កំពង់ស្ពឺៈ ​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពុង​រៀបចំ​បញ្ជូន​បុរស​ជា​ជនសង្ស័យ​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​នៅថ្ងៃនេះ​ បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ២៧ កក្កដា ពាក់ព័ន្ធ​ករណី​សម្លាប់​ម្ចាស់​បំណុល​រួច​យក​ទៅ​ចងក​នៅ​ដើមឈើ ដោយសារ​ជំពាក់​លុយ​ ១២ ០០០ ​ដុល្លារ ប្រព្រឹត្ត​នៅ​ភូមិ​អន្លង់​ស្នោ ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​។

លោក សម សាក់ ស្នងការរង​នគរបាល​ខេត្ត​កំពង់ស្ពឺ​ទទួល​ផែនព្រហ្មទណ្ឌ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ក្នុង​រឿងនេះ​ឈ្មោះ ខូវ លីហាក់ អាយុ​ ២៨ ​ឆ្នាំ​ រស់នៅ​ភូមិ​ត្រស់សាលា សង្កាត់​ស្វាយក្រវាន់ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។ ​ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ជុំ ចន្ធូ អាយុ​ ២៤ ​ឆ្នាំ​រស់នៅ​ភូមិ​ថ្លុកឈើទាល សង្កាត់​សុព័រទេព ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។

លោក​បន្ត​ថា ជា​នីតិវិធី​ក្រោយពី​ចាប់ខ្លួន​ ២៤ ​ម៉ោង​ គឺ​ត្រូវបញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដែល​ផុត​​កំណត់​ត្រឹម​ថ្ងៃទី​ ២៩ កក្កដា​។

ប៉ុន្តែ​ដោយសារ​សំណុំ​រឿងនេះ​​ស្មុគស្មាញ​ច្រើន សមត្ថកិច្ច​លោក​ក៏​បាន​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​បន្ត​រក្សា​ទុក​ជនសង្ស័យ​ ១ ​ថ្ងៃ​ទៀត​ ដើម្បី​បញ្ចប់​សំណុំរឿង​។

លោក សម សាក់ ប្រាប់ថា​៖ «​រឿង​វា​មាន​ការស្មុគស្មាញ​ច្រើន​​ពេក ដូច្នេះ​ខ្ញុំ​នៅ​បូក​សរុប​របាយការណ៍​បញ្ចប់​សិន តែ​ថ្ងៃស្អែក​ទី​ ៣០ កក្កដា គឺ​ខាង​ខ្ញុំ​បញ្ជូន​ជននោះ​ទៅ​តុលាការ​ហើយ​»​។

លោក សម សាក់ រៀបរាប់​តាម​សម្តី​អ្នកភូមិ​ថា មុន​មាន​ព័ត៌មាន​ពី​ឃាតកម្ម​នេះ​គឺ​បុរស​អ្នកភូមិ​អន្លង់ស្នោ​ម្នាក់​ឈ្មោះ កែវ ហ៊ីង អាយុ​ ៥៤ ​ឆ្នាំ​ បាន​បាត់គោ​ ១ ​ក្បាល ហើយ​គាត់​បាន​ដើររក​នៅ​តាម​ព្រៃរបោះ​ក្បែរ​ជើងភ្នំ​ក្នុងភូមិ​។ ​ពេល​នោះ​គាត់​ក៏​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ចងក​នៅ​ចំណុច​ភ្នំ​ទទឹង ហើយ​ក៏​រាយការណ៍​ប្រាប់​នគរបាល​ឃុំ​ស្គុះ​។

លោក​បន្តថា បន្ទាប់ពី​ទទួល​ព័ត៌មាន​នេះ​សមត្ថកិច្ច​របស់​លោក​ផ្នែក​ព្រហ្មទណ្ឌ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​។ ​ពេល​នោះ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ និង​គ្រូពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ​បាន​ធ្វើ​កោសល្យវិច័យ និង​បាន​សន្និដ្ឋាន​រួមគ្នា​ថា សព​ស្ត្រី​នោះ​ស្លាប់​ដោយ​អំពើ​មនុស្សឃាត​​ ព្រោះ​នៅ​លើ​ក្បាល​សព​ផ្នែក​ខាង​ឆ្វេង​មាន​ស្នាម​បែក​។

លោក​បាន​បន្តថា ក្រោយពី​សមត្ថកិច្ច​ស្រាវជ្រាវ​ល្អិតល្អន់​ទើប​ដឹងថា ស្ត្រី​រងគ្រោះ​ធ្លាប់​រាប់អាន​គ្នា​ជាមួយ​ជនសង្ស័យ​។ បន្ទាប់មក​លោក​ស្នងការ​ខេត្ត សម សាមួន បាន​សុំ​កិច្ចសហការ​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​។ លុះ​ស្រាវជ្រាវ​ពេញ​ ១ ​ថ្ងៃ ទើប​ឈានដល់​ការចាប់​ខ្លួន​បាន​នៅ​ថ្ងៃទី​ ២៧ កក្កដា នៅ​ភូមិ​ត្រស់សាលា សង្កាត់​ស្វាយក្រវាន់ ក្រុង​ច្បារមន​។

លោក​ប្រាប់​តាម​សម្តី​សារភាព​របស់​ជនសង្ស័យ​ថា រូបគេ​បាន​ស្គាល់​ស្ត្រី​រងគ្រោះ​ក្នុង​ខែ​ឧសភា ឆ្នាំ​ ២០២០ ដែល​ជនរងគ្រោះ​ជា​ស្ត្រី​មេម៉ាយ​គ្មាន​កូន​។

នៅក្នុង​ខែ​នោះ​ស្ត្រី​រងគ្រោះ​បាន​ពឹង​ជនសង្ស័យ​ឲ្យ​ជួយ​លក់​រថយន្ត​ប្រភេទ​បែន​ ១ ​គ្រឿង​។ ​បន្ទាប់ពី​លក់​រថយន្ត​បាន​លុយ​ ១៩ ០០០ ​ដុល្លារ ជនសង្ស័យ​ក៏បាន​ដក​យក​លុយ​នោះ​ចំនួន​ ១២ ០០០ ​ដុល្លារ​ទៅ​ទិញ​ម៉ូតូ​ ១ ​គ្រឿង​ម៉ាក​ Z KaVaski​។ តែ​ដោយសារ​ខ្លួន​គ្មាន​លុយ​សង​វិញ ក៏​បាន​រៀបចំ​គម្រោង​សម្លាប់​ស្ត្រី​រងគ្រោះ​តែម្ដង​។

លោក​បាន​បន្ត​តាម​សម្តី​ជនសង្ស័យ​ទៀតថា លុះ​នៅ​ថ្ងៃទី​ ២៦ ខែ​កក្កដា រូបគេ​បាន​ទូរស័ព្ទ​បបួល​ស្ត្រី​រងគ្រោះ​ទៅ​ដើរលេង​នៅ​ព្រៃភ្នំ​ទទឹង​ក្នុង​ភូមិ​អន្លង់ស្នោ​ (​កន្លែង​ប្រព្រឹត្ត​បទល្មើស​) ​ហើយ​ឆ្លៀតឱកាស​ដែល​ស្ត្រី​រងគ្រោះ​កំពុង​ភ្លេចខ្លួន រូបគេ​បាន​យក​ពិល​វាយ​ស្ត្រី​រងគ្រោះ​រហូត​បែកក្បាល​ស្លាប់ទៅ​។ ​

បន្ទាប់មក​រូបគេ​ក៏​យក​ជនរងគ្រោះ​ទៅ​ចងក​នឹង​ខ្សែ​នីឡុង​រួច​ព្យួរ​លើ​មែកឈើ​ (​ស្ថានភាព​សព​អង្គុយ​ផ្ទាល់​ដី​) ​ដើម្បី​បង្វែងដាន​ថា​​ស្លាប់​ដោយ​ចងក​។ ចំណែកឯ​ម៉ូតូ​ ១ ​គ្រឿង ម៉ាក​ហ្សូមឺ និង​គ្រឿងអលង្ការ​រួមមាន ប្លាទីន និង​ចិញ្ចៀនមាស​មួយចំនួន រូបគេ​​បាន​យក​រត់គេច​ខ្លួន​រហូត​ដល់​ថ្ងៃ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​៕