កណ្ដាលៈ ​នគរបាល​ខេត្ត​កណ្តាល​កាល​ពី​ម្សិលមិញ​បាន​បញ្ជូន​ជន​សង្ស័យ​ដែល​គេ​អះអាង​ថា​ បែក​ថ្នាំ​ម្នាក់ ទៅ​សាលា​ដំបូង​ខេត្ត​ ​បន្ទាប់​ពី​ឃាត់​ខ្លួន​ករណី​ចាប់​ក្មួយ​ប្រុស​បង្កើត​វ័យ ៣ ឆ្នាំ​ម្នាក់ ​គ្រវែង​ពី​លើ​អង្រឹង​បោក​​នឹង​ដី​ភក់​ ប្រព្រឹត្ត​នៅ​ក្នុង​​ភូមិ​-​ឃុំ​ សៀមរាប ​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃទី ១២​ ខែ សីហា​។

លោក ​ឡាក់​ ម៉េងធី​ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល ប្រាប់​កាល​ពី​ម្សិលមិញ​ថា​ ជន​សង្ស័យ ​ឈ្មោះ ​រិ រ៉ាត់​ អាយុ ​២៧ ​ឆ្នាំ​ ដែល​ពាក់ព័ន្ធ​​ការ​ប្រព្រឹត្ត​អំពើ​​ហិង្សា​លើ​ក្មេង​នោះ​ គឺ​ខាង​សមត្ថកិច្ច​របស់​លោក​បាន​បញ្ជូន​បន្ត​ទៅ​​សាលា​ដំបូង​ខេត្ត​កណ្តាល​រួច​ហើយ​នៅ​រសៀល​ថ្ងៃទី ១៣ សីហា។ ​ចំពោះ​កំណត់ហេតុ​បញ្ជូន​នោះ គឺ​ជា​បទ​ល្មើស​ហិង្សា​ដោយ​ចេតនា តែ​ត្រង់​ថា​តុលាការ​សម្រេច​ចោទ​ប្រកាន់​យ៉ាង​ណា​ទៀត​នោះ ​គឺ​អាស្រ័យ​លើ​តុលាការ​។​

លោក​បាន​ប្រាប់​ថា​​៖​ «បើ​តាម​របាយការណ៍​របស់​អធិការ​នគរបាល​ស្រុក​កណ្តាល​ស្ទឹង ​និង​តាម​ចម្លើយ​របស់​ជន​សង្ស័យ​ម្នាក់​នេះ​បង្ហាញ​ថា​ គាត់​ជា​មនុស្ស​ញៀន​ថ្នាំ​ហើយ​បែក​ថ្នាំ​ផង​» ។

ទោះ​យ៉ាង​ណា ​បើ​តាម​លោក​ ម៉ែន ​ច័ន្ទរិទ្ធ ​អធិការ​នគរបាល​ស្រុក​កណ្តាល​ស្ទឹង ​​ប្រាប់​តាម​សម្តី​​ក្រុម​គ្រួសារ​ក្មេង​រងគ្រោះ​ និង​ពី​ម្តាយ​ឪពុក​របស់​ជន​សង្ស័យ​​ពី​ម្សិលមិញ​ថា​ រឿង​នេះ​បាន​កើត​ឡើង​នៅ​​រសៀល​ថ្ងៃទី ​១២ ​សីហា​ ​នៅ​ភូមិ​-​ឃុំ​ខាង​លើ​។ ​ចំណែក​ផ្ទះ​​ជន​សង្ស័យ​ និង​ផ្ទះ​ក្មេង​រងគ្រោះ​​នៅ​ក្បែរ​​គ្នា​ហើយ​ត្រូវ​ជា​ក្មួយ​ និង​ពូ​​បង្កើត​។

លោក​​បន្ត​ថា ​មុន​កើត​ហេតុ​ ម្តាយ​ក្មេង​រងគ្រោះ​​បាន​យក​កូន​ប្រុស​​របស់​គាត់​ឲ្យ​ដេក​ក្នុង​អង្រឹង​ក្រោម​ផ្ទះ​​។ ​ខណៈ​​ក្មេង​រងគ្រោះ​​កំពុង​ដេក ​ស្រាប់​តែ​ជន​សង្ស័យ​​ដើរ​មក​ចាប់​ក្មេង​រងគ្រោះ​​ចេញ​ពី​អង្រឹង​​ ហើយ​គ្រវែង​ទៅ​​នឹង​ដី​ប្រឡាយ​​នៅ​ក្បែរ​ផ្ទះ ​បណ្តាល​ឲ្យ​ក្បាល​ក្មេង​រងគ្រោះ​បោក​ទៅ​នឹង​ដី​។ ​ភ្លាមៗ​នោះ​ក្រុម​​គ្រួសារ​ក្មេង​ប្រុស​រងគ្រោះ​បាន​ប្តឹង​ទៅ​​ប៉ុស្តិ៍​នគរបាល​​ឃុំ​សៀមរាប​ ឲ្យ​ចាប់​ខ្លួន​ជន​សង្ស័យ​​ ខណៈ​ក្មេង​រងគ្រោះ​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ប៉ុន្តែ​ក្រោយ​ពិនិត្យ​គ្រូពេទ្យ​​​ប្រាប់​ថា ​ផ្នែក​ក្បាល​របស់​ក្មេង​រងគ្រោះ​មិន​មាន​ប៉ះពាល់​អ្វី​ខ្លាំង​រហូត​​​គ្រោះ​ថ្នាក់​ដល់​ជីវិត ​ឬ​ដែល​នាំ​ឲ្យ​ក្មេង​​ពិការ​នោះ​ទេ​។

លោក​អធិការ​បាន​បញ្ជាក់​ថា​ បើ​តាម​ឪពុក​ម្តាយ​របស់​ជន​សង្ស័យ​ប្រាប់​​ថា គាត់​ជា​មនុស្ស​ញៀន​ថ្នាំ តែ​ពួក​គាត់​​មិន​ឲ្យ​សមត្ថកិច្ច​យក​កូន​​ ​(ជន​សង្ស័យ) ​ទៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ទេ​ ព្រោះ​ថា បើ​កូន​របស់​គាត់​នៅ​​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ប្រាកដ​ជា​មិន​កែ​​ខ្លួន​ទេ​ ហើយ​អាច​ញៀន​ថ្នាំ​ញៀន​ទៀត។​ ដូច្នេះ​ មាន​តែ​ឲ្យ​សមត្ថកិច្ច​ធ្វើ​ទៅ​តាម​ច្បាប់​សិន​ចុះ​។

លោក​ថា​​៖​ ​«​ជន​ម្នាក់​​នេះ​​អាច​ញៀន​ថ្នាំ​ខ្លាំង​ហើយ​បែក​ថ្នាំ​ផង​ ​ទើប​បាន​ជា​ប្រព្រឹត្ត​ទៅ​លើ​ក្មួយ​របស់​ខ្លួន​បែប​នេះ ហើយ​ខាង​សមត្ថកិច្ច​របស់​ខ្ញុំ​ក៏​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ទៅ​»​។

ទោះ​យ៉ាង​ណា​ បើ​តាម​លោក ​ឡាយ ​ទូច​ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ ​សៀមរាប ​បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​ដែរ​ថា ចំពោះ​ក្មេង​រងគ្រោះ ​ត្រូវ​បាន​ឪពុក​ម្តាយ​នាំ​យក​មក​ផ្ទះ​វិញ​ហើយ​ក្រោយ​ពី​គ្រូ​ពេទ្យ​ថា​ មិន​ប៉ះពាល់​ដល់​អាយុ​ជីវិត​៕