ភ្នំពេញៈ ជនសង្ស័យ​សម្លាប់​នារី កម្មករ​រោងចក្រ​កាត់ដេរ​ដោយសារ ការប៉ុនប៉ង​រំលោភ​មិនបាន​សម្រេច​ពី​យប់​ថ្ងៃទី​ ២៨ ​មេសា ​ត្រូវ​បាន​នគរបាល​សង្កាត់​ស្ទឹងមានជ័យ​ ៣ ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ពី​ម្សិលមិញ បន្ទាប់ពី​ចាប់​ខ្លួន​បាន​ប្រមាណ​ ២០ ​នាទី​ក្រោយពី​ធ្វើ​សកម្មភាព​។

លោក​ ឯម ភារី នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ទឹងមានជ័យ​ ៣ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ វង់ ភារម្យ អាយុ​ ២៨ ​ឆ្នាំ ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ទ្រា ៤ សង្កាត់​ស្ទឹងមានជ័យ​ទី​ ៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​មុខរបរ​កម្មករ​សំណង់​។ រីឯ​នារី​រងគ្រោះ​ឈ្មោះ​ ស៊ាត ស៊ន អាយុ​ ២៨ ​ឆ្នាំ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​មាន​ប្តី​ជា​កម្មករសំណង់​នៅ​ខេត្តកំពត​ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ចារ ឃុំ​ព្រៃរំដេង ស្រុក​មេសាង ខេត្ត​ព្រៃវែង​។

លោក​ថា​៖ «​ជនសង្ស័យ​រូបនេះ​សមត្ថកិច្ច​របស់ខ្ញុំ​នៅ​សាកសួរ​បន្តទៀត ព្រោះ​ក្រោយពី​សាកសួរ​ទើប​ដឹងថា​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងទៀត​។ ប៉ុន្តែ​ពេល​សាកសួរ​ចប់​ខ្ញុំ​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​នៅ​ថ្ងៃ​នេះ​ (​ទី​ ២៩ ​មេសា​)»​។

លោក​បញ្ជាក់ថា មុន​មាន​ការភ្ញាក់ផ្អើល​អំពី​ហេតុការណ៍​ឃាតកម្ម​នេះ​នៅវេលា​ម៉ោង​ជិត​ ៥ ​ល្ងាច​ថ្ងៃទី​ ២៨ ​មេសា​មាន​ករណី​ចោរលួច​ម៉ូតូ​ ១ ​គ្រឿង​ នៅក្នុង​មូលដ្ឋាន​កើតហេតុ​ខាងលើ​។ សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្ទឹងមានជ័យ​ ៣​។ ករណីនេះ​សមត្ថកិច្ច​បាន​សាកសួរ និង​ធ្វើ​កំណត់ហេតុ​រួចរាល់​អស់ហើយ​ពាក់ព័ន្ធ​បទល្មើស​លួច​។

នាយប៉ុស្តិ៍​រូបនេះ​បន្ត​ថា លុះ​រហូត​ដល់​ម៉ោង​ប្រមាណ​ជាង​ ៨ ​យប់​ថ្ងៃ​ដដែល ស្រាប់​តែ​មាន​ការភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​ឃាតកម្ម ដោយ​នារី​រងគ្រោះ​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​អាក្រាតកាយ​ផ្នែក​ខាងក្រោម​។ ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​រាយការណ៍​ទៅ​លោក​ ម៉េង វិមានតារា អធិការនគរបាល​ខណ្ឌ​មានជ័យ ហើយ​លោក​ក៏​បាន​បញ្ជា​កម្លាំង​ចុះ​ទៅ​កន្លែងកើតហេតុ​។ ​នារី​រងគ្រោះ​មាន​ស្នាម​ចាក់​ដោយ​កាំបិត​ត្រូវ​ដើមទ្រូង ខ្នង បំពង់ក ជាច្រើន​កន្លែង និង​ស្នាម​បែកក្បាល​ពីក្រោយ​។

លោក​ ភារី​ ប្រាប់ថា ពី​កន្លែង​កើតហេតុ​ទៅ​កន្លែង​ជនសង្ស័យ​លួច​ម៉ូតូ​គឺ​មាន​ចម្ងាយ​ប្រហែល​ ៥០០ ​ម៉ែត្រ​។ ដូច្នេះ​សមត្ថកិច្ច​បាន​ដាក់ការ​សន្និដ្ឋាន​ថា ជនសង្ស័យ​ក្រោយ​សម្លាប់​នារី​រងគ្រោះ​ហើយ​ភ័យខ្លាច​គេ​ដឹង​ក៏​រត់​ចុះ​ពី​កន្លែង​កើតហេតុ ហើយ​លួច​ម៉ូតូ​ជិះ​បម្រុង​គេចខ្លួន​។

លោក​បញ្ជាក់ថា​៖ «​យើង​យក​រូបថត​ជនសង្ស័យ​លួច​ម៉ូតូ​នោះ​ឲ្យ​ប្រជាពលរដ្ឋ​មើល គេ​ថា គេ​ឃើញ​បុគ្គល​នោះ​រត់​ទាំង​ភ័យ​ពី​លើ​ផ្ទះ​មកក្រោម​»​។

ជនសង្ស័យ​សារភាព​ថា ខ្លួន​ជួល​បន្ទប់​នៅ​ជាន់ទី​ ២ រីឯ​នារី​រងគ្រោះ​ស្នាក់នៅ​បន្ទប់​ជួល​ជាន់​ទី​ ៣ ក្នុង​បរិវេណ​ផ្ទះជួល​តែ​ ១ ​ក្នុង​ភូមិ​ទ្រា​ ៤ សង្កាត់​ស្ទឹងមានជ័យ​ទី​ ៣​។ ហេតុការណ៍​នោះ​ខ្លួន​បាន​យក​កូនកាំបិត​ចិតបន្លែ​ដើរចូល​បន្ទប់​នារី​រងគ្រោះ​គំរាម​ចាប់រំលោភ តែ​នារី​រងគ្រោះ​មិន​ព្រម​។

ក្នុង​សភាព​បែប​នោះ​រូបគេ​ក៏​យក​កូនកាំបិត​ចិតបន្លែ​ចាក់​នារី​រងគ្រោះ ហើយ​យក​ជ្រុញ និង​ឆ្នាំងបាយ​វាយ​ក្បាល​ជនរងគ្រោះ​បន្ថែម​រហូត​ស្លាប់​តែម្តង​។ បន្ទាប់មក​ខ្លួន​បាន​រត់គេច​ពី​កន្លែង​កើតហេតុ​ទៅ​លួច​ម៉ូតូ​របស់​ពលរដ្ឋ​ក្បែរ​កន្លែងកើតហេតុ​ដើម្បី​ជិះ​គេចខ្លួន​តែ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​៕