ភ្នំពេញ: ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ (​អតីត​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​ ៩១១) ​បាន​ច្រានចោល​ព័ត៌មាន​ដែល​ផ្សាយ​ថា​យោធិន​ក្នុង​បញ្ជាការដ្ឋាន​របស់ខ្លួន​ជា​អ្នកបាញ់​សម្លាប់​មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ​ក្នុង​ទំនាស់​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ពី​ថ្ងៃទី​ ២៩ ខែធ្នូ ឆ្នាំមុន​។

ការបដិសេធ​នេះ បន្ទាប់ពី​មាន​សារព័ត៌មាន​អនឡាញ និង​អ្នកលេង​ហ្វេសប៊ុក​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ឈ្មោះ អ៊ា ណារ៉េន ហៅ រិន ផាន់ អាយុ​ ៣៨ ​ឆ្នាំ ជា​យោធិន​របស់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ត្រី ហើយ​​កំពុង​រត់គេចខ្លួន​នៅ​ខេត្ត​មណ្ឌលគិរី​ពាក់ព័ន្ធ​ឃាតកម្ម​នេះ​។

លិខិត​បដិសេធ​របស់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ចុះ​ថ្ងៃទី ៥ ​មករា​​ ដែល​ ភ្នំពេញ​ ប៉ុស្ដិ៍​ ទទួលបាន​ពី​ម្សិលមិញ​ឱ្យដឹងថា ក្នុង​នាម​មេបញ្ជាការ​មេបញ្ជាការរង នាយ​ទាហាន នាយទាហានរង​ និង​ពលទាហាន​បញ្ជាការដ្ឋាន​ទ័ពពិសេស​សូម​បដិសេធ និង​បញ្ជាក់ថា ឃាតករ​ដែល​បាន​បាញ់សម្លាប់​មន្ត្រីនគរបាល​ក្នុង​ទំនាស់​គ្រោះថ្នាក់​ចរាចរណ៍​នោះ​​ពុំមែន​ជា​យោធិន​នៅក្នុង​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ទេ​។

លិខិត​បញ្ជាក់ថា​ «​យើងខ្ញុំ​ទាំងអស់​គ្នា សូម​បដិសេធ​ដាច់​អហង្ការ​ចំពោះ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម Facebook មួយចំនួន​ដែល​ចេះតែ​ស៊ែរ​បន្ត​គ្នា​ និង​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ថា ជនល្មើស​រូបនោះ​ជា​យោធិន​របស់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស និង​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ត្រី ជា​ហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស អង្គភាព​របស់​យើងខ្ញុំ ហេតុនេះ​សូម​ម្ចាស់​គណនី Facebook ទាំងនោះ​កែតម្រូវ​ព័ត៌មាន​នោះ​ជាថ្មី​ឡើងវិញ រង់ចាំ​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​ចាប់​ជនល្មើស​​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។

លិខិត​ដដែល​បន្ថែមថា​៖ «​បើសិន​ជា​នៅតែមាន​ម្ចាស់ Facebook ណា​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​គ្មាន​ប្រភព​ជាក់លាក់​ធ្វើឱ្យ​ប៉ះពាល់​ដល់​​កិត្តិយស​អង្គភាព​របស់​យើងខ្ញុំ យើង​ខ្ញុំ​ទូទាំង​បញ្ជាការដ្ឋាន​ទ័ពពិសេស​សូម​ប្ដឹង​ដល់​ក្រសួង​មាន​សមត្ថកិច្ច ពិសេស​សមត្ថកិច្ច​ផ្នែក​ព័ត៌មានវិទ្យា វែកមុខ​រក​ម្ចាស់​គណនី Facebook នោះ​យកមក​ផ្តន្ទាទោស​ចំពោះ​​មុខ​ច្បាប់​ជា​ធរមាន​»​។

លោក ចាប ភក្ដី មេបញ្ជាការទ័ព​ពិសេស​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិន​មានមតិ​បន្ថែម​​ទេ ព្រោះ​មន្ត្រី​ជំនាញ​បាន​ចេញ​សេចក្ដី​បំភ្លឺ​ជុំវិញ​ការផ្សព្វផ្សាយ​បំផ្លើស​ និង​ខុសពី​ការពិត​ទាំងអស់​នេះ​រួចរាល់​ហើយ​។

លោក​ថា​៖ «​យើង​បាន​ឆ្លើយបំភ្លឺ​រួចរាល់​ហើយ គឺ​សាច់រឿង​មាន​​ដូច​ក្នុង​ខ្លឹមសារ​លិខិត​ហ្នឹង​»​។

លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​កំពុង​ដឹកនាំ​កម្លាំង​នគរបាល​ព័ទ្ធចាប់​​ខ្លួន​ជនសង្ស័យ ដែល​បាន​​រត់​មក​លាក់ខ្លួន​ក្នុងព្រៃ​នៃ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។

លោក​ថា​៖ «​ឥឡូវនេះ​ (​ថ្ងៃទី​ ៦ មករា​) ​ខ្ញុំ​កំពុង​នៅក្នុង​ព្រៃជ្រៅ ដើម្បី​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​យើង​ជាច្រើន​នាក់​ឡោមព័ទ្ធ​ចាប់​ខ្លួន​ឃាតករ​ម្នាក់​។ ​ដូច្នេះ​មិនទាន់មាន​លទ្ធផល​អ្វី​ទេ ពោលគឺ​យើង​កំពុង​ដេញតាម​ចាប់​នៅក្នុង​ព្រៃ​តែម្ដង​»​។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​បាន​សរសេរ​នៅលើ​គណនី​ឈ្មោះ «​វណ្ណៈ ធរណិន្ទ​» ​បាន​រៀបរាប់ថា ឃាតករ​រូបនេះ​មាន​ឈ្មោះ អ៊ា ណារ៉េន ហៅ រិន ផាន់ អាយុ​ ៣៨ ​ឆ្នាំ​ជា​អតីត​ទាហាន​កុម្ម៉ង់ដូ ស្នាក់នៅ​ភូមិ​ ១៦ ​សង្កាត់​ផ្សារកណ្ដាល​ ១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

បើតាម​ហ្វេសប៊ុក​ដដែល​កាលពី​ដើម​ឆ្នាំ​ ២០០៣ ឈ្មោះ អ៊ា ណារ៉េន និង​បក្ខពួក​ធ្លាប់​បាញ់​សម្លាប់​លោក ឱម រដ្ឋសាឌី ទីប្រឹក្សា​សម្ដេចក្រុមព្រះ​ប្លន់​យក​ទូរស័ព្ទដៃ​ ១ ​គ្រឿង​ នៅ​ជិត​ផ្សារ​កាប់​គោ សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​។ ក្រោយមក​សមត្ថកិច្ច​ចាប់ខ្លួន អ៊ា ណារ៉េន និង​បក្ខពួក​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ហើយ​ពី​ឆ្នាំ ​២០១៨ ជនសង្ស័យ​បានចេញ​ពី​ពន្ធនាគារ​វិញ​។

ទាក់ទង​នឹង​ករណី​នេះដែរ​កាលពី​ថ្ងៃ​ ៤ ខែមករា ឆ្នាំនេះ​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ឈ្មោះ កែ ចាន់មាន អាយុ​ ២៤ ​ឆ្នាំ ​ជនជាតិ​ខ្មែរ​ដែល​ជា​អ្នកបើក​រថយន្ត Luxus RX300 ដឹក​ជនដៃដល់​ឈ្មោះ អ៊ា ណារ៉េន ខណៈ​មានការ​បាញ់សម្លាប់​មន្ត្រី​នគរបាល​ឈ្មោះ រ៉េត ស៊ីណែត ហៅ​ ញ៉ក់ ដែល​សង្ស័យ​ផ្ដើមចេញពី​ករណី​​គ្រោះថ្នាក់​ចរាចរណ៍ និង​ទំនាស់​ពាក្យ​សម្ដី​គ្នា​តិចតួច​៕