ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា សម្រាប់ការបោះឆ្នោតជាតិនាចុងខែក្រោយនេះនឹងមានប្រជាពលរដ្ឋប្រមាណជាង ៨០ ភាគរយនៃពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនឹងទៅបោះឆ្នោតដោយចាត់ទុកនេះជាជោគជ័យក្នុងដំណើរការបោះឆ្នោត ប៉ុន្តែអ្នកឃ្លាំមើលថា ពលរដ្ឋមិនសប្បាយចិត្តនឹងការបោះឆ្នោតមានប្រហែល ៧០ ភាគរយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមកាលពីថ្ងៃចន្ទថា ប្រជាពលរដ្ឋ ៨៤ ភាគរយនៃពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត (ជាង ៨ លាននាក់) នឹងទៅបោះឆ្នោតនាថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨។
ជាមួយគ្នានេះលោក សុខ ឥសាន ក៏បានប្រតិកម្មតបនឹងការរិះគន់នានាពីអតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជា អង្គការជាតិ និងអន្តរជាតិ សភាអាស៊ានដើម្បីសិទ្ធិមនុស្សដែលលោកហៅថា ជាពួកអគតិ និងប្រៀបធៀបពួកទាំងនោះជា «រុយ និងមូស» ដែលកំពុងចោមរោមការបោះឆ្នោត។
លោកសរសេរថា៖ «ចំណែកមេខ្លោងធំបានឆ្លៀតដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបន្ទាបបន្ថោកឥទ្ធិពលគណបក្សប្រជាជនកម្ពុជា បំភាន់មតិមហាជនឲ្យយល់ច្រឡំ»។
លោក ឥសាន បានសរសេរបន្ថែមទៀតថា៖ «ក៏ប៉ុន្តែទោះបីពួករុយ ពួកមូសមកឆាឆៅសភាពការណ៍នយោបាយយ៉ាងណា ក៏ដំណើរការឆ្ពោះទៅរកការបោះឆ្នោតនៅតែទៅមុខដោយរលូនដែរ ដោយមានប្រជាជនកម្ពុជា ជាង ៨៤ ភាគរយ ដែលមានឈ្មោះក្នុងបញ្ជីនឹងទៅបោះឆ្នោតតាមការិយាល័យបោះឆ្នោតនឹងធ្វើឲ្យការបោះឆ្នោតទទួលជោគជ័យជាមិនខាន»។
ទោះជាយ៉ាងណាលោក សុខ ឥសាន មិនអាចទាក់ទងដើម្បីសុំអត្ថាធិប្បាយបន្ថែមបានទេកាលពីម្សិលមិញ។
ប៉ុន្តែលោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិថ្លែងតាមរយៈសារអេឡិចត្រូនិកពីម្សិលមិញថា ពលរដ្ឋប្រមាណជា ៤៤ ភាគរយដែលធ្លាប់បោះឆ្នោតឲ្យបក្សសង្គ្រោះជាតិនឹងមិនទៅបោះឆ្នោតខែកក្កដានោះទេ។
លោកស្រីថ្លែងថា៖ «ការបោះឆ្នោតគឺជាសិទ្ធិ ហើយម្ចាស់ឆ្នោតមិនត្រូវបានបង្ខំ បំភិតបំភ័យ គំរាមកំហែងឲ្យទៅបោះឆ្នោតនោះទេ។ ៤៤ ភាគរយ ឬ ពាក់កណ្ដាលប្រទេសបោះឲ្យមានការផ្លាស់ប្ដូរក្នុងឆ្នាំ ២០១៣ និងឆ្នាំ ២០១៨។ ជម្រើសរបស់ពួកគេគឺច្បាស់លាស់ជាប់រហូតមក។ ជម្រើសរបស់ពួកគេគឺគណបក្សប្រឆាំងដ៏ធំ និងមានសមត្ថភាពដែលអាចចូលរួមប្រកួតប្រជែង និងអាចទទួលជ័យជម្នះបាន»។
លោកស្រីបន្តថា៖ «បើស្ថិតនៅក្នុងបរិយាកាសសេរី និងមានសុវត្ថិភាព ៤៤ ភាគរយនៃអ្នកបោះឆ្នោតនឹងមិនទៅបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨ នោះទេ»។
លោក រស់ សារ៉ុម ប្រធានសមាគមជយលាភីបញ្ញវន្តកម្ពុជាឲ្យដឹងថាតាមការសិក្សាមួយចំនួនពាក់ព័ន្ធនឹងតួលេខពលរដ្ឋទៅបោះឆ្នោតគឺមានន័យថា ទឹកចិត្តប្រជាពលរដ្ឋអត់ចង់ទៅបោះឆ្នោតមានចំនួនច្រើនលើសពី ៥០ ភាគរយដោយសារថាពលរដ្ឋទាំងនោះមិនសប្បាយចិត្តនឹងការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ។
លោកព្យាករថា៖ «វាមានចំនួនច្រើនរហូតដល់ខ្ទង់ប្រហែល ៧០ ភាគរយដែលមិនសប្បាយចិត្តក្នុងការបោះឆ្នោត និង មិនបានចាប់អារម្មណ៍ក្នុងការបោះឆ្នោត។ ពីមុនពេលជិតបោះឆ្នោតម្តងៗគាត់សប្បាយចិត្តព្រោះគាត់បានសម្តែងឆន្ទៈរបស់គាត់។ យើងយកតួលេខអ្នកដែលសម្រេចចិត្តថាទៅ [បោះឆ្នោត] បូកជាមួយអ្នកដែលស្ទាក់ស្ទើរ គេហៅថាទើសទាល់ តែនៅតែទៅ [បោះឆ្នោត] បូកចូលគ្នាទៅបាន ៥៦ ភាគរយ។ ប៉ុន្តែអ្នកដែលដាច់ខាតមិនទៅបានតែ ៤៤ ភាគរយទេ។ រឿងគាត់គូសយ៉ាងម៉េចអាហ្នឹងគ្រាន់តែជាសិទ្ធិរបស់គាត់ ប៉ុន្តែគាត់ថាគាត់ទៅប៉ុន្តែវាទើសទាល់»។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាថ្លែងថាការព្យាករថាចំនួនអ្នកទៅបោះឆ្នោតមានរហូតដល់ចំនួនច្រើនបែបនេះគឺជាការរំពឹងខ្ពស់។
លោកបន្តថា៖ «ប៉ុន្តែវាឆាប់ពេកក្នុងការដឹងអំពីចំនួននេះ។ ការពិតគួរឱ្យចាប់អារម្មណ៍មួយទៀតដែលគួរឲ្យកត់សម្គាល់គឺថាតើប្រជាពលរដ្ឋចង់ទៅបោះឆ្នោត ឬត្រូវចៀសវាងការបោះឆ្នោត។ នៅក្នុងបរិយាកាសបែបនេះខ្ញុំព្យាករថាចំនួនសន្លឹកឆ្នោតមិនបានការនឹងមានចំនួនខ្ពស់ខ្លាំងនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ បើប្រៀបធៀបនឹងការបោះឆ្នោតលើកមុនៗ»។
អ្នកជំនាញការបោះឆ្នោតលោក យឿង សុធារ៉ា ថ្លែងថាខណៈដែលការបោះឆ្នោតមិនទាន់ត្រូវបានធ្វើឡើងនៅឡើយនោះមិនអាចសន្និដ្ឋាន ឬធានាទុកជាមុនអំពីចំនួនពិតប្រាកដនៃអ្នកទៅបោះឆ្នោតបានទេ។
លោកថ្លែងថា៖ «យើងអាចគ្រាន់តែព្យាករថាវាប្រហែលហ្នឹងដោយផ្អែកទៅលើកត្តាមួយចំនួន។ ប៉ុន្តែទោះជាយ៉ាងណារាល់ការព្យាករទាំងអស់មិនអាចត្រូវតាមចំនួនដែលព្យាករពិតប្រាកដទេ។ ខ្ញុំមិនគិតថាចំនួនអ្នកចេញទៅបោះឆ្នោតនឹងកើនឡើងខ្ពស់ ឬកើនដល់ ៨០% នោះទេ។ ខ្ញុំមិនអាចបញ្ជាក់អំពីចំនួនពិតប្រាកដសម្រាប់អ្វីមួយដែលមិនទាន់កើតឡើងនៅឡើយនោះទេ»។
លោកបន្តថាចំណុចសំខាន់ ២ យ៉ាងដែលអាចធ្វើឱ្យអ្នកចេញទៅបោះឆ្នោតមានចំនួនខ្ពស់ ទី ១ គឺ អ្នកបោះឆ្នោតខ្លួនឯងផ្ទាល់ពេញចិត្តខ្លាំងទុកចិត្តខ្លាំងទៅនឹងប្រព័ន្ធបោះឆ្នោតជ្រើសរើសតំណាងរបស់ពួកគេហើយពួកគេស្ម័គ្រចិត្តទៅបោះឆ្នោត។ ឧទាហរណ៍ពួកគេស្រេកឃ្លានចង់បានលទ្ធិប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតដូចនៅប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០១៥។ ទី ២ ប្រសិនបើមានការដាក់ទណ្ឌកម្មណាមួយប្រឆាំងពួកគេដូចជា ផ្នែកផ្លូវចិត្ត ផ្នែកផ្លូវច្បាប់ ឬនយោបាយ»៕ NS