្រូវបាន​បញ្ឈប់​ពី​ការងារ​បាន​ចូល​ធ្វើ​ការងារ​វិញ។

លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ថា៖ «ម្ចាស់​រោង​ចក្រ​ត្រូវ​យក​ចិត្ត​ទុ​កដាក់​ពី​សុខុ​មាល​ភាព​របស់​កម្មក​រ។ កម្មករមាន​សុខ​ភាព ហើយក៏​ត្រូវមា​ន​ការបង្កើន​ការ​យក​ចិត្តទុ​កដាក់​ ប​ង្កើ​ន​ចំណេះ​ដឹង​សម្រាប់​កម្មករ​ ឯកម្មករ​ខ្លួន​ឯងត្រូវខិតខំ​បំពេញ​ឲ្យ​គ្នា។ម្ចាស់​រោង​ចក្រ​ត្រូវ​យល់​ថា យើង​មាន​តែ​រោង​ចក្រ​អត់​កម្មករ​ ខ្លួន​ មិន​មែន​ជា​ម្ចាស់​រោង​ចក្រ​នោះ​ទេ តែ​ខ្លួន​គឺ​គ្រាន់​តែ​ជា​ម្ចាស់​ឃ្លាំង​ប៉ុ​ណ្ណោះ ឯកម្មករ​របស់​យើង ប្រសិន​បើគ្មាន​រោង​ចក្រ​ទេ ក៏​មិន​មាន​ន័យ​ថា​ ជា​កម្មករ​ដែរ»។

លោក​នាយករ​ដ្ឋ​មន្ត្រី ក៏​បាន​ណែនាំឲ្យ​ក្រសួង​ការងារ​និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ ធ្វើ​កិច្ច​ការងារ​​នេះជា​មួយនឹ​ង​កម្មករ​ ជា​មួយ​នឹង​ម្ចាស់​រោង​ចក្រ សុំ​កុំអាល​យក​វិធាន​ការ​ប្រ​ញាប់​ប្រញាល់​បញ្ឈប់​កម្មក​រ ត្រូវ​ខិត​ខំ​ធ្វើ​យ៉ាង​ម៉េច​សម្រប​សម្រួល​ឲ្យ​ពួក​គេ​ទទួល​បាន​ការងា​រ​ធ្វើ ហើយ​ចាត់​ទុកថា​ នេះ​មិន​មែន​ជា​កំហុស​ធ្ងន់​ធ្ងរ​ដែល​ជា​ប្រភេទ​ព្រហ្ម​ទណ្ឌ​នោះ​ទេ។

លោក​បន្ត​ថា ប្រសិន​បើ​កំហុស​ព្រហ្ម​ទណ្ឌ គឺ​តុលា​ការ គេ​នឹង​ចាត់​វិធាន​កា​រលើ​បញ្ហា​នោះ ប៉ុន្តែ​ក្នុង​វិវាទ​ការ​ងារ មិន​គួរ​ឈាន​​ដល់​ការ​បណ្តេញ​ចេញ​នូវ​អ្នក​ធ្វើកា​រ ប៉ុន្តែ​វិធាន​ការ​សន្ទនា និង​អប់រំ គឺជា​វិធាន​ការ​ចាំបាច់។

ការ​អំពា​វនាវ​របស់​លោក​នា​យករ​ដ្ឋមន្ត្រី​ពេល​នេះ ស្រប​ពេល​ដែល​មាន​កម្មករ​តាម​រោង​ចក្រ​មួយ​ចំនួន​នៅ​កម្ពុជា ត្រូវ​បាន​ប​ញ្ឈប់​ពី​ការងារ​ជា​បន្ត​បន្ទា​ប់ ក្រោម​ហេតុ​ផល​ផ្សេងៗគ្នា​ ក្នុង​នោះ​​ក៏មាន​កម្មករ​ជាង ១ ០០០ នាក់​ ក្នុង​រោងច​ក្រ​ W&D រាជធានី​ភ្នំពេញត្រូវ​បាន​ម្ចាស់​រោង​ចក្រ​បញ្ឈប់​ពី​ការងារ​ផង​ដែរ ក្រោយ​ពួកគេ​ទាម​ទារ​ឲ្យ​ថៅកែ​​ទូទាត់​ប្រាក់​អតីត​ភាព​កា​រងារ ខណៈ​បច្ចុប្បន្ន​កម្មករ​មួយចំនួន នៅបន្ត​តវ៉ា​ ដែលគិត​មក​ទល់​ពេល​នេះគឺ​ជិត ៣ ខែ​ហើយ។

អ្នក​ស្រី ស្រី នាង ជា​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ជាង​ ១ ០០០​ នាក់​ដែលត្រូវ​បាន​រោងច​ក្រ W&D បញ្ឈប់​ពី​ការ​ងារ និង​កំពុង​បន្ត​ការ​តវ៉ា សង្ឃឹម​ថា អ្នក​ស្រី​​នឹង​ទទួល​បាន​ដំណោះ​ស្រាយ​ និង​បាន​ចូល​ធ្វើកា​រ​វិញក្នុង​ពេល​ឆាប់ៗ បន្ទាប់ពី​លោក​នាយ​ក​រដ្ឋ​មន្ត្រីបាន​អះ​អាង​យ៉ាង​ដូច្នេះ។​

អ្នកស្រី​បន្ត​ថា ពេល​នេះអ្នកស្រី​ជួប​ការលំបា​ក​យ៉ាង​ខ្លាំងព្រោះ​តាំងពី​រោង​ចក្រ​បញ្ឈប់​​​ពីការងារ​មក គឺមាន​ការខ្វះ​ខាត ព្រោះ​គ្មាន​ចំណូលណាមួយ​ ចំណូល​បាន​មកពី​ស្វាមី​គឺ​​ត្រូវ​ចំណាយ​លើ​ផ្ទះ​ជួល និង​ការ​សិក្សា​កូន ស្ទើរ​តែ​មិន​គ្រប់។

អ្នក​ស្រី​បញ្ជាក់​ថា៖​ «បើ​គាត់​ប្រកាស​អ៊ឹ​ចឹ​ង​ហើយឲ្យ​មាន​លទ្ធ​ផល​មក ព្រោះ​ខ្ញុំ​មិន​ទាន់​មាន​ឃើញ​​អី​ផង​នៅតែ​អ៊ីចឹ​ង អត់​មាន​អ្នក​ណា​មក​ដោះ​ស្រាយ​ឲ្យ​ពួកខ្ញុំ​ទេ។ ខ្ញុំ​ចង់​មាន​ការ​ងារ​ធ្វើ​វិញ ខ្ញុំ​ចង់​ឲ្យ​គាត់​ជួយ​ឲ្យ​ឆាប់ៗ​មក ​ខ្ញុំ​ដេក (អត់​ការ​ងារ​ធ្វើ) ឡើង​ ២ ខែ​មក​ហើយ ដឹង​ស្រាប់​ហើយ ខ្ញុំ​អត់​លុយ​អត់​កាក់​ទេ»។

នៅ​ពេ​ល​ទា​ក់ទង​សុំអ​ត្ថាធិប្បា​យកាល​ពីម្សិ​លមិ​ញ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជី​វៈ មិន​បាន​លើក​ទូរស័ព្ទ​ទេ។ ចំណែក​លោក កាំ​ង ម៉ូនីកា អគ្គលេខា​ធិការ​រង​នៃ​សមា​គម​រោងចក្រ​កាត់​ដេរ​នៅកម្ពុជា ហៅថា GMAC មិន​អាច​ទាក់​ទង​បាន​ទេ ​ខណៈ​លោក ខេន លូ អគ្គលេខាធិការ GMAC បាន​បដិសេធ​ការអ​ត្ថាធិប្បា​យ ដោយ​អះអាង​ថា កំពុង​ជាប់​ប្រជុំ។

ទោះ​ជាយ៉ាង​ណាក្ដី​ លោក សោម អូន ប្រធាន​សហជីព​ជាតិ​កម្ពុជា​បាន​គាំទ្រ​ចំពោះ​ការ​លើក​ឡើ​ង​រប​ស់​នាយ​ក​រដ្ឋ​មន្ត្រី​នេះ ខណៈ​លោក​សង្កេត​ឃើញថា​ កន្លង​មក មាន​ការ​បញ្ឈប់​កម្មករ​ជា​បន្ត​បន្ទាប់ ក្រោម​ហេតុ​ផល​ខុសៗ​គ្នា ជា​​ពិសេស​នោះ គឺ​ហេតុ​ផល​មាន​លក្ខណៈ​រើស​អើង​ទៅ​ដល់​កម្មករ។ លោក​បានបន្តថា បើ​មានការ​ការពារ​ពី​លោក​នាយ​ក​រដ្ឋមន្ត្រី​ ក្នុង​ការ​រារាំង​ការ​​បញ្ឈប់​កម្ម​ករពី​ការងារ​នោះ វា​នឹង​មាន​ភាព​ល្អប្រ​សើរ​ដល់​កម្មករ កម្មការិនី​កម្ពុជា។

លោក​បញ្ជាក់​ថា៖​ «កន្លង​មក​យើង​ទទួល​ស្គាល់​ថា និយោ​ជក​មួយ​ចំនួនក៏​មិន​ទាន់​ល្អ​ដែរ ដោយ​​នៅមាន​ការរើសអើង​សហ​ជីព ការ​បញ្ឈប់​សហជីព ដូច​ជា​ ការបញ្ឈប់​កម្ម​ករ​ជា​ដើម ដែល​យើង​មើល​ទៅ​វា​មិន​ស្រប​តាម​នីតិវិធី​ច្បាប់។ អ៊ឹ​ចឹ​ង​នៅ​ពេល​ដែល​មាន​ការ​​អំពាវ​នាវ​ពី​នាយក​​រដ្ឋ​ម​ន្ត្រី ខ្ញុំ​គិត​ថា គឺជា​សារ​ ១ ដែល​ជំរុញ​ឲ្យ​និយោជក​ ឬ​ថៅកែ​ គាត់​យ​ក​ចិ​ត្តទុ​ក​ដាក់​បន្ថែម​ទៀតនៅ​ក្នុង​ការ​អនុ​វត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»៕