ភ្នំពេញៈ ប្រតិភូ​សភា​បង់ក្លាដែស​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ ៤ ​ថ្ងៃ​នៅ​កម្ពុជា​ពីថ្ងៃ​ទី​ ៥ ដល់ទី​ ៨ មករា ដើម្បី​ស្វែងរក​ការគាំទ្រ​ពី​កម្ពុជា​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា​ត្រឡប់​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​វិញ​។

ប្រតិភូ​នេះ​ដឹកនាំ​ដោយ​លោក Muhammad Faruk Khan សមាជិកសភា និង​ជា​ប្រធាន គណៈកម្មាធិការ​អចិន្រៃ្តយ៍​ទទួលបន្ទុក​កិច្ចការបរទេស​នៃ​សភា​បង់ក្លាដែស​។ ប្រតិភូ​បាន​ជួប​ជាមួយ​លោក ងួន ញ៉ិល អនុប្រធាន​ទី​ ១ ​នៃ​រដ្ឋសភា និង​លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​នៅ​រដ្ឋសភា​។

លោក ឈាង វុន បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅក្រោយ​ជំនួប​នោះ​ថា ប្រតិភូ​បង់ក្លាដែស​បាន​ជួបពិភាក្សា​ការងារ និង​ពង្រឹង​ទំនាក់ទំនង​រវាង​សភា​ និង​សភា​នៃ​ប្រទេស​ទាំង ២​។ ប៉ុន្តែ​គោលបំណង​ចម្បង​របស់​ប្រតិភូ​បង់ក្លាដែស​គឺ​ស្វែងរក​ការគាំទ្រ​ពី​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការធ្វើ​មាតុភូមិនិវត្តន៍​ជន​រ៉ូហ៊ីងយ៉ា​ត្រឡប់​ទៅ​មីយ៉ាន់ម៉ា​វិញ​។ លោក​បន្តថា ប្រតិភូ​សភា​បង់ក្លាដែស​ស្នើ​ឲ្យ​សភា​កម្ពុជា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​ជំហរ​រឹងមាំ​ក្នុង​ការជួយ​ដល់​ពួកគេ​។

លោក ឈាង វុន ថ្លែង​ថា​៖ «​កម្ពុជា​យើង​មាន​ជំហរ​មួយ​ស្រប​ជាមួយ​ប្រទេស​អាស៊ាន​ ៩ ​ផ្សេងទៀត​ដោយសារ​មីយ៉ាន់ម៉ា​ជា​ប្រទេស​សមាជិក​អាស៊ាន អ៊ីចឹង​ហើយ​យើង​មាន​ជំហរ​រួមមួយ​គឺ​ស្នើ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នេះ​កុំ​ឲ្យ​ធ្វើ​អន្តរជាតូបនីយកម្ម​បាន​ន័យថា​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ​ទ្វេភាគី​ទៅ ហើយ​ឲ្យ​មាន​ទំនាក់ទំនង​គ្នា​រវាង​រដ្ឋាភិបាល​ទាំង​ ២ ​ដើម្បី​ផ្លូវ​ដើរ​មួយ​សមស្រប​ដើម្បី​ជា​ផលប្រយោជន៍​របស់​អ្នក​រងគ្រោះ​»​។

ទោះយ៉ាងណា​លោក​បន្តថា ជំហរ​របស់​កម្ពុជា និង​អាស៊ាន​គឺ​ចង់​ឲ្យ​មាន​ការដោះស្រាយ​មួយ​ដោយ​សន្តិភាព ដោយ​ការជជែក​គ្នា និង​សហប្រតិបត្តិការ​គ្នា ហើយ​ស្នើ​មីយ៉ាន់ម៉ា​ឲ្យ​ជ្រោមជ្រែង​ទទួល​ដោះស្រាយ​ការធ្វើ​មាតុភូមិនិវត្តន៍​នេះ​។ កម្ពុជា​មាន​ការសប្បាយ​ចិត្ត​ដែល​ប្រទេស​ទាំង​ ២ ​បាន​ជួបគ្នា ហើយ​ឈានដល់​កិច្ចព្រមព្រៀង​មាតុភូមិនិវត្តន៍​មួយ​កាលពី​ឆ្នាំ​ ២០១៧ ហើយ​កម្ពុជា​សង្ឃឹមថា មាតុភូមិនិវត្តន៍​នេះ​នឹង​ដំណើរការ​យ៉ាង​រលូន​។

លោក ឈាង វុន បញ្ជាក់​ថា​កម្ពុជា​ធ្លាប់មាន​បទពិសោធ​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​នៃ​ពលរដ្ឋ​របស់ខ្លួន​កាលពី​ដើម​ទសវត្សរ៍​ ៩០ ពី​ព្រំដែន​ថៃ​។ តាមរយៈ​បទពិសោធ​នេះ មាតុភូមិនិវត្តន៍​គួរ​ធ្វើឡើង​នៅពេល​ប្រទេស​នោះ​អាច​ធានាបាន​នូវ​សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច និង​ស្ថិរភាព​។ លោក​បាន​បញ្ជាក់ថា កត្តា​សំខាន់​គឺថា​នៅពេល​ជនភៀសខ្លួន​ត្រឡប់​ទៅវិញ ពួកគេ​អាច​រស់នៅ​ដោយ​សុវត្ថិភាព និង​មាន​ជីវភាព​ដូច​គេ​ដូច​ឯង​។

យោងតាម​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) មាន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ជាង​ ៩០ ​ម៉ឺន​នាក់​កំពុង​រស់នៅ​ទីក្រុង Coxs Bazar ប្រទេស​បង់ក្លាដែស​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា រដ្ឋមន្ត្រីការបរទេស​ ប្រាក់​ សុខុន នឹង​ជួប​ជាមួយ​ប្រតិភូ​បង់ក្លាដែស​នៅ​ថ្ងៃ​ពុធ​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែងថា បញ្ហា​រ៉ូហ៊ីងយ៉ា​ជា​កិច្ចការ​ផ្ទៃក្នុង​រវាង​ប្រទេស​ទាំង​ ២ ប៉ុន្តែ​បញ្ហា​នេះ​គួរ​ត្រូវបាន​ដោះស្រាយ​ដោយមាន​ការចូលរួម​ពី​ភាគី​អង្គការ​សហប្រជាជាតិ ហើយ​ប្រទេស​មហាអំណាច​អាច​ចូលរួម​ឃ្លាំមើល​ដើម្បី​ធានា​កុំឲ្យ​មាន​ការបង្ហូរឈាម​គ្នា​។ លោក​បន្តថា​អ្វីដែល​សំខាន់​គឺថា​មុនពេល​មាន​ការធ្វើ​មាតុភូមិ​និវត្តន៍​ត្រូវ​មាន​ការកសាង​ទីជម្រក​របស់​ពួកគេ​ឡើងវិញ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ព្រោះ​ទីជម្រក​របស់​ពួកគេ​ត្រូវបាន​ដុតចោល​អស់ហើយ​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​ថ្លែងថា កម្ពុជា​ដែល​ធ្លាប់មាន​វិបត្តិ​ជនភៀសខ្លួន​កាលពី​អតីតកាល​គួរ​បង្ហាញ​ចិត្តមេត្តា ដូច​ដែល​សហគមន៍​អន្តរជាតិ​ធ្លាប់​បាន​ធ្វើ​លើ​កម្ពុជា​ក្នុង​ការរៀបចំ​ទីជម្រក និង​ជួយ​ដល់​ការវិល​ត្រឡប់​របស់​ពលរដ្ឋ​កម្ពុជា​ត្រឡប់មក​មាតុភូមិ​វិញ​។ លោក​ស្នើថា ដើម្បី​បង្ហាញ​នូវ​ចិត្តមេត្តា​នេះ កម្ពុជា​មិនគួរ​មានចិត្ត​រារែក​ក្នុង​ការបង្ហាញ​ចិត្តសប្បុរស​ហើយ​ទទួលយក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ចំនួន​ ១០០ ​គ្រួសារ​មក​រស់នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​មេដឹកនាំ​របស់​យើង​គួរតែ​ចាប់​យក​ឱកាស​មាស​នេះ ហើយ​ធ្វើ​ដូច្នេះ [​ទទួល​យក​ជន​ភៀសខ្លួន​] ក្នុងនាម​ប្រទេសជាតិ​របស់​យើង​។ លោក​គួរតែ​ចាប់ផ្ដើម​គំនិត​ផ្ដួចផ្ដើម​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​វិបត្តិ​តំបន់​មួយ​នេះ​។ លោក​គួរតែ​ធ្វើឲ្យ​មេដឹកនាំ​អាស៊ាន​រួម​ទាំង​លោកស្រី អ៊ុងសាន ស៊ូជី ផង ចូលរួម​ជាមួយ​លោក​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»៕