ភ្នំពេញ: ប្រទេស​នូវែលសេឡង់​ (New Zealand) ​បាន​ផ្តល់​ថវិកា​ប្រមាណ​ ៣,៨ ​លាន​ដុល្លារ​អាមេរិក​ជា​លើកដំបូង​សម្រាប់​​បោសសម្អាត​មីន​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ៦ ​ឆ្នាំ​ នៅ​គោលដៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ប៉ៃលិន ស្រប​ពេល​ដែល​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​ទើប​ប្រមូល​បាន​គ្រាប់មីន​ប្រភេទ​ MD៨២B ចំនួន​ ១០ ​គ្រាប់ ​នៅ​សង្កាត់​បយ៉ាខា ក្រុង​ប៉ៃលិន​។

លោក លី ធុជ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​ ១ ​នៃ​អាជ្ញាធរ​មីន​បាន​ថ្លែង​ពីថ្ងៃ​ទី​ ២១ ​មិថុនា​ ថា ប្រទេស​នូវែលសេឡង់ បាន​សម្រេច​ផ្តល់​ថវិកា​ជំនួយ​ឥតសំណង​ ៥,៩ ​លានដុល្លារ​ (NewZealand) ​ស្មើនឹង​ប្រមាណ​ ៣,៨ ​លាន​ដុល្លារ​អាមេរិក ដើម្បី​ចូលរួម​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​។ ​ជំនួយ​នេះ​សម្រាប់​គម្រោង​រយៈពេល​ ៦ ​ឆ្នាំ​ ក្នុង​ខេត្ត​គោលដៅ​សំខាន់ៗ​​រួមមាន បាត់ដំបង បន្ទាយមានជ័យ និង​ប៉ៃលិន ក្នុង​ដំណាក់កាល​ទី​ ៤ ​នេះ​។

លោក​ឲ្យ​ដឹងថា កន្លងមក​មាន​បណ្ដា​ប្រទេស​ជា​មិត្ត និង​ដៃគូ​មួយចំនួន​បាន​ចូលរួម​លើ​ការងារ​សកម្មភាព​មីន​មនុស្សធម៌​យ៉ាងសកម្ម​ជាមួយ​កម្ពុជា​ដូចជា​ប្រទេស​អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ ន័រវែស ស្វ៊ីស អៀរឡង់ អូស្ដ្រាលី កាណាដា ចិន ជប៉ុន កូរ៉េខាងត្បូង អង្គការ UNDP និង​អង្គការ UNICEF ​ផងដែរ​។

លោក​ លី ធុជ បញ្ជាក់ថា​៖ «​យើង​សូម​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​នូវែលសេឡង់​ដែល​បាន​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការផ្តល់​ដី​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​តាម​សហគមន៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន​។ ​ជាពិសេស​អាជ្ញាធរ​មីន​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អ​ជាមួយ​ប្រទេស​ម្ចាស់ជំនួយ​ទាំងអស់នេះ​»​។

ករណី​ដាច់​ដោយ​ឡែក​មួយទៀត​កាលពី​ថ្ងៃទី​ ២០ ខែមិថុនា អាជ្ញាធរខេត្ត​ប៉ៃលិន​សហការ​ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​បាន​ចុះ​ទៅ​ប្រមូល​យក​គ្រាប់មីន​ប្រភេទ​ MD៨២B ​ចំនួន​ ១០ ​គ្រាប់​ ដែល​កប់​ក្នុង​ដីចម្ការ​ពលរដ្ឋ​ ១ ​កន្លែង​នៅ​ភូមិ​បហ៊ុយត្បូង សង្កាត់​​បយ៉ាខា ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន​។

លោក អ៊ឹង សុផល អធិការរង​នគរបាល​ក្រុងប៉ៃលិន​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២១ ​មិថុនា ​ថា គ្រាប់មីន​ប្រភេទ MD៨២B ចំនួន​ ១០ ​គ្រាប់​នោះ​ត្រូវបាន​អាជ្ញាធរ និង​អង្គភាព​ CMAC យកមក​រក្សាទុក​នៅ​ទីតាំង​មាន​សុវត្ថិភាព​រួចហើយ បន្ទាប់ពី​ពលរដ្ឋ​ម្នាក់​បាន​ប្រទះឃើញ​ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។ ក្នុង​ចំណោម​គ្រាប់មីន​ទាំងនោះ​មាន​មួយចំនួន​នៅ​​មាន​គុណភាព​ដែល​អាច​ផ្ទុះ​បាន​។

លោក​បន្តថា ពលរដ្ឋ​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​របស់​ខ្លួន​នៅក្បែរ​មាត់ស្ទឹង​ ដើម្បី​ពង្រាបដី​ឲ្យ​ស្មើ​។ ​លុះ​កំពុង​​ជីកកកាយ​ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់មីន​ ១០ ​គ្រាប់​នៅ​ក្បែរៗ​គ្នា ធ្វើឲ្យ​ម្ចាស់​គ្រឿងចក្រ​ភ័យ និង​ផ្អាក​សកម្មភាព ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​សុំ​អន្តរាគមន៍​ពី​អង្គភាព​ជំនាញ​ចុះ​មក​យក​ទៅ​កម្ទេចចោល​។

លោក អ៊ឹង សុផល បញ្ជាក់ថា​៖ «​ម្ចាស់​ចម្ការ​ម្នាក់​ហ្នឹង​គាត់​ធ្លាប់​បាន​ជួល​គ្រឿងចក្រ​យក​ទៅ​កាយ​ពង្រាបដី​របស់​គាត់​នៅ​ត្រង់​ចំណុច​ហ្នឹង​កាលពី​ថ្ងៃទី​ ២៧ ខែ​​ឧសភា ហើយ​ប៉ះចំ​គ្រាប់មីន​ផ្ទុះ​យ៉ាង​កក្រើក​របួស​ធ្ងន់​ ២ ​នាក់ ក្រោយមក​ក៏ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។ ​បន្ទាប់មក​គាត់​ក៏​ជួល​គ្រឿងចក្រ​ផ្សេង​ ១ ​ទៀត​មក​ជីក​កកាយ​ដី​ហ្នឹង​ដដែល ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់មីន​ទាំង ១០ ​គ្រាប់​នេះ​តែម្ដង​»​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​បាន​ទទួលដំណឹង​នេះ​នៅឡើយ ដោយ​លោក​អះអាង​ថា មន្ត្រី​ជំនាញ CMAC កំពុង​រៀបចំ​របាយការណ៍​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​ទាន់​បាន​ដឹង​រឿង​គេ​ប្រទះឃើញ​គ្រាប់មីន​ហ្នឹង​ទេ ប្រហែល​ជំនាញ​ខ្ញុំ​គាត់​កំពុង​រៀបចំ​របាយការណ៍​បញ្ជូន​មក​ខ្ញុំ​ហើយ ចាំ​មាន​របាយការណ៍​សិន ទើប​ខ្ញុំ​ជម្រាបជូន​បាន​»​។

តាម​របាយការណ៍​របស់​អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​មាន​មនុស្ស​គ្រោះថ្នាក់​របួស និង​ស្លាប់​ចំនួន​ ៣៥ ​នាក់​ (​ស្លាប់​ ៨ ​នាក់ និង​ដាច់​អវយវៈ​ ៩ ​នាក់​) ​ដោយសារ​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។ ក្នុងនោះ​ខេត្ត​ដែល​គ្រោះថ្នាក់​ច្រើន​រួមមាន បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ ក្រចេះ ព្រះវិហារ ប៉ៃលិន ត្បូងឃ្មុំ មណ្ឌលគិរី ស្ទឹងត្រែង និង​ឧត្តរមានជ័យ​៕