ភ្នំពេញៈ នារី​ជា​បុគ្គលិក​ល្បែងស៊ីសង​ប្រភេទ​ស្លុត​ម៉ាស៊ីន​ ២ ​នាក់​ នឹងត្រូវ​បញ្ជូន​ទៅ​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៥ ធ្នូ​នេះ បន្ទាប់ពី​នគរបាល​ខណ្ឌទួលគោក​បង្ក្រាប និង​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ២៣ ធ្នូ ពាក់ព័ន្ធ​ការបើក​ទីតាំង​លេង​​ល្បែង​ខុសច្បាប់​ក្នុងភូមិ​ ១៣ សង្កាត់​បឹងកក់​ទី​ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។

លោក សុខ ហេង អធិការ​នគរបាល​ខណ្ឌ​ទួលគោក​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា នារី​ ២ ​នាក់​ខាងលើ​ឈ្មោះ ហន ស្រីពៅ អាយុ​ ២៤ ​ឆ្នាំ ជា​បុគ្គលិក​ស្នាក់នៅ​ផ្ទះជួល សង្កាត់​ផ្សារ​ថ្មី​​ទី​ ១ ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ ២- ​ឈ្មោះ រ៉េត សុវណ្ណអាលីហ្សា អាយុ​ ១៨ ​ឆ្នាំ ជា​បុគ្គលិក​ស្នាក់​នៅផ្ទះ​លេខ​ ៩ EE សង្កាត់​ស្ទឹងមានជ័យ​ទី​ ១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។ ពួកគេ​នឹង​ត្រូវ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​នៅ​ថ្ងៃទី​ ២៥ ធ្នូ ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក​ថ្លែង​ប្រាប់ថា​៖ «​នារី​ទាំង​ ២ ​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​រឿងនេះ​​ព្រោះ​ពួកគេ​ជា​អ្នកមើល​ការ​ខុសត្រូវ​ស៊ីសង​ល្បែង ហើយ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃស្អែក​»​។

លោក​ប្រាប់ថា ទីតាំង​ដែល​សមត្ថកិច្ច​របស់​លោក​ចុះបង្ក្រាប​​ជាក់ស្តែង​នោះ​នៅ​ចំណុច​ផ្ទះ​លេខ​ ៤០E0 ផ្លូវ​លេខ​ ៥៨៦ ក្រុមទី​ ៦៣ ភូមិ​ ១៣ សង្កាត់​បឹងកក់​ទី​ ២ ខណ្ឌទួលគោក​ជា​ទីតាំង​បើក​ណិត​ (Net) ​សម្រាប់​បម្រើសេវា​លេង​ហ្គេម​ផ្សេងៗ ប៉ុន្តែ​មាន​បង្កប់​ល្បែងភ្នាល់​ចាក់​លុយ​ខុសច្បាប់​។

ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី​ ២ ​ដោយ​មាន លោក ទៀវ សំអឿន អភិបាលរង​ខណ្ឌ​ និង​មានការ​សម្របសម្រួល​ផ្នែក​ផ្លូវច្បាប់​ពី​លោក រៀល សុភិន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ​។

លោក​ប្រាប់ថា ចំពោះ​វត្ថុតាង​​ដែល​សមត្ថកិច្ច​រឹបអូស​បានរួម​មាន​៖ ម៉ូនីទ័រ​ចំនួន​ ១៥ ​គ្រឿង​,CPU​ចំនួន​ ១៤ ​គ្រឿង​,​ ឃីបត​ចំនួន​ ១៤, ​ម៉ៅ​ចំនួន​​ ១៤, ក្បាល​កាមេរ៉ា​សុវត្ថិភាព​ ១ ​គ្រឿង​, វិញ្ញាបនបត្រ​អនុញ្ញាត​អាជីវកម្ម​របស់​ឈ្មោះ ស៊ឹម ប៊ុនឡាយ ១ ​ច្បាប់​, ម៉ាស៊ីន​គិត​លេខ​ ១ ​គ្រឿង និង​ឯកសា​របុង​បើក​អាខោន​ចាក់បាល់​ស៊ីសង​មួយចំនួន ។

មន្ត្រីនគរបាល​ ១ ​រូប​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ប្រាប់​ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះថា ទីតាំង​បង្កប់​ល្បែងស៊ីសង​នោះ​មាន​ម្ចាស់​ត្រឹមត្រូវ តែ​ពេល​សមត្ថកិច្ច​ចុះបង្ក្រាប​គឺ​ម្ចាស់​ទីតាំង​មិន​ស្ថិត​នៅ​ទីនោះ​ទេ​។ ដូច្នោះ​ហើយ​សមត្ថកិច្ច​ចាប់​បាន​តែ​បុគ្គលិក​មើល​ការខុសត្រូវ​ដែល​ជំនួស​ឲ្យ​ថៅកែ​ប៉ុណ្ណោះ​។

ទោះបី​យ៉ាងណា​ជា​ជំហាន​ដំបូង​សមត្ថកិច្ច​ត្រូវតែ​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​នេះហើយ​មុន​ឈាន​ទៅរក​ម្ចាស់​ទីតាំង​ពិតប្រាកដ​ដើម្បី​ឲ្យ​ចូល​ខ្លួន​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​ហើយក៏​មិនអាច​ថា ម្ចាស់​ទីតាំង​ល្បែង​នោះ​រត់​គេចខ្លួន​បាន​រហូត​ដែរ​។

មន្ត្រី​រូបនោះ​ប្រាប់​បន្តថា មុន​មាន​ការបង្ក្រាប​នេះ អាជ្ញាធរ​មូលដ្ឋាន​តែងតែ​ផ្សព្វផ្សាយ​ពន្យល់​ដល់​ម្ចាស់​ទីតាំង​បើក​បម្រើ​​សេវា ណិត​ (Net) ដោយ​មិន​ឲ្យ​មាន​លេងល្បែង​ស៊ីសង​ណា​ខុសច្បាប់​ទេ​។ ​ប៉ុន្តែ​ម្ចាស់​ទីតាំង​ណិត​ទាំងនោះ​ឆ្លៀត​បង្កប់​ល្បែងស៊ីសង​ដែល​អាច​ជា​កន្លែង​ប្រមូលផ្តុំ​ជនខិលខូច​ចេញ​ប្រព្រឹត្ត​បទល្មើស​ឆក់​ប្លន់​៕