ភ្នំពេញៈ ក្រុមការងារគណបក្សប្រជាជនកម្ពុជាកំពុងត្រូវបានប្រគល់នូវគោលការណ៍ច្រើនចំណុចពីថ្នាក់ដឹកនាំរបស់ខ្លួនបន្ថែមពីលើដំណើរការជាយុទ្ធសាស្រ្តកន្លងមកដែលទំនងជាការប្តេជ្ញាចិត្តថ្មីមួយទៀត ដើម្បីបង្កើនការឃ្លាំមើល និងរឹតត្បិតក្រុមអ្នកប្រឆាំងនៅថ្នាក់មូលដ្ឋានជាអ្វីដែលអតីតអនុប្រធានគណបក្សប្រឆាំងថា ជាសកម្មភាពដែលកាន់តែធ្ងន់ធ្ងរទៅៗ។
ដោយបានលើកឡើងពីចំណុចទាំងនេះប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាក្នុងឃុំបន្ទាយស្ទឹង ខេត្តកំពង់ធំ លោក សំ ស៊ុន បានថ្លែងពីចំណុចសំខាន់ៗចំនួន ១០ របស់លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃសៅរ៍។
ចំណុចទាំងនោះរាប់ចាប់ពីយុទ្ធសាស្ដ្រអនុវត្តដោយផ្អែកលើសកម្មភាពល្អៗរបស់គណបក្ស...ដើម្បីឈ្នះឆ្នោត និងដើម្បីបន្តពង្រីកចលនារបស់ខ្លួននៅថ្នាក់មូលដ្ឋានឲ្យកាន់តែសកម្មថែមទៀត។
ចំណុចទី ៦ ក្នុងចំណុចទាំងនោះបានចែងថា៖ «[យើង] ត្រូវតែរួបរួមគ្នាដើម្បីចាត់វិធានការទប់ស្កាត់ល្បិចកលដែលប៉ុនប៉ងរារាំងលទ្ធិប្រជាធិបតេយ្យ និងដំណើរការបោះឆ្នោតនៅកម្ពុជា» និងចង្អុលបង្ហាញអំពី «ការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីកម្មវិធីនយោបាយថ្មី»។
បើតាមកម្មវិធីនយោបាយ ៥ ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជាដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីសប្ដាហ៍មុន បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបង្កើនការឃ្លាំមើលកម្លាំងប្រឆាំង និងទប់ស្កាត់សកម្មភាពផ្សព្វផ្សាយ និងចែករំលែកព័ត៌មានណាដែល «បំភ្លៃការពិត»។
ទោះយ៉ាងណាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានឱ្យដឹងកាលពីម្សិលមិញថាគោលដៅថ្មីនេះគឺមិនបានរឹតត្បឹតសេរីភាពឡើយ តែផ្ដោតលើតែករណីអ្នកធ្វើខុសច្បាប់ប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «មិនមានការរឹតបន្តឹងសេរីភាពឡើយ...វាគ្រាន់តែរឹតបន្តឹងចំពោះក្រុមណាដែលខុសច្បាប់ប៉ុណ្ណោះ ហើយពួកគេនឹងមិនហ៊ានធ្វើអ្វីទេ ពីព្រោះនៅពេលពួកគេធ្វើនោះពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារ»។
គណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ត្រូវបានចាប់ខ្លួនដោយចោទពីបទ «ក្បត់ជាតិ»។ បន្ទាប់មកទៀតមិនយូរប៉ុន្មានអតីតមន្ត្រីគណបក្សដែលកំពុងរស់នៅបរទេសបានបង្កើតចលនាសង្គ្រោះជាតិកម្ពុជា (CNRM) ហើយជាការឆ្លើយតបគណបក្សប្រជាជនបានបានចាត់ទុកចលនានោះថាជា «ភេរវករ» ហើយបានអះអាងថាអាចក្លាយជា«ក្រុម ISIS »។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិលោកស្រី មូរសុខហួរ បានថ្លែងថាគោលនយោបាយថ្មីនេះមានលក្ខណៈធ្ងន់ធ្ងរ។
លោកស្រីថ្លែងក្នុងសារមួយថា៖ «វានឹងទទួលបានផ្ទុយពីការចង់បាន ខណៈដែលប្រជាពលរដ្ឋនឹងត្រូវបានជំរុញឱ្យស្វែងរកជម្រើសផ្សេងទៀតដូចជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ចលនាសង្គ្រោះជាតិ( CNRM)…»។
នាយប៉ុស្ដិ៍នគរបាលឃុំបន្ទាយស្ទឹងលោក ខៀវឃួត បានថ្លែងថាក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាបានណែនាំរូបលោក និងកងកម្លាំងសន្តិសុខនៅក្នុងមូលដ្ឋានផ្សេងទៀតឱ្យធ្វើការជ្រើសរើសគោលដៅអតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិក៏ដូចជាចាត់វិធានការឃ្លាំមើលពួកគេ។
លោកបានបន្តថា៖ «បន្ទាប់ពីក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិមិនព្រមចូលរួមជាមួយយើង [សន្តិសុខ] ក៏ឃ្លាំមើលពួកគេផងដែរដើម្បីឲ្យដឹងថាតើពួកគេទៅទីណាធ្វើអ្វី និងនិយាយអ្វីហើយយើងបានដាក់បណ្តាញរបស់យើងដើម្បីតាមដានពួកគេ...ដូច្នេះហើយយើងអាចរាយការណ៍ទៅថ្នាក់ដឹកនាំខាងលើបាន»។
លោកបានបន្ថែមថា៖ «យើងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ត្រូវសង្កេតតាមដានមើលថាតើមានអ្នកណា ឬក្រុមណាមួយបង្កើតចលនាណាអ្វីឬទេ»៕ NS
រាយការណ៍បន្ថែមដោយ Erin Handley