ភ្នំពេញៈ បក្សកាន់អំណាចនឹងពង្រឹងសមត្ថភាពនៃប្រព័ន្ធតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឲ្យកាន់តែរឹងមាំដើម្បីកាត់បន្ថយហានិភ័យ ចំពោះសង្គម និងទប់ស្កាត់លុបបំបាត់សកម្មភាពផ្សព្វផ្សាយ និងចែករំលែកព័ត៌មានណាដែលមានចរិតញុះញង់ «បំភ្លៃការពិត»។ នេះបើតាមកម្មវិធីនយោបាយប្រាំឆ្នាំ ដែលកាសែតភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃទី ១២ ខែកុម្ភៈ។
កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឆ្នាំ ២០១៨-២០២៣ ដែលត្រូវបានអនុម័តនៅឯសមាជបក្សកាលពី ៣ សប្តាហ៍មុនបានបង្ហាញអំពីជំហាន បន្ទាប់របស់រដ្ឋាភិបាលជាអ្វីដែលក្រុមអ្នកសង្កេតការណ៍បានពណ៌នាថា ជាការប្រើអំណាចផ្តាច់ការ ហើយជាវោហារស័ព្ទមួយដែលមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។
បទបញ្ជាដែលដាក់ចេញដោយគណបក្សប្រជាជនគឺ «មិនអនុញ្ញាតឱ្យមានចន្លោះប្រហោង ដែលត្រូវបានប្រើប្រាស់សម្រាប់ការបង្កើតឡើងនូវកម្លាំងប្រឆាំង ឬកងកម្លាំងប្រដាប់អាវុធខុសច្បាប់ណាមួយមកបំផ្លាញ សមិទ្ធផលនានា និងភាពសុខសាន្តនៃសង្គមជាតិ»នោះទេ។
កម្មវិធីនយោបាយនោះបានបញ្ជាក់ថា៖ «ត្រូវពង្រឹងសមត្ថភាពនៃប្រព័ន្ធតាមដានត្រួតពិនិត្យ និងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឲ្យកាន់តែរឹងមាំ ដើម្បីកាត់បន្ថយហានិភ័យ ចំពោះសង្គម»។
កម្មវិធីនយោបាយរបស់គណបក្សនេះបានកើតឡើងក្នុងអំឡុងពេលមានការបង្ក្រាបយ៉ាងទូលំទូលាយទៅលើអ្នកប្រឆាំងនៅកម្ពុជា ហើយក្នុងនោះក៏មានអ្នកនយោបាយមួយចំនួនត្រូវបានចាប់ដាក់ពន្ធនាគារ មានការបិទប្រព័ន្ធផ្សព្វផ្សាយ និងការព្យាយាមតាមចាប់ខ្លួនសកម្មជនដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅក្រៅប្រទេសផងដែរ។
គណបក្សប្រឆាំងដ៏ធំបំផុតមួយរបស់កម្ពុជា គឺគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានរំលាយដោយបង្ខំកាលពីខែវិច្ឆិកាឆ្នាំមុនគឺនៅមុនពេលបោះឆ្នោតជាតិដែលនឹងចូលមកដល់នាពេលខាងមុខ។
ការបង្ក្រាបទាំងនោះទំនងនៅមានបន្តទៀត ខណៈដែលគណបក្សប្រជាជនកំពុងប្តេជ្ញាបង្ក្រាបរាល់សកម្មភាពកុបកម្ម ការធ្វើវិទ្ធង្សនា និងវិច្ឆេទកម្មគ្រប់ប្រភេទ និងរាំងស្កាត់ឧបាយកលរបស់ពួកប្រឆាំងដែលជានិច្ចកាលតែងតែមានការចោទប្រកាន់ថាជាករណី «បដិវត្តន៍ពណ៌» និង «ការជ្រៀតជ្រែកពីបរទេស» ដែលការលើកឡើងនេះត្រូវបានគណបក្សកាន់អំណាចប្រើប្រាស់ដើម្បីបង្ហាញពីភាពត្រឹមត្រូវក្នុងការរំលាយគណបក្សប្រឆាំង។ គ
ណបក្សកាន់អំណាចក៏នឹង «ទប់ស្កាត់ និងលុបបំបាត់សកម្មភាពផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន រូបភាព ឯកសារ និងសំណេរ ។ល។ ដែលមានចរិតញុះញង់ បំបែកបំពាក់បំភ្លៃការពិត បំប៉ោងសភាពការណ៍ បង្កអសន្តិសុខ សណ្តាប់ធ្នាប់ និងអសីលធម៌ ប្រាសចាកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរតាមគ្រប់រូបភាពសំដៅធានាសន្តិភាព សន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់ និងភាពថ្នៃថ្នូរនៃសង្គមជាតិ»។
ទាក់ទងទៅនឹងកងកម្លាំងប្រដាប់អាវុធគណបក្សប្រជាជនក៏បាននិយាយថា ខ្លួននឹងបន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ ជាកងកម្លាំងដែលមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងមានឆន្ទៈប្រយុទ្ធប្តូរផ្តាច់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារជាតិ...ការពាររដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីប្រជាជន»។
អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន កាលពីថ្ងៃទី ១២ ខែកុម្ភៈបានថ្លែងការពារខ្លឹមសារឯកសារនេះថា៖ «ការពង្រឹងអំណាច គឺជារឿងធម្មតាសម្រាប់អ្នកដែលកាន់អំណាច ពីព្រោះអំណាចបានប្រសូតចេញពីប្រជាជន»។
លោកបន្ថែមថា៖ «ចន្លោះប្រហោងអាចនាំឲ្យអន្តរាយដល់សន្តិភាព និងស្ថិរភាពនយោបាយ។ យើងអនុញ្ញាតឱ្យមានអ្នកប្រឆាំង ប៉ុន្តែការប្រឆាំងនោះត្រូវតែអនុលោមតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ មិនមែនជាការប្រឆាំងដែលធ្វើឲ្យអនាធិបតេយ្យនោះទេ។ បើសិនយើងមិនពង្រឹងការឃ្លាំមើល [លើបច្ចេកវិទ្យា] ទេនោះ វានឹងក្លាយទៅជាអនាធិបតេយ្យ ដែលប៉ះពាល់ និងជះឥទ្ធិពលដល់ការអនុវត្តនីតិរដ្ឋតាមលទ្ធិប្រជាធិបតេយ្យ»។
ប៉ុន្តែលោក Sebastian Strangio អ្នកនិពន្ធសៀវភៅ កម្ពុជា របស់លោក ហ៊ុន សែន (Hun Sen''s Cambodia ) ថ្លែងថា ផែនការរបស់គណបក្សប្រជាជនកម្ពុជានេះហាក់មិនសូវបង្កឲ្យមានភាពភ្ញាក់ផ្អើលនោះទេចំពោះព្រឹត្តិការណ៍ផ្សេងៗ ដែលបានកើតឡើងនៅក្នុងរយៈពេល ៦ ខែកន្លងមកនេះ។
លោកថ្លែងតាមអ៊ីមែលថា៖ «ផែនការនេះមើលទៅហាក់ដូចជាផែនទី បង្ហាញផ្លូវសម្រាប់ការគ្រប់គ្រងជាអចិន្ត្រៃយ៍របស់គណបក្សតែមួយ ទោះបីជាមានវត្តមានរបស់គណបក្សប្រឆាំងតូចតាច ដែលកំពុងប្រកួតប្រជែងជាមួយការគ្រប់គ្រងរបស់គណបក្សប្រជាជនក្តី»។
លោកបញ្ជាក់ថា៖ «ជាទូទៅនេះគឺជាទស្សនៈយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា ដែលគិតថាការប្រឆាំងពីគណបក្សប្រឆាំងណាមួយអាចបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពរបស់ប្រទេស ដូច្នេះហើយមានតែចំណុចនេះប៉ុណ្ណោះដែលគណបក្សប្រជាជនកម្ពុជា លើកយកមកដើម្បីធានាដល់ការកាន់អំណាចផ្តាច់មុខរបស់គណបក្សខ្លួន»។
ប៉ុន្តែលោក Sebastian Strangio បានព្រមានថា គណបក្សប្រជាជនកម្ពុជាអាចស្វែងរកឲ្យមានការលុបបំបាត់គណបក្សប្រឆាំងផ្លូវការបានងាយស្រួលជាងការស្វែងរកឲ្យមានការលុបបំបាត់តម្រូវការពីសាធារណជនដែលទាមទារឲ្យមានការផ្លាស់ប្តូរ ខណៈដែលការទាមទារដ៏លេចធ្លោឲ្យមានកំណែទម្រង់នយោបាយមិនទាន់ត្រូវបានដោះស្រាយនោះ។
អ្នកវិភាគនយោបាយ និងសង្គមលោក មាស នី បានសង្កេតឃើញថាឯកសារនេះ និងបំណងប្រាថ្នារបស់ខ្លួនសម្រាប់ការពង្រឹងអំណាច គឺវាបានរំឭកអំពីស្ថានភាពរបស់ប្រទេសកម្ពុជាកាលពី ២ ទសវត្សរ៍មុននៅពេលដែលគណបក្សហ៊្វុនស៊ិនប៉ិចពេលនោះគឺជាគូប្រជែងនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលបានយកឈ្នះគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៩៣ ប៉ុន្តែបន្ទាប់មកត្រូវបានបណ្តេញចេញដោយកងទ័ពដែលស្មោះត្រង់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប្រយុទ្ធគ្នាដ៏បង្ហូរឈាមមួយ។
លោកថ្លែងថា៖ «នេះគឺវាស្ទើរតែដូចគ្នាទៅនឹងព្រឹត្តិការណ៍ដែលកើតឡើងនៅឆ្នាំ ១៩៩៧ នៅពេលដែលគណបក្សហ៊្វុនស៊ិនប៉ិចត្រូវបានបំផ្លាញ...រដ្ឋប្រហារឆ្នាំ ១៩៩៧ និងការបោះឆ្នោតឆ្នាំ ១៩៩៨ ប៉ុន្តែក្រោយឆ្នាំ ១៩៩៨ គណបក្សហ៊្វុនស៊ិនប៉ិចមិនមានឥទ្ធិពលទៀតទេ។ ហ៊្វុនស៊ិនប៉ិចទាំងមូលចុះខ្សោយ»។
គណបក្សហ៊្វុនស៊ិនប៉ិច បានធ្លាក់ចុះចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ ១៩៩៨ ហើយទើបតែវិលត្រឡប់មកកាន់នយោបាយវិញ បន្ទាប់ពីទទួលបានអាសនៈសភារបស់គណបក្សសង្គ្រោះជាតិភាគច្រើនកាលពីចុងឆ្នាំមុនប៉ុណ្ណោះ។
លោក នី បន្តថា៖ «ខ្ញុំគិតថា នេះគឺខុសប្លែកពីឆ្នាំ ១៩៩៨ ប៉ុន្តែនៅពេលគិតដល់ព្រឹត្តិការណ៍ដែលកើតឡើងក្នុងឆ្នាំ ២០១៧... ការរំលាយគណបក្សសង្គ្រោះជាតិគឺវាបានបង្អាក់ពួកគេទាំងស្រុង...ប៉ុន្តែវាកាន់តែពិបាកក្នុងការរំលាយទឹកចិត្តរបស់គណបក្សសង្គ្រោះជាតិទាំងមូល...»។
លោកថ្លែងថា៖ «អ្នកនយោបាយ ឬគណបក្សនយោបាយកម្រនឹងបង្ហាញភាពទន់ខ្សោយរបស់ពួកគេណាស់ ពួកគេចង់បង្ហាញថាពួកគេខ្លាំង ទោះបីជាពួកគេទន់ខ្សោយក្តី ប៉ុន្តែផែនការនេះបង្ហាញពីកង្វល់ផ្ទៃក្នុង»៕ NS