ភ្នំពេញៈ ​នគរបាល​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​បាន​កសាង​​សំណុំ​រឿង​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ បន្ទាប់ពី​តាម​ចាប់ខ្លួន​បាន​នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ ១ ខណ្ឌមានជ័យ ជា​ភូមិសាស្ត្រ​ដែល​ជននេះ​បាន​យក​ដង​ពូថៅ​ញាត់​មាត់​ប្រពន្ធ​បណ្ដាល​ឲ្យ​ស្ទះខ្យល់​ស្លាប់​។

ពាក់ព័ន្ធ​ការបញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នេះ​លោក ម៉េង វិមានតារា អធិការនគរបាល​ខណ្ឌ​មានជ័យ​មិនអាច​សុំ​បញ្ជាក់​បាន​ទេ​ពី​ម្សិលមិញ ដោយសារ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

ក៏ប៉ុន្តែ​លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ ១ ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​នោះ​ឈ្មោះ​ កែវ វណ្ណៈ អាយុ​ ២២ ​ឆ្នាំ​ ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៥ ​កក្កដា​ នេះហើយ បន្ទាប់ពី​បញ្ចប់​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ក្រោយ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១៣ កក្កដា​។

លោក​ថ្លែងថា​៖ «​របាយការណ៍​នៃ​សំណុំ​រឿងនេះ​បាន​សុំ​ឆ្លងទៅ​ផែន​កណ្តាល​យុត្តិធម៌​នៅ​ថ្ងៃ​នេះ​ (​ថ្ងៃទី​ ១៤ ខែ​កក្កដា​) ហើយ ហើយ​មនុស្ស​ក៏​យក​ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក​ដែរ​»​។

លោក​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​ ១១ ខែ​កក្កដា ពលរដ្ឋ​បាន​​ប្រទះ​ឃើញ​ស្ត្រី​រងគ្រោះ​ដេកស្លាប់​ទាំង​អាក្រាត​ក្នុង​ខ្ទម​បាក់បែក​ក្នុង​ដីឡូត៍​ ១ ​កន្លែង​នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ ១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ដោយ​សព​មាន​ដង​ពូថៅ​ញាត់​ចូល​ជ្រៅ​ក្នុង​មាត់​ផង​។

លោក​ថា បន្ទាប់ពី​ដឹង​ព័ត៌មាន​​ពី​ពលរដ្ឋ​ភ្លាម លោក​បាន​រាយការណ៍​ទៅ​លោក​អធិការ​នគរបាល​ខណ្ឌ​មានជ័យ​។ ​បន្ទាប់មក​សមត្ថកិច្ច​ក៏​ស្រាវជ្រាវ​ចាប់​បាន​ជនសង្ស័យ​នៅ​ភូមិ-សង្កាត់​កើតហេតុ​តែម្ដង​។

លោក​បន្តថា ជនសង្ស័យ​បាន​ប្រាប់ថា គាត់​បាន​យក​គ្នា​ជា​ប្តី-ប្រពន្ធ​ ៥ ​ខែ​មកហើយ ដោយ​មាន​របរ​រើស​អេតចាយ រីឯ​ប្រពន្ធ​គាត់​មាន​ផ្ទៃពោះ​ ៥ ​ខែ​ហើយ​ដែរ​។

លោក សាវឿន ប្រាប់​តាម​សម្តី​ជនសង្ស័យ​ទៀតថា ប្រពន្ធ​របស់​គាត់​មាន​ជំងឺ​តេតាណូស​ហើយ​ចេះ​តែ​ប្រកាច់​។ លុះ​នៅ​យប់​កើតហេតុ​ប្រពន្ធ​គាត់​ប្រកាច់ និង​រឹងថ្គាម ពេលនោះ​គាត់​ក៏​បាន​យក​ដង​ពូថៅ​ទៅ​ញាត់​មាត់​​ប្រពន្ធ​ធ្វើឲ្យ​ស្លាប់​រួច​រត់គេចខ្លួន​។ ករណី​នេះ​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ​បាន​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ស្ត្រី​រងគ្រោះ​បាន​ស្លាប់​ដោយ​ថប់ដង្ហើម​។ ដូច្នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​ពិតប្រាកដ​៕