ភ្នំពេញៈ នគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកាលពីម្សិលមិញបានបញ្ជូនជនជាតិចិនចំនួន ៦៩ នាក់ ទៅប្រទេស ចិន វិញ បន្ទាប់ពីបានចាប់ខ្លួននៅខេត្តស្វាយរៀង នៅក្នុងខែមករានេះពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ អ៊ីនធឺណិត។
លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា ជនជាតិចិនទាំង ៦៩ នាក់នេះ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន បទឆបោក និងជំរិតតាមប្រព័ន្ធអ៊ីនធឺណិតកាលតាំងពីដើមខែមករា ឆ្នាំ ២០១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង។
លោកបន្ដថា៖ «ពាក់ព័ន្ធបទល្មើសដូចយើងបានធ្វើនាពេលកន្លងអ៊ីចឹង។ កាលពីដើមឆ្នាំ ២០១៩ អគ្គស្នងការដ្ឋាននរបាលជាតិ សហការជាមួយស្នងការនគរបាលនិងព្រះរាជអាជ្ញាខេត្តស្វាយរៀងបានឃាត់ខ្លួន និងបញ្ជូនជនបរទេសដែលមានសញ្ជាតិចិនទាំង ៦៩ មករក្សាទុកទីនេះ ចាប់តាំងកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩ នៅក្រុងបាវិតខេត្តស្វាយរៀងពាក់ព័ន្ធករណីក្លែងបន្លំតាមប្រព័ន្ធទូរគមនាគមន៍ ដូចជាហៅមកបោកបញ្ឆោតតាមទូរស័ព្ទ ជំរិតទារប្រាក់ នាពេលកន្លងមក»។
ការចាប់បញ្ជូនជនជាតិចិនទាំងនេះធ្វើឡើង ខណៈពេលដែលសមត្ថកិច្ចកម្ពុជាបាននិងកំពុងយកចិតទុកដាក់ទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗស្របពេលដែលពលរដ្ឋកម្ពុជាមួយចំនួនបារម្ភអំពីជនជាតិចិនខ្លះខណៈបានឃើញពួកគេប្រព្រឹត្តបទល្មើសជាច្រើនដូចជា ករណីចាប់បង្ខាំងជនជាតិចិនគ្នាឯង ការធ្វើទារុណកម្ម និងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតជាដើមលោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយបានថ្លែងថា ជនជាតិចិននៅកម្ពុជាមួយចំនួនទាំងរកស៊ីឬធ្វើការជាជនសុចរិត ប៉ុន្តែក៏មានមួយចំនួនបង្កបញ្ហាធ្ងន់ធ្ងរដល់សង្គមកម្ពុជាដែរ។
លោកបន្ដថា ករណីនេះមន្ត្រីរដ្ឋាភិបាលចិនក៏ធ្លាប់បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាចាត់វិធានការតឹងរ៉ឺងចំពោះជនជាតិចិនប្រព្រឹត្តបទល្មើសទាំងនោះផងដែរ។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលកម្ពុជា ពិតជាបានខិតខំទប់ស្កាត់បទល្មើសផ្សេងៗគ្រប់រូបភាព ហើយយើងឃើញមានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិតជាបានខិតខំប្រឹងប្រែង។ តែយើងក៏ឃើញមានភាពចន្លោះប្រហោងដោយសារជនជាតិចិនមកយ៉ាងគំហុកធ្វើឲ្យសមត្ថភាពអាជ្ញាធររបស់យើងអាចក្តាប់មិនជុំ និងអាជ្ញាធរអនុវត្តច្បាប់មួយចំនួនតូច គាត់ទទួលផលប្រយោជន៍ពីជនជាតិចិនហើយធ្វើគឬថ្លង់ទៅលើសកម្មភាពមួយចំនួនដែលជនជាតិចិនខ្លះបានប្រព្រឹត្ត»។
កាលពីចុងឆ្នាំមុន សមត្ថកិច្ចនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានបញ្ជូនជនជាតិចិន ២៣៥ នាក់ទៅប្រទេសចិនវិញ បន្ទាប់ពីសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនក្រសួងមហាផ្ទៃរួមជាមួយសមត្ថកិច្ចខេត្តតាកែវ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបកាលពីថ្ងៃ ២៦ វិច្ឆិកានៅទីតាំង ៤ កន្លែងផ្សេងគ្នា ក្នុងស្រុកត្រាំកក់ និងស្រុកបាទី ក្នុងនោះមានស្រី ៣៦ នាក់ និងរឹបអូសសម្ភារសម្រាប់ប្រព្រឹត្តល្មើស ជាច្រើនទៀត។
លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃកាលពីខែកញ្ញាឆ្នាំ ២០១៨ ធ្លាប់បានលើកឡើងថា ជនជាតិចិននៅកម្ពុជាកើនឡើងដល់ជាង ២០ ម៉ឺននាក់ដែលចំនួននេះមិនបូកបញ្ចូលជាមួយអ្នកការទូត អ្នកទេសចរ និងអង្គការសង្គមស៊ីវិល។ ក្នុងចំណោមជនជាតិចិនទាំង ២០ ម៉ឺននាក់នេះ មានជាង ៧៨ ០០០ នាក់ កំពុងរស់នៅខេត្តព្រះសីហនុ ក្នុងនោះមានត្រឹមតែជាង ២ ម៉ឺននាក់ប៉ុណ្ណោះមានប័ណ្ណការងារត្រឹមត្រូវ៕