ភ្នំពេញៈ ព្រះមហាក្សត្របានចេញរាជក្រឹត្យ បញ្ចប់គោរមងារជាឧកញ៉ារបស់មន្ត្រីក្របខ័ណ្ឌនគរបាលជាតិចំនួន ៣៦ រូប ដែលមានឋានន្តរស័ក្ដិជានាយនគរបាលជាន់ខ្ពស់ និងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ដែលមន្ត្រីបានលើកឡើងថានគរបាលជាតិទាំងនោះ គឺស្ម័គ្រចិត្តជ្រើសយកមុខងារសាធារណៈដោយបោះបង់ងារជាឧកញ៉ាដោយខ្លួនឯង ដើម្បីអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការសម្រេចបញ្ចប់គោរមងារឧកញ៉ារបស់មន្ត្រីនគរបាលជាតិទាំងនេះគឺធ្វើឡើងក្នុងរាជក្រឹត្យចុះថ្ងៃទី ២៣ វិច្ឆិកា។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារថា មន្ត្រីទាំងនេះគឺស្ម័គ្រចិត្តដោយខ្លួនឯងដើម្បីស្នើសុំបញ្ចប់មុខងារជាឧកញ៉ា ប៉ុន្តែលោកមិនបញ្ជាក់ថា តើក្នុងក្របខ័ណ្ឌនគរបាលជាតិនៅសល់មន្ត្រីប៉ុន្មាននាក់ទៀត ដែលនៅមិនទាន់ធ្វើការសម្រេចចិត្តដើម្បីបោះបង់មុខងារជាឧកញ៉ារបស់ខ្លួនឡើយ។
លោកបញ្ជាក់ថា លោក ហ៊ុន សែន មិនបានដាក់ឱសានវាទជាក់លាក់ ដើម្បីឱ្យមន្ត្រីទាំងនោះត្រូវសម្រេចចិត្តជ្រើសយកមួយរវាងមុខងារសាធារណៈ និងមុខងារជាឧកញ៉ាទេ។ លោកថា៖ «ខ្ញុំត្រឹមជាអ្នកនាំពាក្យ អ្នកគ្រប់គ្រងបញ្ជីឧកញ៉ាមិនមែនខ្ញុំគ្រប់គ្រងទេ ហើយខ្ញុំក៏មិនដឹងអ្នកណាមួយជាឧកញ៉ាព្រោះគេមិនដែលប្រាប់ខ្ញុំផង»។
លោកបន្តថា ការសម្រេចបោះបង់ងារឧកញ៉ារបស់នគរបាលជាតិទាំងនេះគឺជារឿងល្អមួយ ពីព្រោះជាការឆ្លើយតបទៅតាមគោលការណ៍របស់លោកនាយករដ្ឋមន្ត្រីផង និងដើម្បីឆ្លើយតបទៅសមភាពមុខងារសាធារណៈរបស់ពួកគេផង។
ចំណែកលោក ម៉ែន ប៊ុនរិទ្ធ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនបញ្ជាក់អំពីការបញ្ចប់មុខងារឧកញ៉ារបស់មន្ត្រីនគរបាលជាតិទាំងនេះឡើយ ដោយសារលោកអះអាងថា គឺជាការងារទទួលខុសត្រូវរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។
លោក ហ៊ុន សែន បានចេញគោលការណ៍ឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលមានមុខងារជាឧកញ៉ាត្រូវពិចារណាជ្រើសរើសយកមួយក្នុងចំណោមមុខងារទាំង ២ នេះដោយលោកលើកឡើងថា មានមន្ត្រីទាំងនោះមួយចំនួនបានយកតួនាទីទៅប្រកបមុខរបរខុសច្បាប់។
កាលពីខែកញ្ញាក៏មាននាយទាហានចាប់ពីនាយឧត្តមសេនីយ៍រហូតដល់វរសេនីយ៍ទោចំនួន ៧៥ នាក់ ក៏បានសម្រេចចិត្តបោះបង់មុខងារជាឧកញ៉ាដែរបន្ទាប់ពីមានការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានលើកឡើងថាគោលការណ៍លុបបំបាត់ឧកញ៉ានៅក្នុងជួរកងកម្លាំងប្រដាប់អាវុធនេះគឺបានកាត់បន្ថយការប៉ះពាល់តិចប៉ុណ្ណោះក្នុងការកុំឱ្យកងកម្លាំងប្រដាប់អាវុធយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ក្នុងមុខជំនួញរកស៊ី ដោយលោកបញ្ជាក់ថា ការអនុវត្តទៅតាមវិធានការច្បាប់គឺជារឿងសំខាន់ជាង។
លោកថា៖ «វាគ្មានអ្វីលំបាកទេ គឺគ្រាន់តែអនុវត្តច្បាប់ដែលមានស្រាប់ទៅ វាអាចកាត់បន្ថយនូវការរំលោភអំណាចបានហើយ ហើយការរំលោភអំណាចនេះ គឺជាទម្រង់មួយនៃអំពើពុករលួយផងដែរ»៕