កំពង់ស្ពឺៈ នាយរង​ប៉ុស្តិ៍​ឃុំ​ចំបក់​ក្នុង​ស្រុក​ភ្នំស្រួច​ម្នាក់​បាន​ស្លាប់ ខណៈ​នាយប៉ុស្តិ៍​ម្នាក់​រងរបួសធ្ងន់​នៅពេល​ចុះ​អន្តរាគមន៍​ជម្លោះ​កាប់​ចាក់​គ្នា​មួយ​នៅក្នុង​ភូមិ​ក្រាំងចេក​កាលពី​យប់​ថ្ងៃទី ១៨ ខែ​មករា​ ហើយ​ជនសង្ស័យ​ម្នាក់ ដែល​ជា​គូ​ជម្លោះ​បាន​ដណ្តើម​កាំភ្លើង​ពី​នាយរង​ប៉ុស្តិ៍​រូបនោះ​ហើយ​បាន​ធ្វើការ​បាញ់ប្រហារ​ទៅលើ​រូបគាត់​។

លោក សំ សាមួន ស្នងការ​ខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ករណី​ជនបង្ក​ឈ្មោះ ទូច ហេង ភេទ​ប្រុស អាយុ​ ២៨ ​ឆ្នាំ ​រស់នៅ​ភូមិ​ក្រាំងចេក ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច​ដែល​បាន​បាញ់​នាយរង​ប៉ុស្តិ៍​ឈ្មោះ ទុយ ពៅ ស្លាប់ និង​វាយ​ឲ្យ​របួស​លោក រស់ សារិន នាយប៉ុស្តិ៍​នគរបាល​ឃុំ​ចំបក់​នោះ​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ស្ពឺ បន្ទាប់ពី​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ១៨ ​មករា​។

លោក​បន្តថា ពេល​កើត​ហេតុ​នោះ​ជនរងគ្រោះ​ទាំង​ ២ ​នាក់​ បាន​ចុះទៅ​ធ្វើ​អន្តរាគមន៍ តែ​ដោយ​យប់​ងងឹត ហើយ​ពេល​នោះ​ជនរងគ្រោះ​បាន​ព្យាយាម​ឃាត់ កុំ​ឲ្យ​មាន​អំពើ​ហិង្សា​វាយតប់​គ្នា តែ​ត្រូវ​ជនល្មើស​ដេញ​វាយ​ជនរងគ្រោះ​។ ពេលនោះ​សមត្ថកិច្ច​ (​នគរបាល​ប៉ុស្តិ៍​) ​បាន​រត់​តែ​ត្រូវ​ជនល្មើស​ប្រតាយប្រតប់​ជាមួយ​ជនរងគ្រោះ​ហើយ​ដណ្តើម​បាន​កាំភ្លើង​ម៉ាក K59 ១ ​ដើម និង​បាន​បាញ់​ជនរងគ្រោះ​ត្រូវចំ​ក្បាល​ ១ ​គ្រាប់​ស្លាប់ រីឯ​លោកនាយ​ប៉ុស្តិ៍​វិញ ត្រូវ​ជនល្មើស​វាយ​ ១ ​ដំបងឈើ​ចំ​ភ្នែក​ខាងឆ្វេង​របួសធ្ងន់​ផងដែរ​។

លោក​ប្រាប់ថា​៖ «​ជនល្មើស​ក៏ត្រូវ​របួស​ដែរ​ដោយសារ​ប្រជាពលរដ្ឋ​ព្រួត​គ្នា​ចាប់គាត់ ព្រោះ​គាត់​មាន​មាឌធំ​ទាល់តែ​ចាប់​ច្រើន​នាក់​ទើប​ឈ្នះ​។ ឥឡូវ​យើង​យក​គាត់​ទៅ​ព្យាបាល​នៅ​ពេទ្យ ហើយ​កម្លាំង​យើង​យាម​ខ្លាច​ជនល្មើស​រត់គេចខ្លួន​»​។

លោកស្នងការ​ប្រាប់​តាម​កំណត់​ហេតុថា មុន​មាន​ការបាញ់​សម្លាប់​នេះ គឺ​នៅវេលា​ម៉ោង ៧ ​យប់ ថ្ងៃទី​ ១៨ ខែ​ មករា ឆ្នាំ​ ២០២០ ​ជនល្មើស​ឈ្មោះ ទូច ហេង រស់នៅ​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ​ បាន​ឈ្លោះ​គ្នា​ជាមួយ​ឈ្មោះ ចន សុខវី ភេទ​ប្រុស អាយុ ២៥ ​ឆ្នាំ ​ដែល​មាន​លំនៅ​ភូមិ-ឃុំ​ជាមួយគ្នា​។ ពេលនោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​កាប់​ឈ្មោះ ចន សុខវី ប៉ុន្តែ ឈ្មោះ ចន សុខវី បាន​រត់​គេចខ្លួន​រួច ហើយ​ជនល្មើស​បាន​ទៅ​វាយ​យាយ និង​តា​របស់​ជនរងគ្រោះ​។

លោក​បន្តថា នៅពេល​នោះ​ម្ដាយក្មេក​របស់​ឈ្មោះ ចន សុខវី បាន​រាយការណ៍​ទៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃុំ​ចំបក់ ដើម្បី​ចុះទៅ​ធ្វើ​អន្តរាគមន៍ ហើយ​លោក​នាយ​ប៉ុស្តិ៍ រស់ សារិន និង​លោក ទុយ ពៅ នាយរង​ប៉ុស្តិ៍​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​។

លោក​បន្តថា បន្ទាប់ពី​នគរបាល​ទាំង​ ២ ​រូប​បាន​ទៅដល់​កន្លែងកើតហេតុ ជនល្មើស​បាន​ដេញ​វាយ​ប្រតាយប្រតប់​ជាមួយ​លោក ទុយ ពៅ នាយរង​ប៉ុស្តិ៍​ឃុំ​ចំបក់ ហើយ​បាន​ដណ្តើម​យក​បាន​កាំភ្លើងខ្លី ម៉ាក K59 របស់​លោក ទុយ ពៅ បាញ់​មក​លើ​លោក​ពៅ​ត្រូវចំ​ក្បាល​ ១ ​គ្រាប់​ដួល និង​ដេញ​បាញ់​លោកនាយ​ប៉ុស្តិ៍​បន្តទៀត​។ ប៉ុន្តែ​ដោយសារ​តែ​កាំភ្លើង​អស់​គ្រាប់​ទើប​លោកនាយ​ប៉ុស្តិ៍ និង​ប្រជាពលរដ្ឋ​ហ៊ាន​រត់​ចូលទៅ​ចាប់ខ្លួន​ជនល្មើស តែ​ត្រូវ​ជនល្មើស​វាយ​ ១ ​ដំបង​បែក​ខ្ទង់ច្រមុះ និង​ចំ​ភ្នែក​បណ្តាល​ឲ្យ​បែក​ឈាម​របួសធ្ងន់​។

លោក សំ សាមួន បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ចាប់​ជនល្មើស​បាន​ហើយ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ដឹក​លោក ទុយ ពៅ ទៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​ដោយ​របួសធ្ងន់​ពេក ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​តាម​ផ្លូវ ហើយ​សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ ចំណែក​លោក រស់ សារិន ដែល​រងរបួស​បែក​ខ្ទង់ច្រមុះ និង​ភ្នែក​ខាងឆ្វេង​ត្រូវ​បាន​បញ្ជូន​យក​ទៅ​ព្យាបាល​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។

លោក​ ភោគ សម្បត្តិ នាយការិយាល័យ​នគរបាល​បច្ចេកទេស​កោសល្យវិច័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​អំពើ​បាញ់សម្លាប់​លោក​នាយ​រង​នគរបាល​ប៉ុស្តិ៍ និង​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ចំបក់​នោះ សមត្ថកិច្ច​របស់​លោក​ទើបតែ​ចុះទៅ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ​កាលពី​ម្សិលមិញ ព្រោះ​យប់​ថ្ងៃកើតហេតុ​មាន​សភាព​ងងឹត​ពេក​មិនអាច​ចុះទៅ​ប្រមូល​ព័ត៌មាន​បាន​៕