នារីជាជនសង្ស័យសម្លាប់ឪពុក ត្រូវបានព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកំពង់ធំ ចោទប្រកាន់ពីបទឃាតកម្ម និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំ កាលពីល្ងាចថ្ងៃទី ១៤ តុលា។ នេះបើតាមមន្ត្រីនាំពាក្យសាលាដំបូងខេត្តកំពង់ធំ លោក ដួង សារ៉ន បញ្ជាក់នៅថ្ងៃទី ១៥ តុលា។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃសាលាដំបូងខេត្តកំពង់ធំ លោក ដួង សារ៉ន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថាព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិន វីរៈ បានសម្រេចចោទប្រកាន់នារីម្នាក់ ដែលសម្លាប់ឪពុករបស់ខ្លួន ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនដីកាស្នើសុំចៅក្រមស៊ើបសួរឃុំខ្លួននៅពន្ធនាគារ។
មន្ត្រីនាំពាក្យរូបនេះថ្លែងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក លុច្ស ឡៅ បានសម្រេចឃុំខ្លួននារីម្នាក់នោះ នៅពន្ធនាគារខេត្តកំពង់ធំ កាលពីថ្ងៃពុធ ពីបទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។
បើតាមលោក ប៊ិត ប៊ុនធឿន មេប៉ុស្តិ៍កកោះ គឺជនសង្ស័យបានសារភាពថា មូលហេតុដែលនារីនោះសម្លាប់ឪពុក ដោយសារនាងខឹងនឹងឪពុកដែលបានស្តីបន្ទោសខ្លួនក្នុងពេលកន្លងមក។ មួយទៀត គឺខឹងបងស្រីស្តីបន្ទោសឲ្យថាមិនមើលថែឪពុក។
បើតាមលោក ប៊ុនធឿន នៅថ្ងៃកើតហេតុ ជនសង្ស័យបានយកគ្រាប់កកោះទៅលក់ឲ្យប្រជាពលរដ្ឋនៅក្នុងភូមិជាមួយគ្នា។ ពេលបានលុយក៏យកទៅផឹកស្រាថ្នាំ មានគ្នា ៤ នាក់ ស្រី ២ នាក់ ជាអ្នកភូមិ និងប្រុសម្នាក់ត្រូវជាប្តីរបស់ជនសង្ស័យ។
លោកមេប៉ុស្តិ៍បញ្ជាក់ថា៖ «នៅពេលបានផឹកស្រាអស់ចំនួន ១ លីត្រ បងស្រីរបស់ជនសង្ស័យបានជិះកង់ទៅឃើញកំពុងផឹក ក៏ឈប់ស្តីឲ្យ ថាដើរចោលផ្ទះមិនជួយមើលថែពុក។ ពេលនោះជនសង្ស័យឆ្លើយថា ម៉េចបានបន្ទោសតែខ្ញុំ ចុះបងឯងមិនជួយមើលផង»។
មេប៉ុស្តិ៍រូបនេះបានឲ្យដឹងថា ក្រោយពេលផឹកស្រាអស់ពួកគេក៏បែកហ្វូងគ្នាត្រឡប់ទៅផ្ទះវិញ។ ពេលដល់ផ្ទះប្តីបានឡើងទៅលើផ្ទះ ចំណែកប្រពន្ធបានដួសបាយបញ្ចុកឪពុក រួចក៏បានវាយឪពុកបណ្តាលឲ្យស្លាប់តែម្តង។ ចំណែកប្តីនៅពេលបានឮប្រពន្ធវាយឪពុកក៏ស្រែកឃាត់ប្រពន្ធកុំឲ្យវាយ ប៉ុន្តែជនសង្ស័យមិនស្តាប់។
លោក ប៊ុនធឿន ថ្លែងថា៖ «ពេលវាយសម្លាប់ឪពុកហើយ ជនសង្ស័យមិនបានប្រាប់ពីណាទេ។ លុះព្រឹកឡើង គាត់ក៏ប្រាប់ប្តីឲ្យទៅមើលពុកផង។ ពេលនោះប្តីប្រាប់ថាពុកស្លាប់ហើយទើបគាត់និយាយថា បើស្លាប់ឲ្យចាស់ៗធ្វើបុណ្យទៅ»។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១៩ យប់ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ នេះបើតាមការបញ្ជាក់របស់លោកមេប៉ុស្តិ៍។
ជនរងគ្រោះឈ្មោះ លឹម លួន ភេទប្រុសអាយុ ៧៨ ឆ្នាំ។ ចំណែកជនសង្ស័យមានឈ្មោះ លួន សារឹម ភេទស្រី អាយុ ២៥ ឆ្នាំ រស់នៅភូមិជាមួយគ្នា មានប្តីឈ្មោះនៀវ សារ៉េត អាយុ ៣២ ឆ្នាំ និងមានកូនប្រុសម្នាក់ ទើបមានអាយុ ៤ ឆ្នាំប៉ុណ្ណោះ។ វត្ថុតាង គឺអង្គត់ឧសមូលទ្រវែង។ ជនសង្ស័យបានវាយខ្ទេចមុខជនរងគ្រោះ ត្រូវខ្លាំងជាងគេ គឺថ្គាម៕