ភ្នំពេញៈ បក្ស​កាន់​អំណាច​អះអាង​ថា ប្រសិន​បើ​រដ្ឋាភិបាល​ថ្មី​ អន្តរជាតិ​មិន​ទទួល​ស្គាល់​នោះ អង្គការ​សហប្រជាជាតិ​មិន​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​ឡើយ ខណៈ​អ្នកវិភាគ​ថា រដ្ឋាភិបាល​បង្កើត​ឡើង​ក្រោយ​ការបោះឆ្នោត​ដ៏ចម្រូង​ចម្រាស​នេះ​មិន​អាច​ស្មើ​មុខ​លើ​ឆាក​អន្តរជាតិ​។

ក្រុម​អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា សហគមន៍​អន្តរជាតិ​លែង​មាន​ជំនឿ​ទៅ​លើ​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​និយាយ​អំពី​ការប្តេជ្ញា​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ហើយ​។ ក្រៅពី​នេះ​រដ្ឋាភិបាល​ថ្មី​ដែល​គ្រោង​នឹង​បង្កើត​នៅ​ខែ​ក្រោយ​ក៏​មិន​អាច​ស្មើ​មុខ​ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ​បាន​ដែរ ខណៈ​លោក​ ហ៊ុន សែន គ្រោង​នឹង​ទៅ​ប្រាប់​អង្គការ​សហប្រជាជាតិ​នា​ខែ​ក្រោយ​អំពី​ស្ថានការណ៍​នយោបាយ ក្រោយ​ការបោះឆ្នោត​ដ៏ចម្រូង​ចម្រាស ប៉ុន្តែ​បក្ស​ឈ្នះឆ្នោត​ថា​បើ​អន្តរជាតិ​មិន​ជឿ ឬ​មិន​ទទួល​ស្គាល់ នោះ​ពួកគេ​មិន​អញ្ជើញ​កម្ពុជា​ទៅ​ចូលរួម​ប្រជុំ​ឡើយ​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​សម្តែង​ការអស់​សំណើច​ចំពោះ​អ្នកវិភាគ​ដែល​លោក​ចាត់ទុក​ថា​ជា​ការវិភាគ​ដែល​មិន​ស្មើ​នឹង​ការ​ដេក​យល់​សប្តិ​នោះ​ផង​។ លោក​ថា​នាយក​រដ្ឋមន្ត្រី​លោក​ ហ៊ុន សែន ដែល​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​អញ្ជីញ​ទៅ​ចូលរួម​ប្រជុំ​នេះ​គឺ​សុទ្ធ​តែ​មាន​កិត្តិយស និង​លិខិត​អញ្ជើញ​ពី​ម្ចាស់​ផ្ទះ​។

លោក​ សុខ ឥសាន បញ្ជាក់​​ថា​៖ «​តែ​គេ​អញ្ជើញ​ហើយ គេ​ទទួល​ស្គាល់​តាំងពី​គេ​អញ្ជើញ​ម្ល៉េះ​មិនមែន​ដល់​តែ​ទៅ​ហើយ​បាន​គេ​ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​ដូច​គាត់​ថា​ទេ​។ គេ​ទទួល​យើង​ហើយ​បាន​គេ​អញ្ជើញ មិនមែន​ដូច​អ្នក​វិភាគ​ចេះ​តែ​និយាយ​ វា​គួរ​ឲ្យ​ខ្មាសអៀន​ណាស់​។ គាត់​ចង់​ថា ហ្នឹង​គឺថា​គេ​ហៅ​លម្អៀង​ខាង​នយោបាយ​ច្បាស់​ទែង​ហ្មង​»​។

លោក​សង្កត់ធ្ងន់​ថា​៖ «​នយោបាយ​ការទូត​វា​អ៊ីចឹង បើ​សិន​ណា​ជា​គេ​មិន​ទទួល​ស្គាល់​រាជរដ្ឋាភិបាល គេ​ផ្តាច់​ទូត​បាត់​ហើយ គេ​មិនមែន​បញ្ជូន​ទូត​គេ​មក គេ​ទទួល​សារ​តាំង​អី​ត្រឹមត្រូវ​ទេ​»​។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន ថ្លែង​ថា​កម្ពុជា​ជា​សមាជិក​ពេញលេញ​របស់​អង្គការ​សហប្រជាជាតិ ហើយ​បាន​ដើរតួ​សំខាន់​ណាស់​នៅក្នុង​ការងារ​របស់​អង្គការ​សហប្រជាជាតិ​។

លោក​ថា​៖ «​ដូច្នេះ​សម្តេច​លោក​អញ្ជើញ​ទៅក្នុង​នាម​ជា​អ្នក​ជាប់ឆ្នោត​ ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ផ្លូវការ ក្នុងនាម​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​ដែល​ជួយ​សហការ​ជាមួយ​អង្គការ​នេះ​។ ដូច្នេះ​អ្នក​លើក​ហ្នឹង​គ្រាន់​តែ​លើក​ដើម្បី​យក​អវិជ្ជមាន​វាយប្រហារ​លើ​កម្ពុជា​តែ​ប៉ុណ្ណោះ​»​។

លោក Paul Chambers អ្នកវិភាគ​នយោបាយ និង​ជា​ទីប្រឹក្សា​ពិសេស​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Naresuan នៅឯ​ប្រទេស​ថៃ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាមរយៈ​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​អាទិត្យ​ថា​នៅពេល​ចុង​ក្រោយ សហគមន៍​អន្តរជាតិ​នឹង​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ប៉ុន្តែ​ដំណើរការ​នោះ​នឹង​ទំនង​ជា​ប្រព្រឹត្ត​ទៅ​យឺតយូរ​ជាង​ការរំពឹងទុក​។

លោក​ថា សហគមន៍​អន្តរជាតិ​អស់​ជំនឿ​លើ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​។

លោក​សរសេរ​ថា​៖ «​ខ្ញុំ​គិត​ថា សហគមន៍​អន្តរជាតិ​បាន​បញ្ចប់​យូរ​មក​ហើយ​នូវ​ការជឿជាក់​ទៅ​លើ​អ្វី​ដែល​លោក​ ហ៊ុន សែន និយាយ​អំពី​ការប្តេជ្ញាចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ ឬ​ភាពស្រប​ច្បាប់​ខាង​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​»​។

លើស​ពី​នេះ​លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា រដ្ឋាភិបាល​លោក​ ហ៊ុន សែន នឹង​ប្រឈម​នឹង​ការ​ផ្តាច់​ជំនួយ​ពី​សហរដ្ឋ​អាមេរិក និង​ទំនង​ជា​ប្រឈម​នឹង​ការ​កាត់​ជំនួយ​ពី​ប្រទេស​នៃ​សហភាព​អឺរ៉ុប​ផង​ដែរ​។

លោក​ថា​៖ «​នេះ​ដោយសារ​តែ​លោក​ ហ៊ុន សែន ត្រូវ​បាន​ថ្កោលទោស​ដោយ​ប្រទេស​លោក​ខាង​លិច​ជាច្រើន ព្រោះ​ថា​បាន​បញ្ចប់​ទាំង​ស្រុង​នូវ​លទ្ធិប្រជាធិបតេយ្យ​ទន់ខ្សោយ​រួច​ទៅ​ហើយ និង​ជាក់ស្តែង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​ច្បាប់​របស់​កម្ពុជា តុលាការ និង​គណបក្ស​នយោបាយ ដើម្បី​បង្កើត​នូវ​អ្វី​តាំងពី​ការបោះឆ្នោត​កាលពី​ខែ​កក្កដា​ដែល​មាន​អំណាច​ផ្តាច់ការ​គណបក្ស​តែ​ ១»​។

ស្រដៀង​គ្នា​នេះ​ដែរ​ប្រធាន​សមាគម​ជយលាភី​បញ្ញា​ជន​កម្ពុជា​លោក​ រស់ សារ៉ុម ចាត់ទុក​ការត្រៀម​ទៅ​ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ​របស់​លោក​ ហ៊ុន សែន ថា​គ្រាន់​តែ​ជា​ល្បែង​គោះ​ទឹក ដើម្បី​ចង់​ដឹង​ថា​តើ​សាធារណ​ជនជាតិ និង​អន្តរជាតិ​នឹង​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​បង្កើត​ឡើង​ក្រោយ​ការបោះឆ្នោត​ចម្រូងចម្រាស​នេះ​មាន​កម្រិត​ប៉ុនណា​?

លោក​បាន​ថ្លែង​ថា​៖ «​បំណង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​ ហ៊ុន សែន ដែល​នឹង​ទៅ​បកស្រាយ​នៅ​អង្គការ​សហប្រជាជាតិ​នោះ ខ្ញុំ​យល់​ថា​វា​មាន​ប្រសិទ្ធភាព​តិចតួច បើ​ប្រៀបធៀប​ជាមួយ​នឹង​អ្វី​ដែល​ជា​សមិទ្ធផល​ដែល​រដ្ឋាភិបាល​កម្ពុជា​រំពឹង​ទុក​ថា​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​នោះ​»​។

លោក​ថា​៖ «​មិន​អាច​ស្មើមុខ​ស្មើមាត់​លើ​ឆាក​អន្តរជាតិ​បាន​ទេ​ព្រោះ​ការបោះឆ្នោត​ហាក់​មិន​បាន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ [​ពលរដ្ឋ​]»៕