បន្ទាយ​មាន​ជ័យៈ​ នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​នៅ​ថ្ងៃ​ ១៧​ មិថុនា​ នេះ​ បាន​បញ្ជូន​ជន​សង្ស័យ​​ជាតិ​ចិន​ ១​២​ នាក់​ ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​​បន្ទាយ​មាន​ជ័យ​​​មួយ​ថ្ងៃ ប​ន្ទាប់​ពី​ចាប់​ខ្លួន​នៅផ្ទះ​សំ​ណាក់​មួយ​នៅក្រុង​​ប៉ោយ​ប៉ែត​​ ​ករណី​បង្ខាំង​ជន​ជាតិ​ចិន​គ្នា​ឯង​ ៣ ​នាក់ ​ដើម្បី​ជំរិត​ទារ​ប្រាក់​​។

លោក​ ធិន ​ស៊ិន​ដេត ​​អ​ធិ​ការ​ន​គរ​បាល​ក្រុង​​ប៉ោយ​ប៉ែត​បាន​ប្រាប់​ថា​ករណី​ជន​ជាតិ​ចិន​ ១​២ ​នាក់​ ដែល​ពាក់​ព័ន្ធ​ជំរិត​ទារ​ប្រាក់​នោះ​​ត្រូវបាន​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១​៧​ មិ​ថុ​នា​។ ​ពួក​គេ​ប្រ​ព្រឹត្ត​បទ​ល្មើស​នៅ​​ភូមិ​​ក្បាល​​ស្ពាន​ ១​ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែត ​។​

​លោក​ ឡាច​ ញិប ​ប្រធាន​​ផ្នែក​នី​តិ​វិ​ធី​នៃ​ការិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រា​ប់​ភ្នំ​ពេញ​ប៉ុស្តិ៍ដែរ​ថា​ ក្រុម​ជន​សង្ស័យ​កំពុងត្រូវ​បាន​សមត្ថ​កិច្ច​ជំ​នាញ​បន្ត​នី​តិ​វិ​ធី​សាក​សួរ​មុន​នឹងបញ្ជូន​ទៅ​តុលា​ការ​។​

បើ​តាម​លោក ឡាច​ ញិប ក្រុម​ជន​សង្ស័យ​និង​ក្រុម​ជន​រង​គ្រោះជា​មនុស្ស​​ស្គាល់​គ្នា​ហើយ​ពួក​គេ​បាន​នាំ​គ្នា​ចូល​លេង​ល្បែង​ក្នុង​កា​ស៊ី​ណូ​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​។​ ប៉ុន្តែដោយក្រុមជនរងគ្រោះ​ចាញ់​អស់​​ក៏​នាំ​គ្នា​ខ្ចី​លុយ​ក្រុម​ជន​សង្ស័យ​ តែ​មិន​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន​ទេ​​។​ លុះដល់​អត់​លុយ​សង​​ក៏​ត្រូវ​ក្រុម​ជន​សង្ស័យ​​ចាប់​បង្ខាំង​ដោយបង្ខំ​ឲ្យទូរស័ព្ទ​ទៅ​ម្តាយ​​ឪពុក​របស់​ពួក​គេ​ ដើម្បីផ្ញើ​​លុយ​ពី​ប្រ​ទេស​ចិន​មក​សង​។ ប៉ុន្តែ​ត្រូវ​បាន​ឪពុក​ម្ដាយ​ជនរ​ងគ្រោះ

​ប្តឹង​មក​ស្ថាន​ទូត​ចិន​ប្រ​ចាំ​​កម្ពុជា​ទើប​សហ​ការ​គ្នា​ជា​មួយ​សមត្ថ​កិច្ច​កម្ពុជា​ចាប់​ខ្លួន​​បាន​តែ​ម្តង​ ៕