ព្រះ​សីហនុៈ នាវា​កង​ទ័ព​ជើង​ទឹក​​របស់​ជប៉ុន​ចំនួន ​២ ​គ្រឿង​នឹង​ចូល​ចត​​នៅ​កំពង់ផែស្វយ័ត​​​ក្រុង​ព្រះ​សីហនុ​​​រយៈពេល​ ៤ ​ថ្ងៃ​​នា​ចុង​ខែ​នេះ​​ ដើម្បី​ពង្រឹង​​មិត្ត​ភាព​​រវាង​យោធា​ជប៉ុ​ន​ និង​កម្ពុជា​។ នេះ​បើ​​តាម​សេចក្តី​​ប្រកាស​ព័ត៌​មាន​ពី​ស្ថានទូត​ជប៉ុន​ប្រចំា​កម្ពុជា។​

​សេចក្តី​​ប្រកាស​ព័ត៌​មាន​នេះ​ឲ្យ​ដឹង​​ថា​ នាវា​ចំនួន​ ២ គ្រឿង​​របស់​កង​កម្លាំង​ស្វ័យ​ការ​ពារ​ជើង​​ទឹក​​ជប៉ុន​ដែល​មាន​ឈ្មោះ​ «​សេតូយុគិ» និង​ «​ស៊ីម៉ា​យុគិ»​ ដឹក​នាំ​ដោយ​វរនាវីឯក​ យ៉ូស៊ី​យូ​គី ណាកា​ហ្កាម៉ា មេ​បញ្ជា​ការ​កង​ពល​ធំ​ហ្វឹក​ហ្វឺន​លេខ​ ១ ​នៃ​កងកម្លាំង​​ស្វ័យ​ការ​ពារ​ជើង​ទឹក​ជប៉ុ​ន​​ នឹង​មក​ធ្វើ​ទស្សនកិច្ច​​នៅ​ប្រទេ​ស​​ កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី​ ២៥ ​ដល់ ​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៩​ នៅ​ក្នុង​អំឡុង​ពេល​នៃ​​ដំណើរ​ហ្វឹកហ្វឺន​លើ​លំហ​​សមុទ្រ។

សេចក្តី​​ប្រកាស​ព័ត៌​មាន​​ចុះ​​ថ្ងៃ​ទី ៥ ខែ​កុម្ភះ​នេះ​​​បញ្ជាក់​ថា​៖ ​«​គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​​ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​​រវាង​ប្រទេ​ស​​ជប៉ុន ​​និង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ តាម​រយៈ​កម្មវិធី​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ ក៏​ដូច​ជា​​ដើម្បី​ផ្តល់​​ឱកា​ស​​ឲ្យ​នាយនាវិក​កម្មសិក្សា​ការី​ចំនួន ​១០៩ ​រូប​ដែល​ទើប​បាន​បញ្ចប់​ការ​សិក្សា​​ បាន​ស្វែង​យល់​អំពី​វប្បធម៌​ និង​វិស័យ​យោធា​ ​​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា»។

ស្ថាន​ទូត​ជប៉ុន​​មិន​បាន​ឆ្លើយតប​​នឹង​សំណួរ​របស់​​ភ្នំពេញ​ប៉ុ​ស្តិ៍​​​នៅ​ត្រឹម​ម៉ោង​ចេញ​​ផ្សាយ​កាសែ​​ត​​​កា​ល​ពី​យប់​មិញ​ទេ។

លោក​ ឈុំ សុជាតិ អ្នក​នាំពាក្យ​​ក្រសួង​ការ​ពារ​ជាតិ​ និង​​លោកទៀ សុខា ​មេ​បញ្ជា​ការ​រង​កង​ទ័ព​ជើង​ទឹកមិន​អាច​ទា​ក់​ទង​សុំ​អ​ធិប្បាយ​បាន​ឡើយ។

​កាល​ពី​ខែ​មុន ​នាវា​កង​ទ័ព​ជើង​ទឹក​ចិន​ចំនួន​ ៣ គ្រឿង​ បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​​ដើម្បី​ពង្រឹង​ចំណង​ទាក់​ទង​ទ្វេ​ភាគី។

​លោក ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋា​ភិបាល បាន​ថ្លែង​​ថា ​​ដំណើរ​ទស្សនកិច្ច​ដោយ​កងទ័ព​ជើង​ទឹក​របស់​ប្រទេស​ផ្សេង​ៗ​​ឆ្លុះ​បញ្ចាំង​ថា កម្ពុជា​ស្វាគមន៍​​កិច្ច​សហប្រតិបត្តិការ​ពី​ប្រទេស​ទាំង​អស់​ទូទាំង​ពិភព​លោក​។ «​​ប្រទេស​កម្ពុជា​​ឯក​រាជ្យ ​មិនចង​សម្ព័ន្ធ​ភាព​ណា​មួយ​។ ​ប្រទេ​​ស​ណា​​ក៏​ដោយ​អាច​មក​ទស្សនកិច្ច​​និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​នៅ​កំពង់​ផែ​កម្ពុជា​។ ​ពេល​ខ្លះ​យើង​ធ្វើ​សម​យុទ្ធ​​ស្តី​ពី​​​ការ​ប្រឆាំង​​ភេរវកម្ម​។ ​ប៉ុន្តែ​កម្ពុជា ​នឹង​មិន​ផ្តល់​​មូល​ដ្ឋាន​យោធា​ណា​មួយដល់​ប្រទេស​បរទេស​ទេ»។

លោក​​បន្ត​ថា​៖ «​​នេះ​ឆ្លុះ​បញ្ចាំង​ថា កម្ពុជា​ជា​មិត្ត​ភក្តិ​ចំពោះ​​ប្រទេស​ទាំងអស់​​ក្នុង​ពិភព​លោក​។ យើង​មិន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​ណា​មួយទេ​។ យើង​មិន​ស្ថិត​នៅ​ក្នុង​តំបន់​ភូមិសាស្រ្ត​នយោបាយ»៕