កំពង់ចាម៖ សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ចាម​បាន​បញ្ជូន​ជនសង្ស័យ ៥ នាក់ ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី ៩ ខែ​ឧសភា​នេះ ក្នុង​នោះ​មាន ៣ នាក់ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស និង ២ នាក់ ពាក់ព័ន្ធ​ករណី​ទទួល​ផល​ចោរកម្ម។

លោក​ឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ចាម​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី ៩ ខែ​ឧសភា​នេះ សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​អស់ ៥ នាក់​ ទៅ​តុលាការ​ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់​ពី​បាន​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី ៦ និង​ថ្ងៃទី ៧ ខែ​ឧសភា។

លោក​បាន​ថ្លែង​ថា៖ «នីតិវិធី​យើង​បាន​បញ្ជូន​ទៅ​ដល់​តុលាការ​រសៀល​ថ្ងៃ​នេះ​ហើយ ទាំង​អ្នក​ទទួល​ផល​ចោរកម្ម ទាំង​អ្នក​លួច​មាន​ស្ថាន​ទម្ងន់​ទោស រឿង​អង្គហេតុ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​នេះ គឺ​ជនសង្ស័យ​បម្រុង​កាច់​ក​ម៉ូតូ​ទេ ប៉ុន្តែ​ដោយ​ម្ចាស់​ទាន់ អីចឹង​ទៅ​វា​ទាញ​កាំភ្លើង​បាញ់​បណ្តោយ អីចឹង​បាន​យើង​យក​ទាំង​វត្ថុតាង​ដែល​កាច់​ក​ម៉ូតូ​ហ្នឹង​មក»។

លោក​ថា ជន​សង្ស័យ​ចំនួន ៣ នាក់​ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ភូមិ​វាលស្បូវ ឃុំ​អម្ពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ អ្នក​ទាំង​នោះ ទី១ ឈ្មោះ ឡាំ ឆុន ហៅ ឈុន វីរៈ ហៅ ឡុង សម្បត្តិ ហៅ ឡុង ធា អាយុ ៤៥ ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ មាន​លំនៅ​ក្នុង​ភូមិ​ក្រាំងដូង ឃុំ​សំរោង ស្រុក​បន្ទាយមាស ខេត្ត​កំពត,ទី២ ឈ្មោះ ដេត សុផល អាយុ ៤៣ ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិ​អម្ពិលតាពក ឃុំ​អម្ពិលតាពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ និង​ទី៣ ឈ្មោះ ហោ ស្រីអូន ភេទស្រី អាយុ ៤៨ ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិ​វាលស្បូវ ឃុំ​អម្ពិល ស្រុក​កំពង់សៀម។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ដក​ហូត​វត្ថុ​តាង​រួមមាន ម៉ូតូ​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ចំនួន ៣ គ្រឿង (ធុនសេ ១២៥ ចំនួន ២ គ្រឿង និង​ម៉ូតូម៉ាក វីហ្សិន ចំនួន ១ គ្រឿង), ស្លាកលេខ​ម៉ូតូ​ចំនួន ១៤ សន្លឹក, អាវុធ​ខ្លី​ចំនួន ១ ដើម (ម៉ាក K59), គ្រាប់​ចំនួន ១០ គ្រាប់,សោ​កាច់​ចំនួន ២៣ គ្រាប់ និង​សម្ភារ​វត្ថុ​តាង​ពាក់ព័ន្ធ ១ ចំនួន​ទៀត។

បើ​តាម លោក ហេង វុទ្ធី ដែល​បាន​ស្រង់​សម្ដី​សារភាព​របស់​ជន​សង្ស័យ​ទាំង ៣ បាន​ឲ្យ​ដឹង​ថា កន្លង​មក​ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់ និង​លួច​ម៉ូតូ ចំនួន ១៥ លើក (ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម) ហើយ​ម៉ូតូ​ដែល​លួច​បាន គឺ​យក​ទៅ​លក់​ឲ្យ​មុខ​សញ្ញា​ទទួល​ផល​ចោរកម្ម​នៅ​រាជធានី​ភ្នំពេញ។

លោក វុទ្ធី បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​សារភាព​ពី​ឈ្មោះ ឡាំ ឆុន នៅ​ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២១ កម្លាំង​ជំនាញ​នគរបាល​ខេត្ត​កំពង់ចាម ដោយ​មាន​ការ​សហការ​ពី​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ក្រសួង​មហាផ្ទៃ​ក៏​បាន​បន្ត​ចុះ​ស្រាវជ្រាវ​ហើយ​បាន​ឃាត់​ខ្លួន​មុខ​សញ្ញា​ទទួល​ផល​ចោរកម្ម​បាន​ចំនួន ២ នាក់​ទៀត នៅ​ចំណុច​តាម​ផ្លូវ​វិមាន​ឈ្នះ ឈ្នះ ក្នុង​សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ។

ជន​សង្ស័យ​ដែល​ទទួល​ផល​ចោរកម្ម​ទាំង​ ២ នាក់​នោះ ឈ្មោះ សួន រស្មី អាយុ ២៨ ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិ​ប្រាំបីមុំ ឃុំ​ប្រាំបីមុំ ស្រុក​ទ្រាំង ខេត្ត​តាកែវ និង​ឈ្មោះ អ៊ួង សុខគា អាយុ ២៣ ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិ​ចុងបឹង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។ រីឯ​វត្ថុតាង​ដែល​ដក​ហូត​បាន​ពី​អ្នក​ទាំង​ ២ នេះ រួមមាន រថយន្ត​ចំនួន ១ គ្រឿង ម៉ាក​កាមរី​ពណ៌​ស​ពាក់​ស្លាកលេខ ២AQ-៩០៦៨ (ស្លាក​លេខ​ក្លែងក្លាយ)។

ទូរស័ព្ទ​ដៃ​ចំនួន ២ គ្រឿង និង​អត្តសញ្ញាណប័ណ្ណ​នគរបាលជាតិ (ក្លែងក្លាយ) មាន​ឈ្មោះ បូ សំបេត ឋានន្តរស័កិ្ដ អនុសេនីយ៍ឯក ឋានៈ​មន្ត្រី​អត្តលេខ ៥៧៤៤៧៕