ភ្នំពេញៈ បញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាឲ្យនាយទាហានរបស់បញ្ជាការដ្ឋានអង្គរក្សទាំងអស់ដែលបានចេញបំពេញបេសកកម្មតាមបណ្តារាជធានី-ខេត្តត្រូវបញ្ឈប់ជាបន្ទាន់នូវការសុំថវិកាពីមន្ត្រីខេត្ត ក្រុង ស្រុក និង ពីភ្ញៀវជាតិ និងអន្តរជាតិ ប្រសិនបើមិនមានបញ្ជាពីមេបញ្ជាការ បើមិនដូច្នោះទេពួកគេត្រូវតែប្រឈមនឹងការដាក់ទោស ឬបណ្តេញចេញ។
បើតាមបទបញ្ជាដែលចុះហត្ថលេខាដោយលោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១២ ខែកក្កដាដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានពីម្សិលមិញគឺបទបញ្ជានេះធ្វើឡើងក្រោយមានករណីនាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើលិខិតស្នើសុំ ឬស្នើសុំផ្ទាល់មាត់ទៅភ្ញៀវជាតិ និងអន្តរជាតិផ្សេងៗដោយគ្មានបទបញ្ជាពីមេបញ្ជាការ។
បទបញ្ជាដែលចុះហត្ថលេខាដោយលោក ហ៊ីង ប៊ុនហៀង បញ្ជាក់ថា៖ «នាយទាហាន នាយទាហានរង និងពលទាហានរបស់បញ្ជាការដ្ឋានអង្គរក្សដែលត្រូវបានបំពេញបេសកកម្មតាមបណ្តាគោលដៅនានាក្នុងរាជធានី-ខេត្ត ត្រូវបញ្ឈប់ជាបន្ទាន់នូវការសុំថវិកាពីភ្ញៀវជាតិ និងអន្តរជាតិ ឬអភិបាលក្រុងស្រុក និងអភិបាល រាជធានី-ខេត្ត ចាប់ពីពេលនេះតទៅ»។
បទបញ្ជានោះបានបន្ថែមថា ការស្នើសុំថវិកា និងគ្រឿងបរិភោគផ្សេងៗសម្រាប់បំប៉នដល់នាយ ទាហាន នាយទាហានរង និងពលទាហានដែលចុះបំពេញបេសកកម្មតាមបណ្តារាជធានី-ខេត្ត ជាឆន្ទានុសិទិ្ធរបស់មេបញ្ជាការគឺលោក ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ។
បទបញ្ជាដដែលគូសបញ្ចាក់ទៀតថាមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស ឬនាយទាហានជំនាញផ្សេងៗរបស់បញ្ជាការដ្ឋានអង្គរក្សមិនត្រូវធ្វើលិខិតស្នើសុំ ឬស្នើសុំដោយផ្ទាល់មាត់ទៅភ្ញៀវជាតិ និងអន្តរជាតិផ្សេងៗដោយគ្មានបទបញ្ជាពីលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ និងលោក ហ៊ុយ ពិសិដ្ឋ។
លោក ហ៊ីង ប៊ុនហៀង សង្កត់ធ្ងន់ថា៖ «ប្រសិនបើមានករណីផ្ទុយពីបទបញ្ជាខាងលើនាយទាហាន នាយទាហានរង និងពលទាហានរូបនោះត្រូវទទួលខុសត្រូវដោយខ្លួនឯង ហើយប្រឈមនឹងការដាក់ទោសទណ្ឌ ឬបណ្តេញចេញពីបញ្ជាការដ្ឋានអង្គរក្ស ឬពីកងយោធពលខេមរភូមិន្ទតែម្តង»។
បទបញ្ជាបន្ថែមថាគ្រប់បណ្តា អង្គភាពចំណុះបញ្ជាការដ្ឋានអង្គរក្សត្រូវផ្សព្វផ្សាយជូនដល់នាយ ពលទាហាន នាយទាហានរងទាំងអស់ដើម្បីជ្រាប និងអនុវត្ត។
លោក យ៉ា ទូច អ្នកនាំពាក្យនៃបញ្ជាការដ្ឋានអង្គរក្សបានបដិសេធក្នុងការបំភ្លឺទាក់ទងនឹងករណីនេះពីម្សិលមិញ។
លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការដ្ឋានអង្គរក្សមិនអាចទាក់ទងសុំការបំភ្លឺបន្ថែមទាក់ទងនឹងករណីនេះបានទេពីម្សិលមិញ។
លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថាអង្គរក្សគឺជាមន្ត្រីកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ដូច្នេះការចុះបេសកកម្មគួរតែប្រើប្រាស់ថវិការបស់ជាតិ។
លោក សន ជ័យ ថ្លែងថា៖ «ខ្ញុំគិតថាការសុំលុយពេលចុះបេសកកម្មពីអាជ្ញាធរមូលដ្ឋានគឺជាទម្រង់មួយដែលធ្វើឲ្យខូចមុខមាត់ក្រុមអង្គរក្ស។ វាជាទម្រង់មួយអនាធិបតេយ្យរបៀបនៃការកៀរគរធនធាន វាអាចធ្វើឲ្យមានទំនាស់ផលប្រយោជន៍»៕