បាត់​ដំបងៈ​ ​បុរស​ជា​ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​នគរ​បាល​ខេត្ត​បាត់​ដំបង ​បញ្ជូន​ទៅ​​សា​លា​ដំបូង​ខេត្ត​ នៅថ្ងៃ​ទី ៥ ឧសភានេះ បន្ទាប់​ពី​ចាប់​ខ្លួន​បាន ​​១ ថ្ងៃ​ ជា​មួយ​នឹង​កាំភ្លើង​ខ្យល់​ ៤ ដើម ​ដាវ​សាមូ​រ៉ៃ​ចំនួន ​១ ​និង​ គ្រឿង​ញៀន​ប្រភេទ​មេតំ​ហ្វេតា​មីន​​ ចំនួន​​ ១​៦ ​ថង់​តូច នៅ​ភូមិ​ពពាល​ខែ​ ឃុំ​អូរ​តា​គី ស្រុក​ថ្ម​គោល ​ខេត្ត​បាត់​ដំបង​។

លោក​ឧត្តម​សេនី​យ៍​ត្រី​ កុយ ​​ហៀង​ ស្នង​ការ​នគរ​បាល​ខេត្ត​បាត់​ដំបង ​ទទួល​ផែន​ប្រ​ឆាំងគ្រឿង​ញៀន​ប្រាប់​ នៅ​ថ្ងៃ​នេះ ​ថា​ ជន​សង្ស័យ​ឈ្មោះ សុ​ង​ គឹម​សឿត​ អាយុ ​៣០​ ឆ្នាំ​ ត្រូវ​សមត្ថ​កិច្ច​ជំនាញ​​របស់​លោក​បញ្ជូន​ទៅ​សា​លា​ដំបូង​ខេត្ត​បាត់​ដំប​ង ​នៅ​ថ្ងៃ​នេះ​ (ថ្ងៃ​ទី ​៥ ​ឧសភា) ​ដើម្បី​ចាត់​ការ​តាម​ច្បាប់​។​ ក្រៅ​ពី​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​ញៀន​ ជន​សង្ស័យ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​មួយ​ទៀត ​គឺ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​។

លោក​ថ្លែង​ថា៖ ​«ជន​នោះ​​គាត់​ជាប់​ពាក់​ព័ន្ធ​បទ​ល្មើស ​២ ​ហើយ​គាត់​នឹ​ង​ត្រូវ​តុលា​ការ​សា​កសួរ​​បន្ត​ទៀត​មុន​ធ្វើការ​ចោទ​ប្រកាន់​»​។​

លោក​ កុយ​ហៀង ​បាន​បញ្ជាក់​ថា​ ដោយ​សារ​ជន​សង្ស័យ​ជា​មុខ​សញ្ញា​ល្មើស​ សមត្ថកិ​ច្ច​ជំនាញ​បានបើក​ការ​ស៊ើប​អង្កេត​ហើយ​ក៏​ដឹង​ថា​ ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន ​ទើប​ប្រតិ​បត្តិការ​​ចាប់​ខ្លួន​ជាក់​ស្តែង​តែម្ត​ង។​​ រី​ឯវ​ត្ថុតា​ងដែល​ដកហូត​បាន​មាន​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិក​១៦​ថង់​តូច​សង្ស័យ​ជា​ប្រភេទ​មេតំ​ហ្វេតា​មីន​​ម៉ាទឹក​កក ​ICE​, កាំ​ភ្លើង​វែង​ប្រើ​ខ្យល់ ​ចំនួន​ ៤ ដើម​,ជញ្ជីង​​ថ្លឹង​គ្រឿង​ញៀន ​១ ​គ្រឿង​, ដាវ​សាមូរ៉ៃចំ​​នួន ១​, ដប​សម្រាប់​ជក់​គ្រឿង​ញៀន ​១​ និង​ ទុយោ​ជ័រ​ ចំនួន​ ២ ដុំ​រួម​នឹង​ថង់​ប្លា​ស្ទិក​សម្រាប់​ច្រក​រំលែក​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។

លោក​បាន​បន្ត​ថា ​នៅ​ចំពោះ​​មុខ​សមត្ថ​កិច្ច​ ជន​សង្ស័យ​បាន​ឆ្លើយ​ថា​​ កាំភ្លើង​ទាំង ​៤​ ដើម​​នោះ​រូបគេ​មិន​បាន​យកទៅ​ប្រើ​សម្លាប់​មនុស្ស​ ឬ​ ក៏​ប្រើ​ក្នុង​ផ្លូវ​អា​ក្រក់​ទេ​ តែគេ​ប្រើសម្រាប់​បាញ់​មាន់​និង​បាញ់​សត្វ​កណ្តុរ។​ ឯ​ចំពោះ​កាំបិត​និង​ដាវ​វិញ​គេ​ថា ​ទុក​ការ​ពារ​ខ្លួន​មិន​មែន​យក​ទៅ​គំរាម​​នរ​ណា​ទេ។ ​ក៏ប៉ុន្តែតា​មរ​យៈឧ​បករ​ណ៍ល្មើ​សបែប​នេះ​​គេ​អាច​វាយ​តម្លៃ​ពី​អត្តច​រិតគា​ត់បា​នថា ​យ៉ាង​ម៉េច​ហើយ​។​

លោក​ថា​៖ «ជន​ល្មើស​​មិន​បាន​ឆ្លើយ​ប្រាប់​យើង​ត្រង់​​ទេ​គេ​ឆ្លើយ​ ដើម្បី​ការ​ពារ​ខ្លួន​តែ​ប៉ុណ្ណោះ​​ហើយ​បើ​មិន​មែន​​ជា​មនុស្ស​អាក្រក់​ជន​សង្ស័យ​ក៏​មិន​ទុក​វត្ថុ​បទ​ល្មើស​ទាំង​នេះទេ​​»​។

លោក​បាន​បន្ត​ថា ​ធម្មតា​​មនុស្ស​​ល្អ​គឺ​មិន​ដែល​ទុក​អាវុធ​ខុស​ច្បាប់​​ជាប់​នឹង​ខ្លួន​ទេ ​ហើយ​នេះ​គេ​មាន​អាវុធ​ល្មើស​គ្រប់​ប្រ​ភេទ​។​ដូច្នេះ​ជន​ម្នាក់​នេះ​នឹង​ជាប់​បទ​ល្មើស​មួយ​ករណី​ទៀត​ដែល​មិន​ត្រឹម​តែ​ករណី​គ្រឿង​ញៀន​ទេ​។​

បើ​តាម​លោក​ កុយ ​​ហៀង ថ្វី​បើ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​តែ​ម្នាក់​ក្ដី ​ប៉ុន្តែ​បើ​គ្មាន​បក្ខ​ពួក​​ទេ​ក៏​គេ​មិន​អាច​លក់​គ្រឿង​ញៀន​ឲ្យ​នរណា​បាន​ដែរ​ផ្ទុយ​ទៅ​វិញ​ជន​នេះ​ពិត​​ជា​មាន​បក្ខ​ពួ​កទៀត​។ សមត្ថ​កិច្ច​មិន​បញ្ចប់​ត្រឹម​ហ្នឹង​ទេកា​លណាសួ​រ​ជន​សង្ស័យ​រួចនឹ​ង​បន្ត​ស៊ើប​អង្កេត​បន្ថែម​ទៀត​៕