បាត់ដំបងៈ សមត្ថកិច្ចខេត្តបាត់ដំបង នៅថ្ងៃទី ១៩ ខែមេសានេះ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ក្រោយពេលឃាត់ខ្លួនពីរឿងប៉ុនប៉ងរំលោភក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ ក្បែរព្រះវិហារ វត្តចក្រី ស្ថិតក្នុងភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រព្រឹត្តកាលពីថ្ងៃទី ១៧ ខែមេសា។
លោក សារ៉េត វិសេដ្ឋ អធិការរងស្រុកភ្នំព្រឹក បានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ មាន ខុនឌី អាយុ ៤៣ ឆ្នាំ មានលំនៅក្នុងភូមិ ទួលខ្វាវ ឃុំ បារាំងធ្លាក់ ស្រុកភ្នំព្រឹក ដែលនៅឆ្ងាយពីផ្ទះជនរងគ្រោះ។ ជនសង្ស័យបានប៉ុនប៉ងរំលោភក្មេងស្រីអាយុ ៩ ឆ្នាំ ដែលមានជីវភាពក្រីក្រចំនួន២ដងដោយការឲ្យប្រាក់និងគំរាមកំហែងកុំឲ្យប្រាប់អ្នកដទៃ។
លោកថា លើកទី១គឺនៅមុនពេលចូលឆ្នាំថ្មី ប៉ុន្តែ មិនបានសម្រេច ដោយសារមានក្មេងៗច្រើននៅក្បែរនោះ។ ចំណែកលើកទី ២ គឺនៅក្នុងបរិវេណវត្តចក្រីខាងត្បូង ព្រះវិហារ កាលពីថ្ងៃទី ១៧ មេសា។
លោក វិសេដ្ឋ បានបញ្ជាក់ថា៖ «វាប្រព្រឹត្តម៉ោងប្រហែល ១២ ថ្ងៃត្រង់ ខាងត្បូងវត្តមានព្រៃចេកស្ងាត់។ វាល្បួងក្មេងស្រីថា ឲ្យលុយមួយម៉ឺន ហើយក្មេងទៅតាម តែពេលធ្វើសកម្មភាព ម៉ែឪទៅទាន់ទៅ វារត់ ហើយយើងទទួលបានព័ត៌មាន យើងស្គាល់ យើងតាមចាប់។ ឃាត់ខ្លួនបានថ្ងៃដដែលពេលវាជិះម៉ូតរត់តាមផ្លូវ។ វាឃើញយើងវាជិះម៉ូតូ ផ្តួលម៉ូតូដួលបែកមុខមាត់រត់ចោល ហើយយើងចាប់បានប្រហែល ២ ម៉ោង»។
លោក កុយ ហៀង ស្នងការរងខេត្ត បាត់ដំបង ទទួលបន្ទុកផ្នែកបទល្មើសក៏បានថ្លែងដែរថា កាលពីលើកទីលើកទី ១ ជនសង្ស័យបានឲ្យលុយក្មេងស្រីរងគ្រោះ ២៥០០ រៀល ហើយលើកទី ២ នេះបានឲ្យចំនួន ១ ម៉ឺនរៀល។
លោកបានបន្ថែមថា៖ «ជនរងគ្រោះរ៉ាយរ៉ាប់ថា តាហ្នឹងបបួលទៅអីចឹងឲ្យ ២ ៥០០ រៀល ហើយលើកទី ២ ឲ្យ ១ ម៉ឺន តែម៉ែឪទៅទាន់ ជនសង្ស័យស្លៀកខោឡើងម៉ូតូជិះរត់»។
លោកបន្ថែមថា កុមាររងគ្រោះមិនបានប្រាប់ម្តាយទេកាលពីប៉ុនប៉ងលើកទី ១ ដោយសារជនសង្ស័យគំរាម។
បើតាម លោក កុយ ហៀង បុរសរូបនេះត្រូវបានចោទពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» តាមមាត្រា ២៧ និង ២៣៩ នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែការសម្រេចចោទប្រកាន់បន្ថែម ស្ថិតនៅលើតុលាការ។ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ៕