អាជ្ញាធរ​ជាតិ​អប្សរា​ សម្រេច​បង្កើត​ក្រុម​ល្បាត​ក្នុង​ពេល​យប់​ ១ ក្រុម​ថ្មី​ទៀត ​ដើម្បី​ចុះ​ល្បាត​ការពារ​ព្រៃ​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​អង្គរ ​បន្ទាប់ពី​ជាង​ពាក់កណ្ដាល​ឆ្នាំ​នេះ ​មាន​ជន​ខិល​ខូច​បាន​ចូល​លួច​កាប់​ដើម​ឈើ​ប្រណីត​ដូចជា​ឈើ​គ្រញូង​ និង​កាប់​ព្រៃឈើ​ទន្ទ្រាន​យកដី​ក្នុង​តំបន់​នេះ​ជាបន្ត​បន្ទាប់​ក្នុង​ពេល​យប់។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​នាំ​ពាក្យ។

លោក​ ឡុង កុសល ​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា ​នា​ពេល​កន្លង​មក​អាជ្ញាធរ​អប្សរា​នៅ​មិន​ទាន់​មាន​ក្រុម​កាងារ​ចុះ​ល្បាត​នៅពេល​យប់​នៅឡើយ​ទេ ​ទើប​ជន​ខិល​ខូច​ឆ្លៀត​ឱកាស​ក្នុង​ពេល​យប់​ មក​កាប់​ដើមឈើ​ប្រណីតៗ​ និង​កាប់​រាន​ទន្រ្ទាន​យក​ដី​ ក្នុង​តំបន់​ឧទ្យាន​ជាតិ​អង្គរ​ជាកម្ម​សិទ្ធិ។ លោក​ថា​ ក្រុម​ការងារ​ចុះ​ល្បាត​ និង​ការ​ពារ​នៅ​ពេល​យប់​នេះ​មាន​គ្នា​ជិត​ ២០ នាក់​។​ ក្រុម​ការងារ​នេះ​នឹង​ត្រូវ​ដាក់​វេន​គ្នា​ចុះ​ល្បាត​ជាប្រចាំ​ក្នុង​ពេល​យប់។

លោក​ថ្លែង​ថា​៖ «យើង​មិន​អាច​ដឹង​បានអំពី​សកម្មភាព​ជន​ខិល​ខូច​ចូលលួច​កាប់​ដើម​ឈើ​គ្រញូង​នាពេល​កន្លង​មក។​ ព្រោះ​ពួក​គេ​បាន​លួច​កាប់​នៅ​ពេល​យប់​។​ ដូច្នេះ​ដើម្បី​ការពារ​និង​ទប់​ស្កាត់​សកម្ម​ភាព​នេះ ​យើង​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចុះ​ល្បាត​នៅពេល​យប់​ថ្មី​ ១ ក្រុម​ទៀត។ កន្លង​មក​យើង​មិន​ដែល​មាន​ក្រុម​ការងារ​ល្បាត​នៅពេល​យប់​ទេទើប​ជន​ខិល​ខូច​ឆ្លៀត​ឱ​កាស​ចូល​លួច​កាប់​ដើម​ឈើ​បាន»។

លោក​ ឡុង កុសល ​ បាន​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​ការងារ​គ្រប់​គ្រង​ឧទ្យាន​ជាតិ​អង្គរមាន​ក្រុម​ការងារ​ចំនួន​ ៣​ ផ្នែក ​ដែល​ពាក់​ព័ន្ធក្នុង​នោះ​មាន​អាជ្ញាធរ​ជាតិ​អប្សរា​ នគរ​បាល​ការពារ​បេតិកភណ្ឌ ​និង​ឧទ្យា​នុរក្ស​ការពារ​តំបន់​ទេសភាព​អង្គរ​។ ​លោក​បន្ត​ថា ក្រុម​ការងារ​ទាំង​ ៣ ក្រុម​នេះ បាន​បែង​ចែក​ការ​ងារ​ការ​ទទួល​ខុស​ត្រូវ​ដាច់​ដោយ​ឡែក​ពី​គ្នា។

មន្ត្រី​នាំពាក្យ​រូបនេះបញ្ជាក់​ថា ​កន្លង​មក​មាន​ករណី​ការ​ចូលលួច​កាប់​ទន្រ្ទាន​ព្រៃ​ឈើ ​ដើម្បី​យក​ដីធ្វើ​ជា​កម្ម​សិទ្ធិ​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​អង្គរ​ជា​បន្ត​បន្ទាប់។ ករណីនេះ​ គឺ​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ដែរ​​របស់​អាជ្ញា​ធរ​អប្សរា។

បើតាម​លោក កុសល ​ក្នុង​រយៈ​ពេល​ជាង​ពាក់​កណ្ដាល​ឆ្នាំ ​២០២០​ នេះ​ មាន​ជន​ខិល​ខូច​បានចូល​លួច​កាប់​ដើម​ឈើ​ប្រ​ណីត និង​ឈើ​គ្រញូង​ប្រមាណ​ ៤ ករណី។ ​ក្នុង​នោះ​មាន​ករណី​មួយ​ទៀត​ទើប​កើត​ឡើង​ថ្ងៃទី​ ១១ ​ខែ​ សីហា ​ឆ្នាំ​២០២០​ នៅចំណុច​ គោក​បា​ខែង ​ក្រុម​ទី៦ ​ភូមិ​ត្រពាំង​សេះ ​សង្កាត់​គោ​កចក ​ក្រុង​សៀម​រាប។​ ឈើ​គ្រញូង​ដែល​ជន​ខិល​ខូច​ទើប​លួច​កាប់​នេះ​មាន​មុខ​កាត់​ ០.២ ម៉ែត្រ ​ជន​ខិល​ខូច​បាន​កាត់​ដើម​ជា​កំណាត់ៗ​ យក​ទៅ​អស់ ​បន្សល់​ទុក​តែ​គល់ ​និង​ចុងឈើ​ប៉ុ​ណ្ណោះ។

លោក ​សួស ​ណា​រិន​ មន្ដ្រី​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ (អាដ​ហុក)​ ប្រចាំ​ខេត្ដ​សៀម​រាប ទទូច​ឱ្យ​អាជ្ញាធរ​អប្សរា​បង្កើន​ការ​ការពារ​សម្បត្ដិ​ធន​ធាន​ធម្មជាតិ ​ដូចជា​ដើម​ឈើ​ប្រណីតៗ​ជាដើម​ឱ្យ​បាន​តឹងរ៉ឹង​បន្ថែម​ទៀត។ ព្រោះ​ធន​ធាន​ធម្មជាតិ​ទាំង​នេះ​គឺជា​គ្រឿង​លម្អ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ឧទ្យាន​ជាតិ​អង្គរ និង​ប្រាង្គប្រាសាទ​អង្គរ​វត្ដ។

លោក​ថ្លែង​ថា​៖ «យើង​មិន​ចង់​ឃើញ​មាន​ការ​កាប់​ដើម​ឈើ​ប្រណីត​ដូចជា​ឈើ​គ្រញូង​ជាដើម​នេះ ​នៅ​ក្នុង​តំបន់​ដែល​គ្រប់​គ្រង​ដោយ​អាជ្ញា​ធរ​អប្សរា​ទេ។ ​កន្លង​មក​ យើង​ឃើញថា​មាន​ការ​រុញ​ដាក់​គ្នា ​ចំពោះ​ករណី​មាន​ជន​ខិល​ខូច​លួច​កាប់​ដើម​ឈើ​បែប​នេះ​ហើយ​មិន​អាច​ស្វែង​រក​ឃើញ​ជន​ល្មើស​ និង​អ្នក​ទទួល​ខុស​ត្រូវ​ឡើយ​។

លោក​ ណារិន ​បាន​លើក​ឡើងថា ​ករណី​កាប់​ដើមឈើ​ប្រណីត​នេះ ជន​ខិល​ខូច​មិន​អាច​យក​កាំបិត​ ឬ​ពូថៅ ​ទៅកាប់​បានទេ​ គឺ​ប្រើ​ប្រាស់​សុទ្ធតែ​រណា​យន្ត​ដើម្បី​កាត់ ​ហើយ​ការ​ប្រើ​រណាយន្ត​កាត់​ដើមឈើ​ គឺ​មាន​សំឡេង​ខ្លាំង​ណាស់ មិនអាច​គ្មាន​អ្នក​មិនដឹង​នោះ​ទេ។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​នៅ​តែ​សំ​ណូម​ពរ​ដោយ​ទទូច​ដល់​អាជ្ញា​ធរ​អប្សរា ​សុំ​បង្កើន​កម្លាំង​ការពារ ​ទាំង​ក្នុង​តំបន់​ប្រាសាទ​ និង​តំបន់​ព្រៃ​ឈើ ​ដែល​សុទ្ធតែ​ជា​ឧទ្យាន​សម្រាប់​ទ្រ​ទ្រង់​ជីវិ​ត​ប្រាសាទ​អង្គរ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង»៕