ភ្នំពេញៈ ពលរដ្ឋ​ខ្មែរ​ចំនួន ​១៤៣ នាក់ ដែល​ក្នុងនោះ​មាន​និស្សិត​នៅ​អេហ្ស៊ីប​ចំនួន ៤៣ នាក់ និង​សិក្ខាកាម​យោធា ៩៨ ​នាក់ និស្សិត​ម្នាក់​ និង​ពលរដ្ឋ​ជាប់គាំង​ម្នាក់​មកពី​ប្រទេស​រុស្ស៊ី​បាន​ធ្វើ​ដំណើរ​ដោយ​តជើង​ហោះហើរ​ចេញពី​ប្រទេស​ម៉ាឡេស៊ី​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​។

ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ ឲ្យ​ដឹងថា អ្នកដំណើរ​តាម​ជើង​ហោះហើរ​លេខ MH ៧៥៤ ​ទាំងនេះ​គឺ​មួយ​ចំនួន​បាន​បញ្ចប់​ការសិក្សា​មួយ​ចំនួន​ត្រូវ​ទៅធ្វើ​កម្មសិក្សា​នៅ​ប្រទេស​កម្ពុជា ហើយ​មួយចំនួន​ទៀត​ដោយសារ​មាន​វិស្សមកាល​រយៈពេល​យូរ​។

សមាគមនិស្សិត​ខ្មែរ​នៅ​ប្រទេស​អេហ្ស៊ីប​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា និស្សិត​ចំនួន​ ៤៣ នាក់​ ក្នុង​ចំណោម​និស្សិត​ខ្មែរ​ទាំងអស់ ១០៨ ​នាក់​ដែល​សិក្សា​នៅ​ប្រទេស​អេហ្ស៊ីប​ដែល​វិល​មក​ប្រទេស​កម្ពុជា នៅពេល​នេះ​គឺ​មាន​ ២ ​នាក់​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ និង​ ៤១ ​នាក់​ទៀត​ដោយសារ​មាន​វិស្សមកាល​ធំ​។

មន្ត្រី​ក្រសួង​សុខាភិបាល​ធ្លាប់​បាន​បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ថា គិត​ចាប់តាំងពី​ថ្ងៃទី​ ២០ ខែ​ឧសភា​ មក និស្សិត​ខ្មែរ​ដែល​សិក្សា​នៅ​ក្រៅ​ប្រទេស​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​មាន​ប្រហែល​ ១ ​ពាន់​នាក់ ខណៈ​ក្រសួង​បាន​តម្រូវ​ឱ្យ​រាល់​អ្នកដំណើរ​ទាំងអស់​ត្រូវ​ធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ​១៩ និង​ត្រូវធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​មុន​អនុញ្ញាត​ឱ្យ​ទៅ​ប៉ះពាល់​ផ្ទាល់​ជាមួយ​ក្រុមគ្រួសារ​ ឬ​អ្នក​រស់នៅ​ក្នុង​សហគមន៍​ជាមួយ​គ្នា​។

កាលពី​ពេល​ថ្មីៗ​នេះ​ក្នុង​ចំណោម​ក្រុមនិស្សិត​ខ្មែរ​ចំនួន ៨០ ​នាក់​ ដែល​វិលត្រឡប់​មកពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​មក​ដល់​កម្ពុជា​វិញ​កាលពី​ថ្ងៃទី ១០ ​ខែកក្កដា​ គឺ​មាន​ចំនួន​ ២៥ ​នាក់ ​ត្រូវ​បាន​ធ្វើតេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​នៅ​ថ្ងៃ​ម្សិលមិញ​មាន​និស្សិត​ចំនួន ៣ ​នាក់ ​ត្រូវបាន​ក្រសួង​សុខាភិបាល​ប្រកាស​ថា​បាន​ព្យាបាល​ជាសះស្បើយ​ក្រោយ​លទ្ធផល​ធ្វើតេស្ដ​ ២ ​ដង​អវិជ្ជមាន​។

គិត​ត្រឹម​ថ្ងៃទី​ ១៩ កក្កដា កម្ពុជា​បានធ្វើ​តេស្ដ​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ទាំង​ជនបរទេស និង​ពលរដ្ឋ​ខ្មែរ​មាន​ចំនួន​ ១៧១ ​នាក់​ ក្រោយពី​មាន​អ្នក​ដំណើរ​មកពី​សហរដ្ឋ​អាមេរិក​ចំនួន ៥ ​នាក់​ទៀត​ បាន​ធ្វើតេស្ដ​វិជ្ជមាន​កាលពី​ថ្ងៃទី​ ១៦ កក្កដា គឺជា​ពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​ចំនួន ៣ ​នាក់ និង​មន្ត្រី​ទូត​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ចំនួន​ ២ ​នាក់ ​ដែល​បាន​ធ្វើ​ដំណើរ​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​ ១៥ កក្កដា​។

នៅក្នុង​ចំណោម​អ្នកជំងឺ​កូវីដ ១៧១ ​នាក់​នេះ​ គឺ​ត្រូវបាន​ព្យាបាល​ជា​សះស្បើយ​អស់​ចំនួន​ ១៣១ ​នាក់​ ស្របពេល​ស្ដ្រី​ខ្មែរ​ទើប​ធ្វើដំណើរ​មកពី​អាមេរិក​ម្នាក់​កាលពី​ថ្ងៃទី​ ១៥ កក្កដា បាន​រត់គេច​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងភ្នំពេញ​កាលពី​យប់​ថ្ងៃទី​ ១៧ ហើយ​ជិះ​រថយន្ត​តាក់ស៊ី​ទៅកាន់​ខេត្ត​កំពង់ចាម និង​បាន​ធ្វើ​ដំណើរ​ទៅ​ហូបបាយ និង​ធ្វើ​សក់​ក្នុង​ហាង​មួយកន្លែង​ដែល​ស្ថិតនៅ​ផ្សារ​ធំ​នៅ​ក្រុង​កំពង់ចាម​មុន​អាជ្ញាធរ​ក្នុង​ខេត្ត​នេះ ស្វែង​រកឃើញ​ និង​បញ្ជូន​ទៅធ្វើ​ចត្តាឡីស័ក​វិញ​នៅ​យប់​ថ្ងៃទី​ ១៨ កក្កដា​។

លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លើក​ឡើង​ថា ក្រសួង​មិនទាន់​បាន​កំណត់​អំពី​ការដាក់ទោស​ទណ្ឌ ឬ​ពិន័យ​ចំពោះ​អ្នក​រត់គេច​ចេញពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅឡើយ​ទេ​។

លោកស្រី​ថា​៖ «​នេះ​គឺជា​ករណី​ដែល​បាន​ចាក​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ដោយ​មិនបាន​ស្នើសុំ​ត្រឹមត្រូវ​ដែល​ជា​ទង្វើ​លួច​ចេញ​ដោយ​មិន​គោរព​តាម​វិធានការ​ចត្តាឡីស័ក​សម្រាប់​ការគ្រប់គ្រង​ប្រទេស​ក្នុង​គ្រា​មាន​ការរាតត្បាត​ជំងឺ​ឆ្លង​ជា​អន្តរជាតិ​។ ករណី​នេះ​ទាមទារ​ពេលវេលា​បន្តិច​សិន ដើម្បី​ក្រុមការងារ​ថ្នាក់ក្រោម​ជាតិ ដែល​មាន​អាជ្ញាធរ​ខេត្ត​ដឹកនាំ​កំពុង​ធ្វើការងារ​បន្តទៀត​សិន​»​។

រដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ឈប់​សម្រាក​សង​ថ្ងៃ​ចូលឆ្នាំ​រយៈពេល​ ៥ ​ថ្ងៃ​នៅ​ថ្ងៃទី​ ១៧ ​ដល់​ថ្ងៃទី​ ២១ ​ខែ​សីហា​ ខាងមុខនេះ ដោយ​រំពឹង​ថា ការឈប់​សម្រាក​នៅពេល​នោះ​នឹង​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​នានា ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​ស្របពេល​កំពុង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​កូវីដ​ ១៩​។

ក្រសួង​សុខាភិបាល​ទើប​ចេញ​សេចក្ដី​ណែនាំ​មួយ​កាលពី​ចុង​សប្ដាហ៍​នេះ ដើម្បី​បង្ការ​កុំឱ្យ​មាន​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​អំឡុង​ពេល​ដែល​ពលរដ្ឋ​ត្រូវ​ឈប់​សម្រាក​រយៈពេល​យូរ​នៅក្នុង​ខែសីហា​ខាង​មុខ​នេះ គឺ​ពលរដ្ឋ​ត្រូវ​ជ្រើសរើស​ទីតាំង​កម្សាន្ត​ដែល​មាន​បរិយាកាស​ល្អ​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ហើយ​ត្រូវ​ចៀសវាង​ការកម្សាន្ត​នៅតាម​ខារ៉ាអូខេ និង​ក្លិប​កម្សាន្ត ឬ​ជួបជុំគ្នា​លេងល្បែង ច្រៀង​រាំ និង​ផឹកស៊ី​ដែល​មាន​គ្នាច្រើន​នាំឱ្យ​បាត់បង់​គម្លាត​សុវត្ថិភាព​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក ហ៊ុន សែន ក៏​បាន​សរសេរ​បង្ហោះ​នៅក្នុង​ហ្វេសប៊ុក​របស់​លោក​ថា នៅតាម​ទីកន្លែង​អាជីវកម្ម​ទាំងអស់​គឺ​ត្រូវមាន​ជែល​ ឬ​អាល់កុល​សម្រាប់​លាងដៃ និង​ម៉ាស់​សម្រាប់​ពាក់ ដើម្បី​ការពារ​ការឆ្លង​រាលដាល​ជំងឺ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ហើយ​អ្នក​ដំណើរ​មកពី​ក្រៅ​ប្រទេស​ទាំងអស់​ត្រូវគោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដូច​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​មក​កម្ពុជា ត្រូវតែ​ធ្វើ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស​នៅពេល​ដែល​ពិនិត្យ​សុខភាព​រួចហើយ​អនុញ្ញាត​ឱ្យ​រស់នៅ​ដាច់​ដោយ​ឡែក​ចំនួន ១៤ ថ្ងៃ​គឺ​ត្រូវ​ទទួលខុស​ត្រូវ​ធ្វើ​តាម​បញ្ជា​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ដាច់ខាត ដើម្បី​សុវត្ថិភាព សុខភាព​ខ្លួនឯង​ផង និង​សម្រាប់​អ្នកដទៃ​ផង​»៕