ព្រះសីហនុៈ អគារ​បង្គន់​អ​នាម័​យ​សាធារណៈ ១ កន្លែង​មាន ១៧ បន្ទប់​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ដាក់​ឱ្យ​ដំណើរការ​កាលពី​ថ្ងៃ ២ មេសា​ នៅ​សួន​ច្បារ​ឆ្នេរ​ឯករាជ្យ​ដើម្បី​រក្សា​បរិស្ថាន និង​សម្រួល​ដល់​សាធា​រណជន​ទូទៅ ជា​អ្វីដែល​មន្ត្រី​សង្គម​ស៊ីវិល​សម្ដែង​ការ​គាំទ្រ​និង​ស្នើ​ឲ្យ​ពង្រីក​ទៅ​កន្លែង​ផ្សេង​ទៀត។

លោក ប្រាក់ វិសាល នាយក​ទីចាត់ការ​ទំនាក់ទំនង​សា​ធារណៈ​និង​សហ​ប្រតិបត្ថិការ​នៃ​សាលា​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បង្គន់​សាធារណៈ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​អនាម័យ​បរិស្ថាន​ខណៈ​ដែល​ពី​មុន​មាន​តែ​តាម​ភោជនីយដ្ឋាន និង​សណ្ឋាគារ។

លោក​បាន​ថ្លែងថា៖ «ដើម្បី​រក្សាបាន​បរិស្ថាន​ល្អ និង​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​និង​សាធា​រណ​ជន​ទូទៅ អ៊ីចឹង​ឯកឧត្តម​អភិបាល​ខេត្ត​គាត់​បាន​មាន​គំនិត​ឬក៏​ណែនាំ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ហ្នឹងជាពិសេស​សាលា​ខេត្ត​ផ្ទាល់​ឲ្យ​រៀបចំ​កញ្ចប់​ថវិកា​ដើម្បី​សាងសង់​បន្ទប់​ទឹក​សាធា​រណៈ​ដែល​នៅ​តាម​សួនច្បារ​នៅ​តាម​អ៊ីចឹង​បាទ»។

បើតាម​លោក ប្រាក់ វិសាល អគារ​បង្គន់​អនាម័យ​សា​ធា-រណៈ​នេះ​បាន​ចំណាយ​ទឹកប្រាក់​អស់ ៤ ម៉ឺន​ដុល្លារ​អាមេរិក​ដោយ​ឧបត្ថម្ភ​ពី​សាលា​ក្រុង​សូវុន​ប្រទេស​កូរ៉េ​ចំនួន ៣៥​ ០០០ ដុល្លារ​អាមេរិក​និង​ថវិកា​បដិភាគ​ពី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចំនួន ៥ ០០០ ដុល្លារ​អាមេរិក។

លោក​បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ ២០១៩ នេះ​រដ្ឋបាលខេត្ត​ព្រះសីហនុ​គ្រោង​សង់​អគារ​បង្គន់​សាធារណៈ​ចំនួន ៣ កន្លែង ដោយ​ទី ១ នៅ​សួនច្បារ​ឆ្នេរ​ឯករាជ្យ​សង់​ចប់​សព្វ​គ្រប់​ហើយ ទី ២ នៅ​មុខ​តោ ២ ប៉ុន្តែ​សាងសង់​មិនទាន់​រួច​ទេ និង​ទី ៣ នៅ​សួនច្បារ​កូន​សោ ដែល​សព្វថ្ងៃ​នេះ​កំពុង​រៀបចំ​សួនច្បារ​នៅ​ឡើយ។ រីឯ​ក្នុង​ឆ្នាំ ២០២០ ក៏​គ្រោង​​ពង្រីក​បង្គន់​អនាម័យ ១ កន្លែង​ទៀត​ផង​ដែរ នៅ​សួនច្បារ​កាណាឌីយ៉ា។

លោក ប្រាក់ វិសាល បាន​បន្ថែមថា កាលពី​មិនទាន់​មាន​បង្គន់​សាធា​រណៈ​ភ្ញៀវទេសចរ​តែង​រអ៊ូរទាំ​ពី​ការ​លំបាក​បត់​ជើង​ហើយ​វិធី​ដោះស្រាយ​របស់​ពួកគាត់​គឺ​ទៅ​រក​កន្លែង​ណា​ដែល​មាន​បិទបាំង​តិចតួច​ដែល​ធ្វើឱ្យ​ទីនោះ​មាន​ក្លិន​ស្អុយ​ឆ្អេះ។

លោក​ថា៖ «អ៊ីចឹង​បើ​យើង​មាន​បន្ទប់ទឹក​សាធារណៈ​ហ្នឹងហើយ ពួកគាត់​នឹង​មក​ទទួល​សេវា​បន្ទប់​ទឹក​យើង។​គាត់​អត់​មាន​ទៅ​បត់​ដៃ​បត់ជើង​អី​នៅ​លើ​ឆ្នេរ​ខ្សាច់​ឬក៏​នៅ​កន្លែង​ណា​បិទ​បាំង​ក្នុង​គុម្ពផ្កា​អី​ទៀត​ទេ»។

ទាក់ទង​ការថែទាំ​អនាម័យ​វិញ​លោក ប្រាក់ វិសាល បញ្ជាក់ថា រដ្ឋបាលខេត្ត​នឹង​រក​កម្មករ​សម្រាប់​មើល​ថែទាំ​និង​សម្អាត​ជា​ប្រចាំ​ដោយ​ថ្លៃ​ឈ្នួល​កម្មករ ការ​ចំណាយ​ថ្លៃ​ទឹក និង​ភ្លើង​គឺ​ជា​បន្ទុក​របស់​រដ្ឋបាល​ខេត្ត។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) បាន​គាំទ្រ​ចំពោះ​ការ​ដាក់​បង្គន់​អនាម័យ​នៅ​ទី​សាធា​រណៈ​នេះ​ដោយ​លោក​រំពឹង​ថា​​នឹង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ក៏​ដូច​ធ្វើ​ឱ្យ​មាន​អនាម័យ​ល្អ​នៅ​ក្នុង​ទីក្រុង។

លោក​ស្នើឱ្យ​មានការ​ពង្រីក​បង្គ​ន់​អនាម័យ​សាធារណៈ​នេះ​ទៅតាម​តំបន់​ឆ្នេរ​ផ្សេងៗ​ទៀត​ដើម្បី​ឱ្យ​ឆ្នេរ​សមុទ្រ​កម្ពុជា​មាន​សោភណ​ភាព​ស្អាត។

លោក​បាន​បញ្ជាក់ថា៖ «អ៊ីចឹងត្រូវមាន​បង្គន់​អនាម័យ​សា​ធារណៈ​ហ្នឹង​ដាក់​ឱ្យបាន​ច្រើន​ដើម្បី​ឱ្យ​ភ្ញៀវ​បន្ទោ​បង់​ក្នុង​បង្គន់​ជាដើម។ល។​និង។​ល។​យើង​ត្រូវ​បែង​ចែក​តំបន់​ឆ្នេរ សួន​ច្បារ​ណា ឆ្នេរ​ចំណុច​ណា​ដាក់​ប៉ុន្មាន.»។

លោក​ គាំ ចាន់​សាលី ជា​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ម្នាក់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​ធ្លាប់​ទៅ​កម្សាន្ត​នៅ​ឆ្នេរ​ឯករាជ្យ​កាល​ពី ១ ខែ​មុន ប៉ុន្តែ​ពេល​នោះ​ពេល​ឈឺ​បត់​ជើង​គឺ​ត្រូវ​បង់​លុយ​ឱ្យ​ម្ចាស់​បង្គន់​ឯកជន​ដើម្បី​ប្រើប្រាស់​ហើយ​បង្គន់​នៅ​ទីនោះ​មិន​ស្អាត និង​ធុំ​ក្លិន​មិន​ល្អ។

លោក​ថា៖ «ក្លិន​បង្គន់​វា​មិនសូវជា​ល្អ​ដែរ​ខេត្ត​ទេសចរណ៍​តំបន់​ទេសចរណ៍​មួយ​ដែរ​ឆ្នេរ​អី​បង្គន់​អនាម័យ​អី​វា​អត់​ស្អាត ហើយ​អ៊ីចឹង​អត់​សូវ​មាន​អារម្មណ៍​ល្អ​ដែរ តែ​មិន​ដឹង​ធ្វើ​ម៉េច»។

យ៉ាងណាក្ដី លោក​ថា បើ​មានបង្គន់​អនាម័យ​សាធារណៈ​ទើប​សាងសង់​នេះ​នឹងធ្វើ​ឱ្យ​លោក​មាន​អារម្មណ៍​ល្អ​ឡើង​វិញ ព្រោះ​បើ​ពិសា​អាហារ​នៅ​តំបន់​នោះ​រួច​ត្រូវការ​ប្រើប្រាស់​បង្គន់​អនាម័យ​គឺមាន​ស្រាប់​ហើយ​ក៏​ជួយ​កាត់​បន្ថយ​ក្លិន​ស្អុយ​នៅ​តំបន់​ឆ្នេរ​ផង​ដែរ។ លោក​ថា​ពេល​មាន​បង្គន់​អនាម័យ​ល្អ​លោក​នឹង​ទៅ​កម្សាន្ត​ទីនោះ​ញឹក​ញាប់ ហើយ​សំណូមពរ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​រៀបចំ​បង្គន់​អនាម័យ​ឱ្យបាន​គ្រប់​ឆ្នេរ​ទាំង​អស់។

លោក​ សាលី​ ប្រាប់ថា៖ «គ្រប់​ឆ្នេរ​ទាំងអស់​ត្រូវតែមាន (បង្គន់​អនាម័យ) ។សំណូមពរ​ឱ្យ​ខេត្ត​គ្រប់​ឆ្នេរ​ទាំង​អស់​ជួយ​រៀបចំ​បង្គន់​អនាម័យ​ឱ្យ​វា​មាន​លក្ខណៈ​ស្អាត​បាត មាន​អ្នក​ចាំ​ថែទាំ។ ប្រសិន​បើ​មាន​អ៊ីចឹង​មែន ពលរដ្ឋ​យើង​នាំគ្នា​ជួយ​ថែទាំ​ទាំង​អស់​គ្នា​ទៅ»។

កាលពី​ចុងខែ​មីនា សាលាខេត្ត​ព្រះសីហនុ​បាន​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ទៅលេង​ទឹក​សមុទ្រ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ដោយ​បាន​អះអាង​ថា ទឹក​សមុទ្រ​បច្ចុប្បន្ន​បាន​ស្អាត​ដូចដើម ខណៈ​ទឹក​កខ្វក់​ដែល​ហូរ​ចូល​ទឹក​សមុទ្រ​តាម​ឆ្នេរ​អូរ​ឈើ​ទាល ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា និង​អូរ​ស្អាត ត្រូវ​បាន​ដោះស្រាយ​កាល​ពី​ដើម​សប្ដាហ៍​មុន។

ទោះយ៉ាងណា ក៏មាន​ការរិះគន់​ចំពោះ​ការប្រមូល​សំរាម​ក្នុង​ក្រុង​ព្រះសីហនុ​មាន​ការ​យឺតយ៉ាវ​ផងដែរ ប៉ុន្តែ​មន្ត្រី​ខេត្ត​បាន​បញ្ជាក់​ថា បញ្ហា​នេះ​ដោយសារ​ខ្វះ​កម្មករ តែ​ឥឡូវ​បាន​ដោះស្រាយ​រួច​ហើយ​ដោយ​ក្រុម​ប្រមូល​សំរាម​យក​កម្មករ ពី​កន្លែង​ផ្សេង​មក​ជួយ៕