ភ្នំពេញៈ បក្ស​កាន់អំណាច​នៅ​តែ​មាន​ជំនឿ​ថា ទណ្ឌកម្ម​អន្តរជាតិ​ដែល​មាន​ចេតនា​ចង់​ឲ្យ​មាន​ការ​សម្របសម្រួល​នយោបាយ​ជាមួយ​អតីត​បក្សប្រឆាំង​គឺ​មិន​អាច​មាន​ប្រសិទ្ធភាព​មក​លើ​រដ្ឋាភិបាល​កម្ពុជា​បាន​ឡើយ ក្រោយ​ការបោះឆ្នោត​ដែល​ខ្លួន​ឈ្នះ​កាន់កាប់​អំណាច​ទាំង​ស្រុង​នោះ​ដោយ​អះអាង​ថា សន្ធឹក​សូរសំឡេង​នៃ​ការដាក់​សម្ពាធ​ទាំងឡាយ វា​គ្រាន់​តែ​ជា​ការ​គំរាមកំហែង​ដដែលៗ​តែ​ប៉ុណ្ណោះ​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​ឈ្នះឆ្នោត​លើសលប់​គ្រប់គ្រង​អាសនៈ​រដ្ឋសភា​ទាំង​ ១២៥ ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​ដោយ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​ដ៏ចម្បង​​ត្រូវ​បាន​រំលាយ​ចូលរួម​ប្រកួត​ប្រជែង​នោះ​បាន​ថ្លែង​ដោយ​មាន​ជំនឿ​មុតមាំ​ថា សម្ពាធ​ ឬ​ទណ្ឌកម្ម​ពី​អន្តរជាតិ​ដែល​ចង់​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ថយក្រោយ​មួយ​ជំហាន ដើម្បី​ងាក​ទៅ​រក​តុ​ចរចា​ជាមួយ​អតីត​គណបក្ស​ប្រឆាំង​គឺជា​រឿង​មិន​អាច​ទៅ​រួច​។

លោក ឥសាន បញ្ជាក់​ថា​៖ «​រឿង​ដែល​ថា​សម្ពាធ​បរទេស​កាន់តែ​ខ្លាំង​ឡើងៗ ខ្ញុំ​និយាយ​ទៅ​វា​គ្មាន​ឃើញ​ខ្លាំង​អី​ទេ​។ ខ្លាំង​តាំង​ពី​ដើម​មក​តាំងពី​មុន​បោះឆ្នោត​។ ខ្លាំង​ហ្នឹង​ដើម្បី​ទប់​កុំ​ឲ្យ​មាន​ការ​បោះឆ្នោត ឥឡូវ​ដល់​បោះឆ្នោត​ហើយ​រឿង​ខ្លាំង​អី​ទៀត វា​ទៅ​ហើយ​ទប់​វា​អត់​កើត​ទេ​ចរន្ត​នៃ​លទ្ធិប្រជាធិបតេយ្យ​កំពុង​រីកចម្រើន​នៅ​កម្ពុជា​មិន​អាច​មាន​ជនបរទេស​ ឬ​ក៏​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់​មក​ទប់ស្កាត់​បាន​ទេ​»​។

ឆ្លើយតប​នឹង​ការដក​គម្រោង​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចេញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​លើកលែង​តែ​អាវុធ (EBA Everything But Arms) លោក​ សុខ ឥសាន អះអាង​ថា​ការព្រមាន​ផ្តាច់​គម្រោង​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​នេះ ធ្លាប់​ឮ​យូរ​មក​ហើយ ប៉ុន្តែ​មិន​ដែល​ឃើញ​អនុវត្ត​ទេ ហើយ​ឥឡូវ​សហភាព​អឺរ៉ុប​បាន​អញ្ជើញ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​ចូលរួម​ប្រជុំ​នៅ​ចុង​ឆ្នាំ​នេះ​ទៀត​។

លោក​ថា​ ការដក​អនុគ្រោះ​ពន្ធ​គឺ​មិនមែន​ចេះ​តែ​ធ្វើ​ងាយស្រួល​ទេ លុះត្រា​តែ​មាន​កុងសង់ស៊ីស​ពី​ប្រទេស​ទាំង​ ២៨ ​នៅ​ក្នុង​សហភាព​អឺរ៉ុប​នោះ បើ​មិន​ដូច្នោះ​ទេ​មិន​អាច​ធ្វើ​បាន​ឡើយ​។

លោក​ថ្លែង​ថា​៖ «​អាហ្នឹង​គ្រាន់តែ​ជា​ការ​គំរាម​ជា​ការ​រំលោភ​សិទ្ធិ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ខ្ញុំ​យល់​ថា វា​អត់​មាន​អី​ប្លែក​ទេ គេ​ស្រែក​អា​រឿង​គំរាមៗ​ហ្នឹង​យូរ​ហើយ​តើ​។ ឥឡូវ​វា​នៅ​តែ​គំរាម​ដដែល​ហ្នឹង គំរាម​ប៉ុន្តែ​ដំណើរ​រីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា វា​ចេះ​តែ​ទៅ​មុខ​»​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​អត់​មាន​ទេ​រឿង​ចរចា​នយោបាយ​ពីព្រោះ​អតីត​បក្ស​ប្រឆាំង​ហ្នឹង​ហើយ​ដែល​បំផ្លាញ​វប្បធម៌​សន្ទនា​ដែល​ជា​ការនាំឲ្យ​ដល់​ការបិទ​ផ្លូវ​ចរចា​នានា​ហ្នឹង​។ លក្ខខណ្ឌ​ក៏ដោយ​មិន​មាន​លក្ខខណ្ឌ​ក៏ដោយ​អត់​មាន​រឿង​ចរចា យើង​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ​កម្ពុជា​។ បើ​បោះឆ្នោត​ហើយ​ចេញ​លទ្ធផល​ចរចា ចាំបាច់​បោះឆ្នោត​ធ្វើ​អី​»​។

ក្រោយ​ការបោះឆ្នោត​សហគមន៍​អន្តរជាតិ​ដូចជា សហរដ្ឋអាមេរិក​សហភាព​អឺរ៉ុប កាណាដា អូស្ត្រាលី បារាំង និង​ប្រទេស​នូវែលសេឡង់​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​បាន​សម្តែង​ការសោកស្តាយ និង​ខក​ចិត្ត​ចំពោះ​ការបោះឆ្នោត ដែល​មិនមាន​បក្ស​ប្រឆាំង​ចូលរួម​។ ពួកគេ​ចាត់ទុក​ការបោះឆ្នោត​នេះ​មិន​ស្រប​តាម​ឆន្ទៈ​ពលរដ្ឋ និង​មិន​សេរី​ត្រឹមត្រូវ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ហើយ​បាន​ជំរុញ​ឲ្យ​មាន​ការ​ចរចា​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​លោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក និង​វិទ្យុ​អាស៊ីសេរី​កាលពី​ចុង​សប្តាហ៍​លោក ​រង្ស៊ី បាន​​រំឭក​ថា ក្នុង​កិច្ចសន្ទនា ឬ​ ចរចា​ជាមួយ​លោក​ ហ៊ុន សែន នាពេល​កន្លង​មក​គឺ​លោក​ស្គាល់​លោក​ ហ៊ុន សែន ច្បាស់​ណាស់​ថា​លោក​ ហ៊ុន សែន បង្កើត​វប្បធម៌​សន្ទនា​ជាមួយ​លោក​គឺជា​វប្បធម៌​សន្ទនា​ក្លែងក្លាយ​។

លោក​ រង្ស៊ី ប្រាប់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ថា​៖ «​ខ្ញុំ​បាន​សាកល្បង​ច្រើន​លើក​ច្រើន​សា​ខ្ញុំ​បាន​លេប​ថ្ម លេប​ក្រួស​ច្រើន​ដង​ហើយ​។ ឥឡូវ​នេះ​ខ្ញុំ​បាន​ឃើញ​ច្បាស់​ហើយ លោក​ ហ៊ុន សែន កែ​អត់​ឡើង​ទេ​។ និយាយ​ស្លូតៗ​កែ​អត់​ឡើង​ទេ ទាល់​តែ​ឲ្យ​អន្តរជាតិ​សំពង​បាន​គាត់​ចេះ​កែ​ខ្លួន​»​។

លោក​ រង្ស៊ី ប្រាប់​អាស៊ីសេរី​ថា​៖ «​បងប្អូន​មើល​គាត់​ទៅ គឺ​អ្វី​ដែល​គាត់​ធ្វើ ខ្លួន​គាត់ ទង្វើ​របស់​គាត់​គឺ​សុទ្ធ​តែ​ក្លែងក្លាយ​។ អ៊ីចឹង​យើង​មិន​ចាំបាច់​ចរចា​អី​ជាមួយ​មនុស្ស​ក្លែងក្លាយ​ទេ​»​។

លោក​ រង្ស៊ី បន្ថែម​ថា​៖ «​ពេលណា​យើង​មាន​សញ្ញា មាន​ភ័ស្តុតាង ប្រជារាស្ត្រ​ខ្មែរ អន្តរជាតិ​ទាំងមូល​ឃើញ​ថា​លោក​ ហ៊ុន សែន ចេះ​កែខ្លួន​ហើយ អាហ្នឹង​សឹម​យើង​ចរចា​»​។

លោក រង្ស៊ី ចាត់ទុក​ស្ថានការណ៍​នយោបាយ​ដែល​មិន​មាន​វត្តមាន​បក្ស​សង្គ្រោះ​ជាតិ​រហូត​មក​ដល់​ឆ្នាំ​ ២០១៨ ​នេះ​ថា​ជា​ស្ថានការណ៍​ល្អ​បំផុត​ដោយ​លោក​ហៅ​ការរំលាយ​បក្ស​ប្រឆាំង​ថា​ជា​ការ​ភ្លាត់ស្នៀត​របស់​លោក​ ហ៊ុន សែន​។

លោក​ថា​៖ «​ហ៊ុន សែន ភ្លាត់ស្នៀត​ធំៗ​​ ២ ​ផ្ទួនៗ​គ្នា ភ្លាត់ស្នៀត​ទី​ ១ ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ភ្លាត់ស្នៀត​ទី​ ២ បោះឆ្នោត​ក្លែងក្លាយ​នេះ​។ ឥឡូវ​នេះ​គាត់​បរាជ័យ​ទាំង​ ២ ​ចំណុច​ហ្នឹង​»​។

លោក​ រស់ សារ៉ុម ប្រធាន​សមាគម​ជយលាភី​បញ្ញាជន​កម្ពុជា​ថ្លែង​ថា បើ​មិន​មាន​ការចរចា ដើម្បី​រក​ច្រក​ផ្សះផ្សា​ជាតិ​ទេ បក្ស​កាន់​អំណាច​ដែល​ឈ្នះឆ្នោត​តាម​តួលេខ​ពលរដ្ឋ​ទៅ​បោះឆ្នោត​មិន​ពិតប្រាកដ​នោះ​នឹង​ជួប​សំណាង​មិន​ល្អ ហើយ​សម្រាប់​រដ្ឋាភិបាល​ថ្មី​ដោយសារ​ទណ្ឌកម្ម​ពី​អន្តរជាតិ​នាំ​ឲ្យ​ខាត​ចំណូល​ជាង​ ៦០០ ​លាន​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ឆ្នាំ និង​ប្រជាពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​។

លោក​ថា​៖ «​ខ្ញុំ​តឲ្យ​គណបក្ស​ប្រជាជន​ ៦ ​ខែ​ទៀត ចាំមើល​នៅ​ពេល​គណបក្ស​ប្រជាជន​បង្កើត​រដ្ឋាភិបាល​សួរ​ថា តើ​ប្រទេស​ណា​ខ្លះ​ដែល​គាំទ្រ​រដ្ឋាភិបាល​ខ្លួនឯង​ហ្នឹង ហើយ​អាច​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ​បាន​ទេ​។ ថា​តើ​រដ្ឋាភិបាល​ហ្នឹង​ស្រប​ច្បាប់​ទេ បើ​ស្របច្បាប់​ហើយ​ចាំ​មើល​អូស​បាន​ប៉ុន្មាន​?»៕