ឧត្តរមានជ័យ៖ មានមនុស្ស ២ នាក់ បានរងរបួសធ្ងន់ និងស្រាល នៅពេលដែលគ្រឿងចក្រកាយដីប៉ះចំគ្រាប់មីនតោន បណ្តាលឱ្យផ្ទុះកាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅចំណុចភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង។
លោក ជា ច័ន្ទតារា នាយនគរបាលប៉ុស្តិ៍លំទងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ស៊ុម គង់ អាយុ ៤២ ឆ្នាំ ជានាយកសាលាបឋមសិក្សាលំទង មានលំនៅក្នុងភូមិកើតហេតុខាងលើ បានជួលអ្នកបើកបរគ្រឿងចក្រអេស្ការវាទ័រម្នាក់ឈ្មោះ លេខ ឡៃ អាយុ ១៦ ឆ្នាំ ឱ្យជីកកាយប្រឡាយព័ទ្ធជុំវិញដីចម្ការរបស់គាត់។ ការជីកកាយប្រឡាយព័ទ្ធជុំវិញដីចម្ការនោះ បានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃមកហើយ។ លុះដល់ព្រលប់ថ្ងៃទី ១៣ ម្ចាស់ចម្ការបានប្រាប់ឱ្យអ្នកបើកគ្រឿងចក្រកាយដីមាត់អូរទ្រព្យ ដើម្បីនាំទឹកចូលទៅក្នុងប្រឡាយរបស់គាត់ទុកស្រោចស្រពដំណាំ។
លោក ច័ន្ទតារា បញ្ជាក់ថា៖ «ខណៈគ្រឿងចក្រកំពុងរំកិលខ្លួន ចូលទៅកាយដីនៅមាត់អូរនោះ ក៏កិនចំលើគ្រាប់មីនតោន បណ្ដាលឱ្យផ្ទុះឡើង ប៉ើងដាច់ច្រវាក់អេស្កាវ៉ាទ័រ និងបង្កឱ្យលោក ស៊ុម គង់ ដែលឈរមើលនៅក្បែរគ្រឿងចក្រនោះរងរបួសធ្ងន់ ដោយត្រូវចំ ក ផ្នែកខាងឆ្វេង ចំដៃឆ្វេង និងពោះ។ ចំណែកអ្នកបើកអេស្កាវ៉ាទ័ររងរបួសស្រាល ចំជើងខាងស្ដាំ»។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមរថយន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដើម្បីព្យាបាលរបួស។ បច្ចុប្បន្ន ជនរងគ្រោះទាំង ២ នាក់ បានឆ្លងផុតពីគ្រោះថ្នាក់ដល់ជីវិតហើយ ដោយសារក្រុមគ្រូពេទ្យជំនាញបានវះកាត់យកបំណែកគ្រាប់មីនចេញពីខ្លួនរបស់ពួកគេអស់ហើយ។
កាលពីម្សិលមិញ លោក ទាវ ទុយ ប្រធានក្រុមប្រជាការពារភូមិលំទងចាស់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ភូមិលំទងចាស់ គឺជាអតីតតំបន់សមរភូមិប្រយុទ្ធជួរមុខ រវាងកងទ័ពរដ្ឋាភិបាល និងកងទ័ពព្រៃខ្មែរក្រហម។ ក្រោយការធ្វើសមាហរណកម្មតំបន់សមរភូមិប្រយុទ្ធនេះ ក៏ក្លាយជាដីព្រៃចម្ការមីនផងដែរ។ ប៉ុន្តែត្រូវបានក្រុមអ្នកដោះមីនមកពីបណ្ដាអង្គភាពជាច្រើនបានធ្វើការបោសសម្អាតម្ដងរួចមកហើយ មុនពេលដីព្រៃក្នុងតំបន់នេះ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋរស់នៅ និងធ្វើស្រែចម្ការចិញ្ចឹមជីវិត។
លោកថ្លែងថា ដោយសារតំបន់នេះជាអតីតសមរភូមិប្រយុទ្ធ ដូច្នេះគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ត្រូវបានគេកប់ និងលាក់ទុកចោលរាយប៉ាយស្ទើរគ្រប់ទីកន្លែង។ លោកថា៖ «ដោយគ្មានផែនទី និងរបាយការណ៍ព័ត៌មានជាក់លាក់ ស្ដីពីទីតាំងនៃគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះទើបធ្វើឱ្យក្រុមអ្នកបោសសម្អាតមីន មិនអាចបោសសម្អាតគ្រាប់ទាំងនេះអស់»។
លោកបានបន្តថា ការពើបប្រទះករណីផ្ទុះមីននេះ ធ្វើឱ្យពលរដ្ឋនៅតែមានការភ័យខ្លាច និងមិនហ៊ានធ្វើការគាស់កាយដីបង្កបង្កើនផលឱ្យអស់ពីលទ្ធភាព៕