ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) កាលពីម្សិលមិញ បានប្រកាសជំហរជាថ្មីវិញថា នឹងចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិនាចុងខែកក្កដានេះដោយអះអាងថា ស្ថានភាពលំបាកដែលជាឧបសគ្គរំខានក្នុងយុទ្ធនាការមុនការបោះឆ្នោតបានវិលមករកភាពធូរស្រាលវិញ បន្ទាប់ពីប៉ុន្មានថ្ងៃមុនបានព្រមានដកខ្លួនចេញពីការបោះឆ្នោត ដោយសារតែមានការរំខាននោះ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានកាលពីដើមយុទ្ធនាការឃោសនារកសំឡេងឆ្នោត បក្សនេះអះអាងថាមានការរើសអើងពីសំណាក់មន្ត្រីនគរបាលជាតិក្នុងក្បួនឃោសនារបស់បក្សខ្លួន ខណៈសកម្មជនរបស់ខ្លួននៅតាមបណ្ដាខេត្តមួយចំនួនបានទទួលរងនូវការគំរាមកំហែង និងការរារាំងពីប្រជាការពារភូមិមិនឲ្យចុះចែកខិត្តប័ណ្ណ ជាដើមព្រមទាំងបានព្រមានដើរចេញពីការបោះឆ្នោតបើបញ្ហាទាំងនោះនៅបន្តកើតមានចំពោះគណបក្សខ្លួន។
ថ្លែងក្នុងសន្និសីទកាសែតនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមុនចេញហែក្បួនឃោសនាជាលើកទី ៣ លោក យ៉ង សាំងកុមារ ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបញ្ជាក់ថា ជំហរ គណបក្សរបស់លោកនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតនាថ្ងៃទី ២៩ ខែកក្កដានេះ។
លោកថ្លែងថា៖ «យើងបានធ្វើការសម្រេចចិត្តថាយើងនឹងបន្តដំណើរទៅមុខទៀត។ យើងមិនដកខ្លួនចេញពីការបោះឆ្នោតទេ តែយើងនៅចាំមើលថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត»។
លោកបានបញ្ជាក់ថាបន្ទាប់ពីការព្រមានរបស់ GDP នាពេលកន្លងមក ឃើញថាស្ថានភាពតឹងតែងបានធូរស្រាលច្រើនដូចជាមន្ត្រីនគរបាលបានយកចិត្តទុកដាក់ក្នុងការសម្រួលចរាចរណ៍ ជាក់ស្ដែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានព្រមាននគរបាលមូលដ្ឋានកុំឲ្យរើសអើងនយោបាយជាដើម។
លោកបន្តថា៖ «ទី ១ យើងជួបការលំបាក ប៉ុន្តែការលំបាកនោះបានធូរស្រាលច្រើន ដូច្នេះខ្ញុំបញ្ជាក់អ៊ីចឹងថ្ងៃនេះមានក្រុមនគរបាលគាត់បានមកជួយសម្រួល តាំងពីដើមទីនៃការហែក្បួននៅតាមឃុំមួយចំនួនដែលយើងជួបបញ្ហា។ ឥឡូវប៉ូលិស និងអាជ្ញាធរ គាត់ចាប់ផ្តើមយល់បូកនឹងការប្រកាសរបស់សម្ដេចក្រឡាហោម (លោក ស ខេង) ថ្មីៗនេះឃើញថាពួកគាត់លែងលូកដៃក្នុងកិច្ចការនេះ។ នេះជារឿងវិជ្ជមាន»។
លោករំពឹងថាយ៉ាងតិចបំផុត ៧៥ ភាគរយនៃប្រជាពលរដ្ឋនឹងទៅបោះឆ្នោត ដោយអះអាងថាបើមានពលរដ្ឋទៅបោះឆ្នោតកាន់តែច្រើនគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានឱកាសឈ្នះឆ្នោតកាន់តែច្រើន។
លោកសង្កត់ធ្ងន់ថា៖ «ប៉ុន្តែសំខាន់បំផុតពេលយើងចុះទៅជួបពលរដ្ឋគ្រប់កន្លែងប្រជាពលរដ្ឋត្រូវការជម្រើសថ្មី។ យើងត្រូវតែផ្តល់ជម្រើសដល់ពលរដ្ឋយើង អ៊ីចឹងកត្តាសំខាន់បំផុតគឺ ការគាំទ្ររបស់ប្រជាពលរដ្ឋ ការឲ្យតម្លៃរបស់ប្រជាពលរដ្ឋ»។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចថ្លែងថាថ្នាក់ដឹកនាំគណបក្សនោះមានសិទ្ធិឃោសនាដើម្បីបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យខ្លួន ប៉ុន្តែលោក សុខ ឥសាន ដែលជាសមាជិកព្រឹទ្ធសភាផងដែរនៃបក្សកាន់អំណាចមួយនេះនៅបន្តចំអកពីជំហររបស់បក្សប្រជាធិបតេយ្យមូលដ្ឋានដែលលោកថា ជាជំហរមិនច្បាស់លាស់។
លោកថ្លែងថា៖ «អាការប្រកាសជំហរម្ដងឆ្វេង ម្ដងស្ដាំនេះ យើងឃើញថាវាគ្រាន់តែជាការលាបម្សៅ ផាត់មុខ ដើម្បីការពារកិត្តិយសទុកមុន ពីព្រោះគាត់គ្មានសង្ឃឹមថាឈ្នះឆ្នោតទេ។ ការឡាំប៉ាបណ្ដើរៗនេះគ្រាន់តែលាបមុខ ដើម្បីមើលទៅហំតែប៉ុណ្ណោះ កុំឲ្យវាបាក់មុខខ្លាំងពេក»។
បក្សប្រជាធិបតេយ្យមូលដ្ឋានមានគោលនយោបាយហាក់ដូចខុសពីគេបន្តិចនៅត្រង់ថា បក្សថ្មីថ្មោងនេះជ្រើសបេក្ខជនតំណាងរាស្ត្រពីប្រភពកសិករ៕