
និស្សិតប្រឡងថ្លែងសុន្ទរកថា ភាសាជប៉ុនឆ្នាំ ២០១៧។ សហការី
ភ្នំពេញៈ ក្នុងចំណោមសិស្សនិស្សិតកម្ពុជាចំនួន ៥៦ រូប ដែលបានដាក់ពាក្យចូលរួមប្រកួតថ្លែងសុន្ទរកថាភាសាជប៉ុនលើកទី២២ មានតែយុវជន ១៥ រូបប៉ុណ្ណោះ ដែលជាប់ក្នុងជម្រើស ដើម្បីឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត នាថ្ងៃទី ២៦ ខែ ឧសភា នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន (CJCC) ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន បានបញ្ជាក់ថា ស្ថានទូតបានរួមសហការជាមួយមជ្ឈមណ្ឌលសហ ប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដេប៉ាតឺម៉ង់ ភាសាជប៉ុន នៃវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP-IFL) នឹងរៀបចំនូវកម្មវិធីប្រឡងប្រជែងថ្លែងសុន្ទរកថា ជាភាសាជប៉ុនលើកទី២២ នៅកម្ពុជា សម្រាប់អ្នកសិក្សាភាសាជប៉ុន។
សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា ការប្រឡងប្រជែងថ្លែងសុន្ទរកថា ជាភាសាជប៉ុន គឺជាឱកាសដ៏ពិសេសសម្រាប់សិស្សនិស្សិត ដែលសិក្សានៅតាមសាលាភាសាជប៉ុននានានៅកម្ពុជា ដើម្បីបង្ហាញនូវសមត្ថភាពកម្រិតខ្ពស់របស់ខ្លួន ក្នុងការថ្លែងសុន្ទរកថាដ៏អស្ចារ្យ។
សេចក្ដីប្រកាសដដែលនេះបញ្ជាក់ថា៖ «ឆ្នាំនេះក្នុងចំណោមបេក្ខជនដាក់ពាក្យ ៥៦ រូប បេក្ខជន ១៥ រូប បានជ្រើសរើសសម្រាប់វគ្គផ្ដាច់ព្រ័ត្រ។ គោលបំណង នៃការប្រឡងប្រជែងថ្លែងសុន្ទរកថានេះ គឺដើម្បីជំរុញការយល់ដឹងពី វប្បធម៌ជប៉ុន និងភាសាជប៉ុនបន្ថែមទៀតក្នុងចំណោមយុវជនកម្ពុជា»។
កម្មវិធីនៃការប្រកួតប្រជែងវគ្គផ្តាត់ព្រ័ត្រ នឹងធ្វើឡើងនាថ្ងៃអាទិត្យទី ២៦ ខែ ឧសភា ចាប់ពីម៉ោង ១៣ និង៣០ នាទីដល់ម៉ោង ១៧ នៅសាលអង្គរគីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងបរិវេណនៃវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) មហាវិថីសហព័ន្ធរុស្ស៊ី។
កញ្ញា រតន៍ ហ្វីលីយ៉ាន អ្នកសម្របសម្រួលទូទៅការប្រកួតនេះនៃមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន បញ្ជាក់កាលពីម្សិលមិញថា នៅក្នុងចំណោមបេក្ខជនទាំង ១៥ រូបនេះ គឺត្រូវបែងចែកចេញជា ២ ក្រុម គឺក្រុមទី១ មាន ១០ នាក់ ជាបេក្ខជនដែលមិនធ្លាប់ទៅជប៉ុន ឬធ្លាប់ទៅជប៉ុនក្រោម ១៤ ថ្ងៃ និងក្រុមទី២ គឺបេក្ខជន ដែលធ្លាប់ទៅជប៉ុនលើសពី ១៤ ថ្ងៃឡើងទៅ។
កញ្ញាឱ្យដឹងថា ចំពោះរង្វាន់សម្រាប់បេក្ខជនក្នុងក្រុមនីមួយៗ គឺមានផ្សេងគ្នា ដោយបេក្ខជនក្រុមទី១ ហើយជាបេក្ខជនជយលាភីលេខ ១ មានឱកាសទៅទស្សនកិច្ចនៅប្រទេសជប៉ុន លេខ ២ បានរង្វាន់កុំព្យូទ័រយួរដៃថ្មី ១ គ្រឿង និងលេខ ៣ បានថេប្ល៊ិត។ ចំណែកបេក្ខជនក្រុមទី២ ហើយបេក្ខជនទទួលបានលេខ ១ បានរង្វាន់កុំព្យូទ័រយួរដៃ លេខ ២ បានថេប្ល៊ិត។ ដោយឡែកចំពោះបេក្ខជនទាំង ១៥ នាក់ បើមានបច្ចេកទេសក្នុងការនិយាយបានល្អ ក៏ទទួលបានរង្វាន់លើកទឹកចិត្ដផងដែរ។
កញ្ញាបន្ដថា៖ «ឆ្នាំនេះ បេក្ខជនដាក់ពាក្យប្រកួតមានចំនួនតិចជាងឆ្នាំមុន ព្រោះយើងបានរឹតបន្តឹងលើនីតិវិធីនៃការជ្រើសរើសបេក្ខជន។ ការជ្រើសរើសបេក្ខជននេះ យើងបានជ្រើសរើសសិស្សពីតាមបណ្ដាសាលារៀនជាង ៥០ នៅភ្នំពេញ និងនៅតាមបណ្តាខេត្ត ដែលមានសិក្សាភាសាជប៉ុន ដែលចាប់ផ្ដើមតាំងពីខែមករា ឆ្នាំ ២០១៩ នេះរហូតមក»។
ហ្វីលីយ៉ាន បានឱ្យដឹងទៀតថា កម្មវិធីប្រកួតនេះក៏មានគោលបំណងដើម្បីពង្រីកបន្ថែមនូវវិស័យភាសាជប៉ុនទៅដល់សិស្សនិស្សិតកម្ពុជា និងបង្ហាញពីសារៈសំខាន់នៃភាសាជប៉ុន ចំពោះទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។
យុវតី រិទ្ធ សម្ភស្ស បេក្ខនារីមកពីខេត្ដសៀមរាបបានប្រាប់ថា នាងបានចំណាយពេលរៀនភាសាជប៉ុនជាង ២ ឆ្នាំ មកហើយនៅសាលាភាសាជប៉ុនមួយនៅខេត្ដសៀមរាប ទើបមានឱកាសដាក់ពាក្យប្រកួតលើកនេះ។
យុវតីរូបនេះបានបន្ដថា៖ «ខ្ញុំរៀនចប់ថ្នាក់វិទ្យាល័យហើយ ប៉ុន្ដែមិនទាន់បន្ដចូលរៀនបរិញ្ញាបត្រទេ។ ខ្ញុំរៀនភាសាជប៉ុននេះ ព្រោះសាលារៀននេះ នៅសៀមរាបគេឱ្យរៀនមិនយកប្រាក់ទេ។ ការរៀនភាសាក៏មានការលំបាកដែរ ប៉ុន្ដែសប្បាយពេលរៀន។ ខ្ញុំរៀនភាសានេះព្រោះនៅសៀមរាបមានភ្ញៀវទេសចរជប៉ុនច្រើន តែមិនសូវមានអ្នកចេះទេ ទើបខ្ញុំទៅរៀ»។
យុវជន ទ្រី ប៉ាក់លាង បេក្ខជនក្រុមលេខ ២ និងធ្លាប់មានបទពិសោធទៅសិក្សានៅប្រទេសជប៉ុន ២ ឆ្នាំផង នោះ បានឱ្យដឹងថា មូលហេតុដែលខ្លួនចូលរួមប្រកួតនេះ ព្រោះមានសារចង់និយាយទៅកាន់សាធារណជន។
យុវជនរូបនេះបញ្ជាក់ថា៖ «សារនេះ ខ្ញុំចង់បង្ហាញថា ភាគច្រើនយុវជនយើងទៅសិក្សានៅបរទេស ពួកគាត់តែងតែលើកឡើងថា លែងចង់ត្រឡប់មកវិញព្រោះឈ្លក់វង្វេងនឹងប្រទេសជឿនលឿន។ អ៊ីចឹងខ្ញុំចង់ពាំនាំថា បើម្នាក់ៗទៅហើយអត់ចង់មកវិញ តើមានអ្នកណាជួយអភិវឌ្ឍប្រទេសយើង ដែលកំពុងអភិវឌ្ឍនេះ។ នេះជាអ្វីដែលខ្ញុំចង់និយាយក្នុងការប្រកួតនេះ»៕