ភ្នំពេញៈ ខណៈ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​បាន​ឈាន​ចូល​ដល់​ថ្ងៃទី​ ៩ កាលពី​ម្សិលមិញ​យ៉ាង​ហោច​ណាស់​មាន​គណបក្ស​ចំនួន​ ២ ​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ផ្សេងៗ​គ្នា​រួមទាំង ការគំរាម​កំហែង​រហូត​ដល់​ព្រមាន​ដើរ​ចេញពី​ការបោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​ខាង​មុខ​ ខណៈ គ.ជ.ប ចាត់​ទុក​បញ្ហា​ទាំង​នោះ​ថា​ជា​ «​កង្វះ​ការសហការ​» របស់​ភាគី​ពាក់ព័ន្ធ​។

លោក​ សាម អ៊ីន អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន GDP ថ្លែង​ថា GDP បាន​ជួប​បញ្ហា​ប្រឈម​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​នេះ​។ លោក យ៉ង សាំងកុមារ បេក្ខជន​នាយក​រដ្ឋមន្ត្រី GDP កាលពី​ថ្ងៃទី​ ១០ ខែ​កក្កដា​បាន​រិះគន់​ម្ដង​រួច​មក​ហើយ​ចំពោះ​ការរើសអើង​ពី​សំណាក់​នគរបាល​ជាតិ​ចំពោះ​ការហែក្បួន​របស់​គណបក្ស​លោក​បើ​ប្រៀបធៀប​ទៅ​នឹង​គណបក្ស​កាន់​អំណាច​ដោយ​លោក​បាន​ចោទ​សួរ​អំពី​ភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និង​ស្មើភាព​គ្នា​នៃ​ការបោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​។

លោក អ៊ីន បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា មិនមែន​មាន​តែ​ការរើសអើង​ក្នុង​ក្បួន​ឃោសនា​របស់​គណបក្ស​លោក​ប៉ុណ្ណោះ​ទេ​តែ​សកម្មជន​របស់​ខ្លួន​នៅក្នុង​ខេត្ត​ចំនួន​ ២ គឺ​ខេត្ត​រតនគីរី និង​ខេត្ត​បាត់ដំបង​បាន​ទទួល​រង​នូវ «​ការ​គំរាមកំហែង​» និង​ការ​ «​រារាំង​» ​ពី​ប្រជាការពារ​ភូមិ​មិន​ឲ្យ​ចុះ​ចែក​ខិត្តប័ណ្ណ​ឡើយ​។

លោក​ថ្លែង​ថា​៖ «​ក្នុង​យុទ្ធនាការ​ឃោសនា​ ៩ ​ថ្ងៃ​មក​នេះ​បញ្ហា​ប្រឈម​ទី ១ គឺ​កើតឡើង​នៅ​ភ្នំពេញ​ពេល​ដែល​យើង​ដង្ហែ​ក្បួន​ថ្ងៃទី​ ១០ ខែ​កក្កដា​គឺ​ពុំ​មាន​ការសហការ​ល្អ​ពី​អាជ្ញាធរ​ដែនដី​ជាពិសេស​ប៉ូលិស​ចរាចរណ៍​។ នៅ​ខេត្ត​រតនគីរី​មាន​ការ​តាមដាន គំរាម​កំហែង​សកម្មជន​យើង​ដែល​ដើរ​ចែក​ខិត្តប័ណ្ណ ហើយ​នៅ​ខេត្ត​បាត់ដំបង​នៅ​ភូមិ​មួយ​ស្ថិត​ក្នុង​ស្រុក​រុក្ខគិរី​មាន​ការរំខាន មាន​ការ​គំរាម​អំពី​ប្រជាការពារ​ដល់​សកម្មជន​យើង​ដែល​ចែក​ខិត្តប័ណ្ណ​នៅក្នុង​ភូមិ​»​។

GDP បាន​ព្រមាន​ដើរ​ចេញ​ពី​ការបោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ ខែ​កក្កដា​បើ​បញ្ហា​នៅ​តែ​បន្ត​កើតឡើង​ធ្ងន់ធ្ងរ​។ ទោះ​យ៉ាង​ណា​លោក​ អ៊ីន បាន​បញ្ជាក់​ថា GDP បាន​ជូន​ដំណឹង និង​ជួបប្រជុំ​ជាមួយ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​រាជធានី​/​ខេត្ត និង​ការប្រជុំ​ជាមួយ​គណៈកម្មាធិការ​ឃុំ​/​សង្កាត់​រៀបចំ​ការបោះឆ្នោត​រួច​ហើយ​។ លោក​បាន​បន្ត​ថា​៖ «​ប្រសិន​បើ​បញ្ហា​ប្រឈម​បែប​នេះ​កើតឡើង​ធ្ងន់ធ្ងរ​រីករាលដាល​ខ្លាំង GDP នឹង​ពិចារណា​ដក​ខ្លួន​ចេញ​ពី​ការបោះឆ្នោត​នេះ​»​។

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) ​ក៏​អះអាង​ថា​សកម្មភាព​ឃោសនា​របស់​ខ្លួន​បាន​ជួប​ឧបសគ្គ​នៃ​ «​ការប្រើ​អំណាច​រំលោភ​ច្បាប់​» ​ដែល​ហាក់​សំដៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន​របស់​បក្ស​កាន់​អំណាច​ដែល​យាយី​ដល់​សកម្មភាព​ឃោសនា​របស់​ខ្លួន​។

លោក ខឹម វាសនា ប្រធាន​គណបក្ស LDP បាន​ថ្លែង​ថា​បញ្ហា​នៃ​ការរំលោភ​អំណាច​ទាំង​នេះ​មិន​ត្រឹម​តែ​កើតឡើង​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ក្លាយ​ទៅ​ជា​បញ្ហា​ទូទៅ​នៅក្នុង​សង្គមជាតិ​។

លោក​បញ្ជាក់​ថា​៖ «​មក​ដល់​ពេល​ឥឡូវ​ហ្នឹង​គឺ​មាន​ការរំលោភ​បំពាន​ដូចជា យើង​បិទ​ស្លាក គេ​មក​បិទ​ពី​លើ​យើង​។ វា​មិនមែន​តែ​មួយ​កន្លែង​ទេ យើង​ចាក់​ [​ឧគ្ឃោសនស័ព្ទ​] ​កន្លែង​ឃោសនា គេ​មក​ឲ្យ​យើង​បិទ អ៊ីចឹង​វា​ទៅ​គ្រប់​កន្លែង កន្លែង​ខ្លះ យើង​ចាក់​នៅ​ក្នុង​ផ្ទះ​របស់​យើង មក​តាម​វ៉ៃ​គ្នា​ដល់​ក្នុង​ផ្ទះ ចោទប្រកាន់​រហូត​ដល់​វ៉ៃ​តតាំង​គ្នា​នៅ​ក្នុង​ទឹកដី​របស់​យើង ឥឡូវ​ចាប់​ទៅ​ដល់​តុលាការ​មួយ​ហើយ​នៅ​ស្វាយរៀង​កាលម្សិលម្ង៉ៃ​»​។

លោក​បន្ត​ថា​៖ «​យើង​មាន​ការ​សុំច្បាប់​ដើម្បី​ចាក់​មេក្រូ​ក៏​ប៉ុន្តែ​ពេល​យើង​សុំ​រួចរាល់​អាជ្ញាធរ​ឃុំ សង្កាត់​មក​រក​រឿង​បន្ថែម​ទៀត គ្រប់​តែ​កន្លែង​អ៊ីចឹង​»​។

ផ្ទុយ​ពី GDP ដែល​ព្រមាន​ដើរ​ចេញ​តែ LDP អះអាង​ថា​ខ្លួន​មិន​រាថយ​នឹង​បញ្ហា​ទាំង​នេះ​ឡើយ​។ លោក​ ខឹម វាសនា បាន​ចោទ​សួរ​ថា​៖ «​តើ​មាន​ការ​គំរាម​កំហែង​អ៊ីចឹង យើង​ឈប់​ធ្វើ​នយោបាយ​ឬ​? វា​មិន​ដូច​គណបក្ស​ខ្លះ​ថា វា​ទាល់តែ​ឲ្យ​ការបោះឆ្នោត​ហ្នឹង​មាន​សេរី យុត្តិធម៌​ត្រឹមត្រូវ​បាន​ចូលរួម​បោះ​ទាល់​តែ​មេឃុំ មេភូមិ ជួយ​ទំនុក​បំរុង​ការពារ​កុំ​ឲ្យ​មាន​អំពើ​អយុត្តិធម៌​ទើប​បាន​ចូលរួម​បោះឆ្នោត​!»​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ព្រោះ​តែ​មាន​ការ​គំរាមកំហែង​ហ្នឹង​ហើយ ទើប​យើង​ប្រឹង​ធ្វើ​»​។

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា​គណបក្ស​របស់​លោក​មិន​មាន​បញ្ហា​ប្រឈម​ដូច​ការលើក​ឡើង​របស់​គណបក្ស​ផ្សេងៗ​ឡើយ​។ មាន​បញ្ហា​តិចតួច​ដូចជា​ការប្រើប្រាស់​រថយន្ត​ស្លាក​លេខ នគរបាល​ និង​រថយន្ត​យោធា​ដើម្បី​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន ប៉ុន្តែ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​រួច​ហើយ​។

លោក​ថា​បើ​មាន​ការ​គំរាមកំហែង ពួកគេ​គួរ​ប្ដឹង​ទៅ គ.ជ.ប ដើម្បី​ឲ្យ​គេ​ដោះស្រាយ​ជា​ជាង​ការលើក​ឡើង​ដែល​លោក​ថា​ «​គ្មាន​បាន​ការ​» ​អ្វី​ទេ​។

លោក​បាន​ថ្លែង​បែប​ចំអក​ដោយ​ចាត់ទុក​ការ​លើក​ឡើង​ពី​បញ្ហា​ប្រឈម ការគំរាម​កំហែង ឬ​បំភិត​បំភ័យ​របស់​គណបក្ស​នយោបាយ​ថា​គ្រាន់​តែ​ជា​ «​លេស​» ​ដោយ​ដឹង​ខ្លួន​ជា​មុន​ថា​នឹង​ចាញ់ឆ្នោត​ប៉ុណ្ណោះ​។

លោក​ថ្លែង​សំដៅ​ទៅ GDP ថា​៖ «​ខ្ញុំ​សន្និដ្ឋាន​ថា​អា​នេះ​ជា​រឿង​ផ្ទាល់​ខ្លួន​គាត់​ទេ មុន​ដំបូង​បង្កើត​គណបក្ស​អួត​ក្អេងក្អាង​ថា​នឹង​ឈ្នះឆ្នោត ក៏​ប៉ុន្តែ​ពេល​មើល​ក្នុង​យុទ្ធនាការ​ឃោសនា​ហាក់​ដូចជា​គ្មាន​ការគាំទ្រ​ដល់​គាត់ មក​និយាយ​ថា​មាន​ការ​យាយី​ពី​រដ្ឋអំណាច​»​។

លោក​បន្ត​ថា​៖ «​អាហ្នឹង​ខ្ញុំ​យល់​ថា​វា​អាច​ជា​លេស​ទេ​។ គាត់​លើក​ស្ថានភាព​ទៅ គាត់​មិន​អាច​មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ដូច្នេះ​មើល​ទៅ​វា​បរាជ័យ​នៅ​ខាង​មុខ​។ អ៊ីចឹង​ឈប់​ឲ្យ​បាន​មុន​ទៅ​ដើម្បី​ស្ដារ​មុខមាត់ កិត្តិយស​។ រឿង​វា​តែ​ប៉ុណ្ណឹង​»​។

ទោះ​យ៉ាង​ណា​លោក​ ហង្ស ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប ថ្លែង​ថា​គិត​មក​ដល់​ពេល​នេះ គ.ជ.ប បាន​ទទួល​បណ្ដឹង​ចំនួន ៦ ​ប៉ុណ្ណោះ​។ លោក​បន្ត​ថា​ក្នុង​ចំណោម​នោះ ៤ បណ្ដឹង​ត្រូវ​បាន​ប្ដឹង​ដោយ LDP និង​ ២ ​ផ្សេង​ទៀត​ប្ដឹង​ដោយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ហើយ​មន្ត្រី​បោះឆ្នោត​បាន​ដោះស្រាយ​បណ្ដឹង​នោះ​ហើយ​។

លោក​បាន​ចាត់​ទុក​បញ្ហា​ដែល​បាន​កើតឡើង​ថា​ជា​ «​ការខ្វះ​ការសហការ​» ​រវាង​គណបក្ស​នយោបាយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​។

លោក​បន្ត​ថា​៖ «​ក្នុង​នាម គ.ជ.ប ខ្ញុំ​ស្នើសុំ​ឲ្យ​មាន​ការ​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​រឿងរ៉ាវ​ទាំងអស់​នេះ​ឲ្យ​តែ​មាន​ការ​សហការ​គ្នា​បញ្ហា​អ្វី​ក៏​អាច​ដោះស្រាយ​បាន​ដែរ ប៉ុន្តែ​បើ​មាន​តែ​ការចោទប្រកាន់​គ្នា និង​នៅ​បន្ត​ភាន់​ច្រឡំ​គ្នា​ និង​គ្នា​ខ្ញុំ​គិត​ថា មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ​»៕