ព្រះសីហនុៈនារី​ជនជាតិ​អង់គ្លេស​ឈ្មោះ Amelia Bambridge អាយុ ២១ ​ឆ្នាំ​ ដែល​បាន​បាត់​ខ្លួន​នៅ​កោះរ៉ុង​កាលពី​ថ្ងៃទី​ ២៤ ខែ​តុលា ​ត្រូវបាន​រកឃើញ​សព​អណ្ដែត​នៅលើ​ទឹកសមុទ្រ ស្ថិត​នៅក្បែរ​ព្រំដែន​ថៃ​ដែល​មាន​ចម្ងាយ​ជាង ៩១ ​គីឡូម៉ែត្រ​ពី​ទីតាំង​បាត់​ខ្លួន​។

អភិបាលខេត្ត​ព្រះសីហនុ​លោក​​ គួច ចំរើន បញ្ជាក់​ថា​តាម​ការពិនិត្យ​មើល​ជាបឋម​នៅលើ​សាកសព គឺ​មិនមាន​ឃើញ​ការសង្ស័យ​ណាមួយ​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ឡើយ​។ លោក​ ចំរើន ថ្លែង​ពី​ម្សិលមិញ​ថា​សាកសព​ស្ដ្រី​ជនជាតិ​អង់គ្លេស​ត្រូវបាន​រកឃើញ​អណ្ដែត​ទៅ​ដល់​ទឹកដី​ខេត្ត​កោះកុង​ជិត​ព្រំ​ដែនទឹក​ប្រទេស​ថៃ​កាលពី​វេលា​ម៉ោង​ប្រហែល​ ១១ ព្រឹក​ម្សិលមិញ​។

លោក​ថា​៖ «​គាត់​បាន​លង់ទឹក​ស្លាប់​អណ្ដែត​ទៅ​ដល់​ជិត​ព្រំដែន​ថៃ​។ ឥឡូវនេះ​យើង​មិនទាន់​កោសល្យ​វិនិច័យ​ផ្លូវការ​ទេ​។ ប៉ុន្តែ​បើតាម​ការ​ពិនិត្យមើល វា​មិនមាន​ករណី​ទាក់ទង​ជាមួយ​បទល្មើស​ទេ ពីព្រោះ​សម្លៀកបំពាក់ និង​ក្រវិល​ជាដើម គឺ​នៅជាប់​នឹង​ខ្លួន​គាត់​ដដែល​»​។

លោក​ ទៀ សុខា មេបញ្ជាការរង​កងទ័ពជើងទឹក​ថ្លែងថា ការរកឃើញ​សព​ស្ដ្រី​អង់គ្លេស​នេះ គឺ​ស្ថិត​នៅ​ទីតាំង​ចម្ងាយ​ប្រហែល ៥៧ ​ម៉ាយល៍​ ឬ​ជិត​ ៩២ ​គីឡូម៉ែត្រ​ ពី​កោះរ៉ុង​ដែល​ការរកឃើញ​នេះ​គឺ​បន្ទាប់ពី​ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្ដិសុខ​លម្ហ​សមុទ្រ​ទទួលបាន​ដំណឹង​ពី​ពលរដ្ឋ​ដែល​ធ្វើការ​នេសាទ​នៅក្បែរ​ព្រំដែន​ទឹក​ថៃ​។ សព​ដែល​បាន​រកឃើញ​នេះ​គឺ​មាន​ស្នាម​សាក់​នៅលើ​ដៃ និង​ជើង​ដែល​ដូចគ្នា​ទៅនឹង​រូប​ក្នុង​រូបថត​កាល​នៅរស់​។

លោក​បន្តថា សាកសព​ត្រូវ​ដឹក​តាម​អូប័រ​យក​មក​កោះរ៉ុង និង​បន្ដ​យកមក​ក្រុង​ព្រះសីហនុ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​។ លោក​ថា​៖ «​ឥឡូវ​មូលហេតុ​ដែល​គាត់​ស្លាប់​ហ្នឹង ដោយសារ​លង់ទឹក ឬ​ក៏​ដោយ​របៀប​ម៉េច​គឺ​ខ្ញុំ​អត់​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ​»​។

ស្ដ្រី​អង់គ្លេស​បាន​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​ ៣ ​ព្រឹក​ថ្ងៃទី ២៤ ខែ​តុលា​ បន្ទាប់ពី​ស្ដ្រី​រូបនេះ​ត្រូវបាន​គេ​ឃើញ​ជា​លើក​ចុងក្រោយ​ដើរ​ជាមួយ​មិត្តភក្តិ ២-៣ ​នាក់​ផ្សេងទៀត​ ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​មួយ​នៅក្នុង​ភោជនីយដ្ឋាន​ឈ្មោះ Police Beach ស្ថិតក្នុង​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។ លុះដល់​ព្រឹក​ឡើង​ថ្ងៃទី​ ២៤ ​ដដែល កាបូបដៃ​ដែល​ខាង​ក្នុង​នោះ​មាន​ថ្នាំពេទ្យ ទូរស័ព្ទ នាឡិកា និង​កាត​ធនាគារ​ត្រូវ​បាន​រកឃើញ​នៅលើ​ផ្ទាំង​ថ្ម​ជាប់​មាត់ទឹក​។

បើ​តាម​លោក​ គួច ចំរើន ដោយ​ផ្អែកលើ​ការស្រាវជ្រាវ​កន្លងមក គឺ​ស្ដ្រី​រូបនេះ​អាច​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​៕