ភ្នំពេញៈ បុរស​ម្នាក់​ត្រូវបាន​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ការលួចលាក់ និង​ជួញដូរ​គ្រឿងញៀន​ជាង​ ៧ ​គីឡូក្រាម បន្ទាប់ពី​សមត្ថកិច្ច​បង្ក្រាប​នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១ វិច្ឆិកា ខណៈ​ជនសង្ស័យ​កំពុង​ចែកចាយ​។

លោក​ ឡឹក វណ្ណៈ នាយក​មន្ទីរប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ថ្លែង​ពី​ម្សិលមិញ​ថា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បន្ទាប់ពី​បញ្ចប់​ការសាកសួរ​បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ​ ជា ចាន់ដារ៉ា ភេទ​ប្រុស អាយុ​ ៣៥ ​ឆ្នាំ ជនជាតិខ្មែរ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៣ ខែវិច្ឆិកា ដើម្បីឱ្យ​តុលាការ​ចាត់ចែង​តាម​នីតិវិធី​បន្ត​តាមច្បាប់​។

លោក​ថា ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​រួមទាំង​គ្រឿងញៀន​ប្រភេទ​ម៉េតំហ្វេតាមីន​ (ICE) ​ជាង​ ៧ ​គីឡូក្រាម ខណៈ​បុរស​រូបនេះ​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​តាមផ្លូវ ដើម្បី​ចែកចាយ​ឱ្យ​បក្ខពួក​របស់ខ្លួន​។ សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្ខពួក​បន្ថែម​ទៀត​។

លោក​ វណ្ណៈ ​បញ្ជាក់​ថា​៖ «​តាម​នីតិវិធី​របស់​យើង គឺ​នៅ​បន្ត​តាមដាន និង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​បន្ថែម​ទៀត ប៉ុន្ដែ​ខ្ញុំ​មិនទាន់​អាច​បង្ហាញ​លទ្ធផល​នៅពេល​នេះ​បានទេ​ដោយ​រង់ចាំ​ការបង្ក្រាប​ជោគជ័យ​សិន​។ ធម្មតា​ករណី​ជួញដូរ​គ្រឿងញៀន គាត់​មិនអាច​ធ្វើ​ម្នាក់ឯង​បាន​ទេ​គឺ​ត្រូវតែ​មាន​បក្ខពួក​ទៀត អ៊ីចឹង​បក្ខពួក​គាត់​ក៏​មិន​រួចខ្លួន​ពី​ច្បាប់​ដែរ​»​។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ គុជ គឹមឡុង ពី​ម្សិលមិញ​បញ្ជាក់ថា​៖ «​យើង​បាន​ទទួល​សំណុំរឿង​ហ្នឹង​ពី​សមត្ថកិច្ច​ហើយ​។ លោក​សាយ ណូរ៉ា​ [​ព្រះរាជអាជ្ញារង​] ​កំពុង​ធ្វើការ​សាកសួរ ប៉ុន្ដែ​បើ​មាន​អ្វី​ប្រែប្រួល​ខ្ញុំ​នឹង​ជម្រាប​ជូន​នាពេល​ក្រោយ​ទៀត​»​។

លោក​ ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ​ឱ្យដឹងពី​ម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​លោក​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះដែរ​។ លោក​បញ្ជាក់ថា​៖ «​កម្លាំង​ពួកខ្ញុំ ដឹកនាំ​ដោយ​លោក​អធិការរង​ទទួលបន្ទុក​គ្រឿងញៀន សហការ​ជាមួយ​មន្ត្រី​ជំនាញ​ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បង្ក្រាប​ករណី​នេះ ប៉ុន្ដែ​របាយការណ៍ និង​សំណុំរឿង ខ្ញុំ​អត់​សូវ​ដឹង​ច្បាស់​ទេ សួរ​ទៅ​មន្ត្រី​ជំនាញ​យើង ទើប​ដឹង​ករណី​នេះ​ច្បាស់​»​។

តាម​របាយការណ៍​របស់​មន្ទីរប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ឱ្យ​ដឹងពី​ម្សិលមិញ​ថា ដោយ​អនុវត្ត​តាម​បញ្ជា​លោកនាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ (​ក​ ១១) ​ដឹកនាំ​ដោយ​លោក​ ជាវ តុលា នាយករង​មន្ទីរ និង​លោក​ សេង ឃុនណាង នាយការិយាល័យ ព្រមទាំង​មាន​ការសម្របសម្រួល​ពី​លោក​ សាយ ណូរ៉ា ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ស៊ើបអង្កេត និង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​នៅ​ទីតាំង​ខាង​លើ​នេះ​។

បើតាម​របាយការណ៍​ដដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ជា ចាន់ដារ៉ា ភេទ​ប្រុស អាយុ​ ៣៥ ​ឆ្នាំ ជនជាតិ​ខ្មែរ​។ ក្នុងនោះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន សារធាតុញៀន​ប្រភេទ​ម៉េតំហ្វេតាមីន​ (ICE) ទម្ងន់​ ៧,៦២២ ​គីឡូក្រាម និង​សម្ភារ​មួយ​ចំនួន​ទៀត​។ បន្ទាប់មក​ជនសង្ស័យ និង​វត្ថុតាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕