ភ្នំពេញៈ ប្រតិកម្ម​ខ្លាំងៗ​តប​នឹង​ការលើក​ឡើង​ពី​ក្រុម​អង្គការ​អន្តរជាតិ​ដែល​ថា ការរៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ​ប្រៀប​ដូចជា​ការបោះឆ្នោត​បែប​ឆាកល្ខោន​បន្លំ​ភ្នែក​នោះ គណបក្ស​កាន់អំណាច​ហៅ​ការចោទប្រកាន់​បែប​នេះ​ថា​ជា​ការ​វាយប្រហារ​តាម​បែប​ឈ្នានីស និង​លម្អៀង​ទៅ​រក​អតីត​គណបក្ស​ប្រឆាំង​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច​លោក​ សុខ ឥសាន ថ្លែង​ធ្ងន់ៗ​ថា​ជនបរទេស​យក​ចិត្ត​ទុកដាក់​ឈ្នានីស​នៅក្នុង​សភាពការណ៍​កម្ពុជា​ដែល​កំពុង​ឆ្ពោះ​ទៅ​រក​ការលើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក​បញ្ជាក់​ថា​៖ «​គ្មាន​ជនបរទេស​ណា​មាន​សិទ្ធិ​ដ៏តិចតួច​ឡើយ​ក្នុង​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។ ការ​វាយតម្លៃ​ប្រកប​ដោយ​អវិជ្ជមាន​ស្តីអំពី​សភាពការណ៍​បោះឆ្នោត​នៅ​កម្ពុជា វា​គ្រាន់​តែ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា​ជនបរទេស​នោះ​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ផ្ទុយ​អំពី​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ក៏​ដូច​ធម្មនុញ្ញ​អាស៊ាន​»​។

លោក​ ឥសាន ថា​៖ «​អ៊ីចឹង​ខ្ញុំ​យល់​ថា​វា​សបញ្ជាក់​ឲ្យ​ឃើញ​ថា ជនបរទេស​ទាំងអស់​នោះ​ជា​អ្នក​ឃុបឃិត​ជាមួយ​នឹង​អតីត​បក្សប្រឆាំង​ដែល​ក្បត់ជាតិ ដែល​យក​ផែនការ​បរទេស​មក​អនុវត្ត​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា​»​។

លោក​ ឥសាន បាន​អះអាង​ថា ការបោះឆ្នោត​គឺ​រៀបចំ​ឡើង​ស្រប​ទៅ​តាម​ការចង់​បាន​របស់​ពលរដ្ឋ ដែល​ចង់​បាន​ការបោះឆ្នោត​មួយ​ប្រកប​ដោយ​ប្រជាធិបតេយ្យ សេរី និង​ត្រឹមត្រូវ​។

លោក​បញ្ជាក់​ថា​៖«​ហើយ​ការដែល​ទទួល​ស្គាល់​ពី​បរទេស ឬ​មិន​ទទួល​ស្គាល់ អត់​មាន​សំខាន់​ទេ វា​សំខាន់​ទៅ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ទទួល​ស្គាល់​។ ពីព្រោះ​អាហ្នឹង​វា​ផ្សារភ្ជាប់​នឹង​សភាពការណ៍​ពិត​នៅ​កម្ពុជា មិនមែន​ផ្អែក​ទៅ​លើ​ពួក​បរទេស​ហ្នឹង​ឲ្យ​ពិន្ទុ ហើយ​ថា​ធ្វើ​បាន​មិន​បាន​នោះ​ទេ​»​។

លោក​ សាម អ៊ីន អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) ដែល​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​បាន​ថ្លែង​ថា​៖ «​ការលើកឡើង​ពី​ក្តីបារម្ភ​របស់​ពួកគាត់ យើង​យល់ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា​រឿង​សំខាន់​ជា​រឿង​ប្រយុទ្ធ និង​ការតស៊ូ​របស់​ប្រពលរដ្ឋ​ខ្មែរ និង​អ្នក​ដឹកនាំ​ខ្មែរ​នៅ​ក្នុង​ស្រុក​។ យើង​ត្រូវ​ប្រឹងប្រែង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។ គេ​ជួយ​យើង​វា​ទាល់​តែ​យើង​ប្រឹង​ខ្លួនឯង​សិន ហើយ​បើ​យើង​នាំគ្នា​ចាកចេញ​ពី​ប្រទេស​ចោល​ប្រជាពលរដ្ឋ​ហើយ​យើង​សង្ឃឹម​ឲ្យ​គេ​ជួយ​ប្រជាធិបតេយ្យ​អត់​អាច​កើតឡើង​តាមរយៈ​បែប​នេះ​ទេ​»​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​ ២៤ ខែ​កក្កដា​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស (APHR) ដោយ​មាន​ស្ថាប័ន​អន្តរជាតិ​ចំនួន ៤ ចូលរួម​គឺ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (Human Rights Watch) វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) បណ្តាញ​អាស៊ី ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​ (ANFREL) និង​មន្ត្រី​នៃ​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ (ICJ) គឺ​ពួកគេ​បាន​ចាត់ទុក​ការរៀបចំ​ការបោះឆ្នោត​នា​ថ្ងៃទី​ ២៩ ខែ​កក្កដា​នេះ​គ្រាន់​តែ​ជា​ឆាកល្ខោន ដោយ​ចាត់​ទុក​ថា​ការបោះឆ្នោត​នោះ​មិនមាន​ភាព​យុត្តិធម៌ សេរី និង​ត្រឹមត្រូវ ស្រប​តាម​ដំណើរការ​ប្រជាធិបតេយ្យ​នោះ​ឡើយ ក្រោយ​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ត្រូវ​បាន​ផាត់​ចេញ​ពី​សង្វៀន​ប្រកួត​៕