សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា នាចុងរដូវប្រាំងឆ្នាំនេះស្រះស្រង់ដែលជាស្រះដ៏ធំមួយក្នុងតំបន់អង្គរអាចនឹងរីងស្ងួតព្រោះកន្លងមកមិនបានបញ្ចូលទឹកដោយសារទុកលទ្ធភាពឱ្យអ្នកជំនាញជួសជុល និងសង់ប្រាសាទនៅចំកណ្ដាលស្រះឡើងវិញ ប៉ុន្តែការរីងស្ងួតនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់គ្រឹះប្រាសាទដែលនៅជុំវិញស្រះនេះទេ។ នេះបើតាមការអះអាងរបស់អាជ្ញាធរនេះលើទំព័រហ្វេសប៊ុកពីថ្ងៃទី ២៧ មីនា។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា «ស្ថានភាពបច្ចុប្បន្នគិតត្រឹមថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២១ នេះ កម្រិតបរិមាណទឹកក្នុងស្រះស្រង់ស្ថិតក្នុងកម្រិតទាបបំផុត ហើយកម្ដៅថ្ងៃនឹងបន្តហួតទឹកដែលនៅសេសសល់បន្ដិចបន្តួចនេះយ៉ាងឆាប់រហ័សបំផុតបើគិតតាមរយៈអាកាសធាតុសព្វថ្ងៃ»។
ស្រះស្រង់គឺជាស្រះដ៏ធំមួយមានទីតាំងនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើតមានបណ្តោយ ៧៨០ ម៉ែត្រ និងទទឹង ៣៨០ ម៉ែត្រត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។
ស្រះនេះមានរានហាលដ៏ស្រស់ស្អាត សាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដោយមានរាងកាកបាទ មានបង្កាន់ដៃនាគ និងមានតោឈរយាមផ្លូវផងដែរ។ ស្រះនេះមានទឹកជាប់ជានិច្ច និងមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញ តែមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងទៅលើទឹកភ្លៀង និងទឹកក្រោមដីដែលជ្រាបចូលពីបារាយណ៍ខាងកើត។ ប៉ុន្តែកាលពីរដូវប្រាំងឆ្នាំ ២០១៥ ស្រះនេះក៏ធ្លាប់រីងស្ងួតស្ទើរទាំងស្រុងផងដែរ។
លោក ឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការដែលស្រះនេះអាចនឹងមានការរីងស្ងួតជាថ្មី ក៏ព្រោះតែកាលពីឆ្នាំ ២០២០ នារដូវវស្សាអ្នកជំនាញលើការគ្រប់គ្រងទឹកមិនបានបង្ហូរទឹកចូលបន្ថែមក្នុងស្រះស្រង់ឱ្យពេញទេ។
ការមិនបានបញ្ចូលទឹកបន្ថែមនេះក៏ព្រោះតែក្រុមអ្នកជួសជុលប្រាសាទប្រញាប់រួសរាន់ក្នុងការបង្ហើយការងារជួសជុលប្រាសាទនេះឱ្យទាន់ពេលវេលា។
យ៉ាងណាលោកបញ្ជាក់ថា បើទោះជាស្រះនេះមិនមានទឹក ឬអាចរីងស្ងួតអស់ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់គ្រឹះប្រាសាទដែលនៅជុំវិញនោះដែរ ព្រោះស្រះនេះមិនមានមុខងារក្នុងការទប់លំនឹងប្រាសាទនោះទេ ខណៈស្រះនេះនឹងមានទឹកត្រឡប់មកវិញនៅពេលរដូវវស្សាចូលមកដល់។
លោកបានបញ្ជាក់៖ «ប្រាសាទនៅកណ្តាលស្រះស្រង់នេះបានជួសជុលរួចរាល់ហើយ ប៉ុន្តែស្រះនេះនឹងមិនមានទឹកទេ ព្រោះទឹកឆ្នាំមុនមិនបានចូលពេញ។ យើងមិនមានលទ្ធភាពបូមបំពេញស្រះនេះទេ ព្រោះស្រះនេះធំណាស់ហើយជាទូទៅយើងមិនអាចបូមទឹកយកមកបំពេញបានទេ»។
លោក ឡុង កុសល រំពឹងថាការជូនដំណឹងជាមុនពីការរីងស្ងួតនៃស្រះនេះ គឺចង់ឱ្យបងប្អូន និងភ្ញៀវទេសចរបានដឹងជាមុនពីព័ត៌មាននៃការរីងស្ងួតនេះកុំឱ្យមានការងឿងឆ្ងល់ ព្រោះអ្វីដែលអាជ្ញាធរជាតិអប្សរាព្យាករ ស្រះស្រង់ អាចនឹងរីងស្ងួតក្នុងពេលឆាប់ៗនេះ៕
វីដេអូ៖