ភ្នំពេញៈ គណបក្ស​ខ្មែរ​ក្រោក និង​គណបក្ស​ធម្មាធិបតេយ្យ​ដែល​បាន​ចុះឈ្មោះ​ប្រកួត​ប្រជែង​ការបោះឆ្នោត​ក្នុង​អាណត្តិ​នេះ​បាន​ចុះ​អនុស្សរណៈ​ចងសម្ព័ន្ធភាព​គ្នា​ជា​អ្វី​ដែល​គណបក្ស​ទាំង​ ២ ​ថា​ដើម្បី​សាមគ្គីភាព និង​បម្រើ​ជាតិ​ជាមួយ​នឹង​ការប្ដេជ្ញា​ចិត្ត​ថា​មិន​ប្រើ​នយោបាយ​ប្រជាភិថុត​ដូច​បក្ស​កាន់​អំណាច ខណៈ​មន្ត្រី​ CPP ​ថា​ជា​ការ​មិន​ទាន់​យល់​នូវ​អ្វី​ដែល​ហៅថា​ប្រជាភិថុត​។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​រវាង​គណបក្ស​ទាំង​ ២ ​នៅ​សណ្ឋាគារ​សាន់វ៉េ​កាលពី​ម្សិលមិញ​លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​ថ្លែង​ថា​គណបក្ស​លោក​ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ​ហើយ​ក៏​ជា​គណបក្ស​ប្រឆាំង​ថ្មី​ដែល​ហ៊ាន​រិះគន់​លើ​ភាព​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​របស់​មន្ត្រី​ដែល​បាន​ប្រើ​អំណាច​ជិះជាន់​សង្កត់សង្កិន​ទៅ​លើ​ពលរដ្ឋ​ទន់ខ្សោយ​។

លោក​បាន​បញ្ជាក់​ថា​៖ «​គណបក្ស​ខ្មែរ​ក្រោក​មាន​គោលជំហរ​ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ​...​យើង​មិនមែន​ធ្វើ​នយោបាយ​ប្រជាភិថុត​ដើរ​ចែក​លុយ​ដល់​ក្នុង​សាលា យើង​មិន​ធ្វើ​នយោបាយ​ដើរ​ទៅ​ចែក​សារុង​ និង​ក្រមា​ទេ​។ យើង​ចង់​ឲ្យ​ពលរដ្ឋ​គាត់​មាន​លទ្ធភាព​ទិញ​ខ្លួន​គាត់​»​។

លោក​បាន​បន្ថែម​ថា​៖ «​គណបក្ស​ខ្មែរ​ក្រោក និង​គណបក្ស​ធម្មាធិបតេយ្យ​គឺជា​គណបក្ស​ប្រឆាំង​ហើយ​យើង​ធ្វើការ​ប្រឆាំង​ស្ថាបនា​ចំពោះ​ឥរិយាបថ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ចំពោះ​​ឥរិយាបថ​របស់​មន្ត្រី​មាន​អំណាច​ដែល​​ប្រើប្រាស់​អំណាច​របស់​ខ្លួន​ជិះជាន់​សង្កត់សង្កិន​លើ​ពលរដ្ឋ​ទន់ខ្សោយ​»​។

លោក​បាន​បន្ថែម​ថា​គណបក្ស​ទាំង​ ២ ​បាន​ធ្វើ​សម្ព័ន្ធភាព​មុនគេ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​រួប​រួម​មួយ​ទៅកាន់​មហាជន និង​បង្ហាញ​ពី​ស្មារតី​រួបរួម​គ្នា​បម្រើ​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​មិនមែន​រួបរួម​គ្នា​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ឬ​ប្រយោជន៍​គណបក្ស​ទេ​។ ​មូលហេតុ​ដែល​យើង​រួបរួម​គ្នា​គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​សាមគ្គីភាព​ជាតិ ចង​កម្លាំង​ជា​​ធ្លុង​មួយ​...​ការ​ចងសម្ព័ន្ធភាព​នេះ​មិនមែន​មាន​ន័យ​ថា​យើង​ចូលបក្ស​ជាមួយ​គ្នា​តែ​មួយ​ទេ គឺ​គ្រាន់​តែ​យើង​ធ្វើការ​រួម​គ្នា​ដើម្បី​ជួយ​គ្នា​ផ្សព្វផ្សាយ​ពី​គោលនយោបាយ និង​ជួយ​គ្នា​ដោះស្រាយ​វិបត្ដិ​បញ្ហា​គណបក្ស​រៀងៗ​ខ្លួន​»​។

លោកស្រី ពោធិតី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ​បាន​បន្ថែម​​ថា ពលរដ្ឋ​ចង់​ឃើញ​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​តាម​សន្តិវិធី ពីព្រោះ​ពលរដ្ឋ​គាត់​​ធុញថប់​ហើយ​គណបក្ស​ប្រឆាំង​រិះគន់​រដ្ឋាភិបាល​មិន​ឱ្យ​ជិះសេះ​លែងដៃ​។

លោកស្រី​បាន​បញ្ជាក់​ថា​៖ «​ពលរដ្ឋ​ថា​អ្នក​ដឹកនាំ​ដដែល​ហើយ​អ្នក​ប្រឆាំង​ក៏​ដដែលៗ​ដូច្នេះ​ម៉ោង​នេះ​គណបក្ស​ប្រឆាំង​បាន​ដួលរលំ​ដោយ​ត្រូវ​បាន​គេ​រំលាយ​ហើយ ដូច្នេះ​យើង​ត្រូវ​មាន​គណបក្ស​ប្រឆាំង​ថ្មី​ដើម្បី​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ជ្រើសរើស​ថ្នាក់ដឹកនាំ​»​។

ឆ្លើយតប​នឹង​ការចោទប្រកាន់​ដែល​ថា​គណបក្ស​កាន់​អំណាច​ធ្វើ​នយោបាយ​ប្រជាភិថុត​នោះ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ជា​ការ​មិន​ទាន់​យល់​នូវ​ពាក្យ​ប្រជាភិថុត​នៅ​ឡើយ ហើយ​លោក​បាន​​អះអាង​ថា​គណបក្ស​ប្រជាជន​មិន​ដែល​ធ្វើ​ប្រជាភិថុត​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា​គាត់​មិន​ទាន់​យល់​ពាក្យ​ថា​ប្រជាភិថុត​គេ​ឲ្យ​សម្ភារ និង​របស់របរ​កំដរ​ដៃ​ និង​លុយកាក់​កំប៉ិកកំប៉ុក​ដើម្បី​បង្ហាញ​នូវ​មនោសញ្ចេតនា​នេះ​មិនមែន​ជា​ប្រជាភិថុត​ទេ​។ ​តាមពិត​ឲ្យ​នេះ​មិនមែន​ប្រជាជន​ទូទៅ​ទេ​គឺ​គេ​ឲ្យ​សមាជិក និង​សមាជិកា​គណបក្ស ដូច្នេះ​ជា​សិទ្ធិ​អំណាច​របស់​គណបក្ស​»​។

យ៉ាង​ណា​ក្ដី​លោក​បាន​បញ្ជាក់​ថា​៖ «​ការលើកឡើង​នេះ​ [​លោកស្រី ពោធិតី សាវត្ថី ប្រធាន​គណបក្ស​ធម្មាធិបតេយ្យ​] ​វា​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ហើយ ដោយសារ​គាត់​ចូលរួម​បោះឆ្នោត​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ពី​គណបក្ស​ប្រជាជន​...​នេះ​គឺជា​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ហើយ​និង​មិន​ខុស​អី​ទេ​»​។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រជែង​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ត្រូវ​បាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយ​លោក កឹម សុខា អតីត​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ ឃុបឃិត​ជាមួយ​បរទេស​ចង់​ផ្តួល​រដ្ឋាភិបាល​ស្រប​ច្បាប់​។

ប៉ុន្តែ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ខ្លះ​ហៅ​ការរំលាយ​នេះ​ថា​ជា​រឿង​នយោបាយ​ហើយ​សហគមន៍​អឺរ៉ុប អាមេរិក និង​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត​បាន​ផ្តាច់​ជំនួយ​មក​កម្ពុជា​ព្រម​ទាំង​ដាក់​ទណ្ឌកម្ម​ដល់​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ជាមួយ​នឹង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ស្ថានភាព​នយោបាយ​ឲ្យ​ដូចដើម​វិញ​៕