ព្រះសីហនុៈ មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​បាននិង​កំពុង​សាកសួរ​ជនបរទេស​ចំនួន​ ១៦ ​នាក់​ដែលជា​នាវិក​នៅលើ​នាវា​ ១ ​គ្រឿង ​របស់​ប្រទេស​ កាមេរូន​ (Cameroon) ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់​កាលពី​ថ្ងៃទី​ ២៧ ​ខែ​កុម្ភៈ​ដោយ​ចោទថា បាន​រំលោភ​លើ​ដែនសមុទ្រ​កម្ពុជា ហើយ​ថា​សំណុំរឿង​នាវា​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃទី​ ២ ខែ​មីនា​។

លោក​ តេង សួន អគ្គស្នងការរង​នគរបាលជាតិ​ថ្លែង​ពី​ម្សិលមិញ​ថា ក្រោយពី​សមត្ថកិច្ច​សាកសួរ​ជនបរទេស​ទាំង​ ១៦ ​នាក់​នេះ​នៅ​ខេត្ត​ព្រះសីហនុ​រួចរាល់​ហើយ សមត្ថកិច្ច​ជំនាញ​ក៏​បាន​បញ្ជូន​ពួកគេ​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅ​រសៀល​ថ្ងៃទី​ ២ ខែ​មីនា​ដែរ​ដើម្បី​បន្ត​នីតិវិធី​សាកសួរ​។

លោក​បញ្ជាក់ថា​៖ «​ជនបរទេស​ដែល​នៅ​នាវា​ជា​នាវិក​ទាំង​ ១៦ ​នាក់​នេះ​ គឺ​ពាក់ព័ន្ធ​ការរំលោភ​លើ​ដែនសមុទ្រ​កម្ពុជា​ដោយ​គ្មាន​ការអនុញ្ញាត​ និង​ការបំពាន​បម្រាម​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហប្រជាជាតិ​»​។

លោក​ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថ្លែង​ពី​ម្សិលមិញ​ស្រដៀង​នឹង​ការថ្លែង​របស់​មន្ត្រី​ជាន់ខ្ពស់​ខាងលើ​នេះដែរ​។ លោក​បញ្ជាក់ថា​៖ «​មន្ត្រី​ជំនាញ​យើង​កំពុង​សាកសួរ​ [​ពី​ម្សិលមិញ​] ដោយ​ត្រៀម​បញ្ជូន​ទៅ​តុលាការខេត្ត​ព្រះសីហនុ​នៅ​ល្ងាច​ថ្ងៃទី​ ២ ខែ​មីនា នេះ​»​។

លោក​ ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ពី​ម្សិលមិញ​ថ្លែងថា បច្ចុប្បន្ន​នាវា MT-COURAGEOUS ត្រូវបាន​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​ទឹក​ឃាត់ និង​កំពុង​ធ្វើការ​សាកសួរ ហើយ​ត្រៀម​បញ្ជូនទៅ​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី និង​ចាត់ការ​តាមផ្លូវ​ច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​តុលាការ​សម្រេច​ឲ្យ​មានការ​ស៊ើបអង្កេត​បន្ត ឬ​រុញ​ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​ណា​ធ្វើការ​បន្តទៀត គឺជា​ការសម្រេច​របស់​តុលាការ ព្រោះ​ពេល​នេះ​ជិត​ហួស​ពី​ដៃ​សមត្ថកិច្ច​ហើយ​»​។

លោក​បន្ថែមថា​ក្រុម​នាវិក​ទាំង​ ១៦ ​នាក់​នេះ មិនមាន​ផ្ទុកមេរោគ COVID-19 ទេ ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ​បានធ្វើ​ការពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​។ ប៉ុន្ដែ​ពួកគេ​បាន​ជាប់​ពាក់ព័ន្ធ​ការបំពាន​ដែនសមុទ្រ​កម្ពុជា និង​ការបំពាន​បម្រាម​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ផ្ទេរ​ទំនិញ​ផ្សេងៗ​ទៅកាន់​ទូក​ដឹកទំនិញ​របស់​កូរ៉េខាងជើង​។

លោក​ លឹម ប៊ុនហេង ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត ព្រះសីហនុ​ថ្លែង​ពី​ម្សិលមិញ​ថា សាលាដំបូង​ខេត្ត​ព្រះសីហនុ​មិនទាន់​បាន​ទទួល​សំណុំ​រឿងនេះ​នៅឡើយ ដោយ​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​សាកសួរ​។

លោក​ថា​៖ «​បើសិន​ជា​មកដល់​ដៃ​តុលាការ ខ្ញុំ​នឹង​ជម្រាបជូន​តាម​ក្រោយ​ទៀត​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នគរបាលជាតិ​នៅ​ថ្ងៃទី​ ១ មីនា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​កម្ពុជា​បាន​រកឃើញ និង​ឃាត់​នាវា​បរទេស​ ១ ​គ្រឿង​កាលពី​ថ្ងៃទី​ ២៧ កុម្ភៈ​ ដែល​បាន​បោះ​យុថ្កា​បំពាន ដែនសមុទ្រ​កម្ពុជា​។ តាម​ការអះអាង​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ រកឃើញ​ថា​នាវា​នោះ​បាន​បោះ​យុថ្កា​នៅ​ចំណុច​និយាមការ​នៅ​ចន្លោះ​កោះតាង និង​កោះ​ប៉ូឡូវ៉ៃ​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​ផ្អែក​តាម​ការបំភ្លឺ​របស់​អ្នក​ទទួលខុសត្រូវ​លើ​នាវា​បាន​បញ្ជាក់​ជូន​សមត្ថកិច្ច​កម្ពុជា​ថា នាវា​ដែល​ត្រូវបាន​ឃាត់​នេះ​មាន​ឈ្មោះ MT-COURAGEOUS សញ្ជាតិ CAMEROON មាន​នាវិក​ចំនួន​ ១៦ ​នាក់​។ នាវា​នេះ​បាន​ទទួល​បញ្ជា​ឲ្យ​ចេញពី​កំពង់ផែ​ KAO HSIUNG នៃ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃទី​ ១៥ ខែ​កុម្ភៈ ឆ្នាំ​ ២០២០​។ លុះដល់​ថ្ងៃទី​ ២៦ ខែ​កុម្ភៈ​នាវា​នេះ​បាន​បោះ​យុថ្កា​នៅ​ចំណុច​និយាមការ N10០05.1300'', E103០07.8593'' ដើម្បី​រង់ចាំ​បទបញ្ជា​ជាថ្មី​ពី​ថៅកែ​។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល នគរបាល​កម្ពុជា​ឲ្យ​ដឹង​ទៀតថា តាម​ព័ត៌មាន និង​ឯកសារ​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការ​សហប្រជាជាតិ នាវា MT-COURAGEOUS នេះ​ធ្លាប់​ធ្វើ​សកម្មភាព​បំពាន​ទៅ​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ (​សេចក្តី​សម្រេច​លេខ ២៣៧៥ និង​ ២៣៩៧ អនុម័ត​នា​ខែ​កញ្ញា ឆ្នាំ​ ២០១៧) ​ក្នុង​ការដាក់​ទណ្ឌកម្ម​លើ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ (DPRK) ដែល​ហាមឃាត់​ការផ្ទេរ​ពី​នាវា​ទៅ​នាវា​ (SHIP-TO- SHIP / STS) ​ទៅ​ទូក​ដឹកទំនិញ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន នាវា MT-COURAGEOUS ត្រូវបាន​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​ទឹក ឃាត់ និង​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី និង​ចាត់ការ​តាម​ច្បាប់​»៕