ភ្នំពេញៈ នគរបាល​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​បុរស​វៀតណាម​ម្នាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​ពាក់ព័ន្ធ​សារធាតុ​ញៀន​ជាង​ ៣១ ​គីឡូក្រាម​ ក្រោយ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១៥ ​មិថុនា​នៅ​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ​។ ឯ​មនុស្ស​ ៦ ​នាក់ និង​គ្រឿងញៀន​ ៣១ ​គីឡូ​ផ្សេងទៀត​ក៏​ត្រូវ​បាន​ចាប់​នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​ ១៣ ​មិថុនា ដែល​ជន​សង្ស័យ​ថា គ្រឿងញៀន​នោះ​នាំ​ពី​ប្រទេស​កម្ពុជា​។

លោក​ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ប្រាប់​ពី​ម្សិលមិញ​ថា បុរស​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ NGUYEN NGOC QUI ត្រូវបាន​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​ពាក់ព័ន្ធ​សារធាតុ​គ្រឿងញៀន​ជាង​ ៣១ ​គីឡូក្រាម​។

លោក​បន្តថា ជនសង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់នេះ​ខាង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​មិនទាន់​កំណត់​ថា​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ទម្ងន់​ ៣១ ​គីឡូក្រាម ​ដែល​ខាង​អាជ្ញាធរ​វៀតណាម​ចាប់បាន​កាលពី​ថ្មីៗ​នេះ​ឬ​យ៉ាងណា​ទេ​។

លោក​ថា​៖ «​បទល្មើស​គ្រឿងញៀន​នេះ នៅ​ប្រទេស​វៀតណាម​ គេ​បាន​ចាប់​ជនសង្ស័យ និង​គ្រឿងញៀន​ចំនួន​ ៣១ ​គីឡូក្រាម​ដែរ​។ ប៉ុន្តែ​យើង​មិនទាន់​កំណត់​ថា​ជា​បក្ខពួក​តែមួយ​ឬ​យ៉ាងណាទេ​តែ​យើង​កំពុង​ផ្ទៀងផ្ទាត់​រឿងនេះ​»​។

លោក​បន្តថា កាលពី​ថ្ងៃទី​ ១៥ ​មិថុនា​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ (​ក១០) ​ដឹកនាំ​ចុះ​ប្រតិបត្តិការ​ដោយ​លោក​ សារី បុត្រសត្យា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍ឯក យឹម សែនឧត្តម ដែល​ជា​នាយករង​មន្ទីរ​ដែរ ដោយ​មាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​លោក​ គុជ គឹមឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី​នៅ​ផ្ទះ​លេខ​ ៥៧E1 ផ្លូវ​ព្រះស៊ីសុវត្ថិ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

លោក​ថា ប្រតិបត្ដិការ​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ NGUYEN NGOC QUI ​ភេទ​ប្រុស ជនជាតិ​វៀតណាម និង​រឹបអូស​វត្ថុតាង​ជា​សារធាតុ​ញៀន​ទម្ងន់​ ៣១,៧០៥.០៦ ​ក្រាម​រួមមាន កេតាមីនរាវ Ketamine ៣០០០ ​ដប ទម្ងន់​ ៣១,៦៥០ ​ក្រាម កេតាមីន​ Ketamine ​ម្សៅ​ក្រាម​ ១ ​ថង់​ទម្ងន់​ ៤,៤៨ ​ក្រាម អ៊ិចស្តាស៊ី​ MDMA ​ទម្ងន់​ ៣៣,២៨ ​ក្រាម មេតំហ្វេតាមីន ​ICE ​ទម្ងន់​ ៤,០៩ ​ក្រាម មេតំហ្វេតាមីន​គ្រាប់​ទម្ងន់​ ១៣,២១ ​ក្រាម រថយន្ត​ ១ ​គ្រឿង និង​ទូរស័ព្ទដៃ ១ ​គ្រឿង​៕