តាកែវៈ ប្រធានការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀនខេត្ដតាកែវ លោក ម៉ាក់ សេរីវឌ្ឍនា បានប្រាប់កាលពីម្សិលមិញថា សមត្ថកិច្ចត្រូវបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ដតាកែវនៅថ្ងៃចន្ទនេះ បន្ទាប់ពីសាកសួរក្រោយចាប់ខ្លួនករណីបាញ់តដៃសមត្ថកិច្ចពេលបង្ក្រាបគ្រឿងញៀនកាលពីថ្ងៃសៅរ៍។
លោកបានថ្លែងថា នគរបាលខេត្តកាលពីថ្ងៃ ៤ ឧសភា បានចុះបង្ក្រាបមុខសញ្ញាចែកចាយនិងប្រើគ្រឿងញៀននៅភូមិក្រាំងក្រចាង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ប៉ុន្តែជនសង្ស័យបានបាញ់តដៃរហូតដល់សមត្ថកិច្ចបាញ់ឡើងលើច្រើនគ្រាប់ដើម្បីគំរាមវិញរួចក៏ចរចា ទើបឃាត់ខ្លួនបានម្នាក់។
លោកថា៖ «ជនសង្ស័យយើងនឹងបញ្ជូនទៅសាលាដំបូងខេត្ដព្រឹកស្អែក (ថ្ងៃចន្ទ) យើងពិនិត្យឃើញថា ជនសង្ស័យមានសារធាតុញៀនក្នុងខ្លួន។ពេលបង្ក្រាបយើងក៏ឃើញមានតម្រុយជនសង្ស័យផ្សេងទៀតដែរ»។
លោកបានឱ្យដឹងថា នគរបាលបានប្រើពេលចរចាជាង ៣ ម៉ោងទើបចាប់ជនសង្ស័យបានម្នាក់ឈ្មោះ យឹម វណ្ណឌី អាយុ ២២ ឆ្នាំ រស់នៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ និងដកហូតបានអាវុធខ្លីម៉ាក Glock ១ ដើម ដាវ ២ និងថ្នាំញៀនមួយចំនួន។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការបង្ក្រាបករណីនេះជាបទពិសោធមួយ។
លោកថា៖ «ចាំឱ្យសមត្ថកិច្ចជំនាញនិយាយគ្នា តើទទួលបានពិសោធអីខ្លះសំខាន់យើងការពារទាំងពលរដ្ឋ ទាំងជនល្មើស និងសមត្ថកិច្ចអត់មានគ្រោះថ្នាក់ទាំងអស់គ្នា នោះយើងល្អហើយ។ យើងឃាត់ខ្លួនមុខសញ្ញាដែលបាញ់តនោះបានម្នាក់ ហើយបងប្អូនកំពុងស្រាវជ្រាវបន្ដ»។
លោក សុខ សំណាង ស្នងការនគរបាលខេត្ដតាកែវបដិសេធធ្វើអត្ថាធិប្បាយ កាលពីម្សិលមិញ ដោយបញ្ជាក់ថា៖ «ថ្ងៃអាទិត្យឱ្យគេសម្រាកខ្លះផងលោកអើយ»៕